ភ្នំពេញ ៖ ដើមក្ងោក ១ដើម បានបាក់រលំសង្កត់ពីលើកង់បី ១គ្រឿង ហើយមែកដើមក្ងោក ទាក់ដៃចង្កូតម៉ូតូម្តាយកូន ២នាក់ ដួលរងរបួសថែមទៀត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ មេឃក្តៅ មិនមានខ្យល់នោះទេ ខណៈនោះមានម្តាយកូន២នាក់ កំពុងជិះម៉ូតូ ១គ្រឿង និងឃើញម៉ូតូកង់បី ១គ្រឿង បើកឆ្លងកាត់ចំណុចកើតហេតុ។ ស្របពេលនោះ ម៉ូតូកង់បី ក៏ឈប់ក្បែរដើមក្ងោកខាងលើ ដើម្បីរង់ចាំភ្ញៀវ។ ភ្លាមៗ ដើមក្ងោកខាងលើ បានបាក់រលំសង្កត់លើម៉ូតូកង់បី ១កំណាត់ខាងក្រោយ រងការខូចខាត ហើយគាប់ជួនពេលនោះ មែកដើមក្ងោក ទៅទាក់ដៃចង្កូតម៉ូតូម្តាយកូន ២នាក់ បណ្តាលឱ្យដួលរងរបួសស្រាលថែមទៀត។

ក្រោយកើតហេតុ អាជ្ញាធរបានចុះមកកាត់ដើមក្ងោក ដើម្បីសម្រួលចរាចរណ៍ កុំឱ្យកកស្ទះពលរដ្ឋធ្វើដំណើរ។ ចំណែកកង់បី រងការខូចខាត ត្រូវបានម្ចាស់យកទៅជួសជុលខ្លួនឯង៕

