ខេត្តព្រៃវែង ៖ រថយន្តធុនធំ ប្រភេទវ៉េអង ដឹកខ្សាច់ ១គ្រឿង បើកគេចម៉ូតូដួលនៅខាងមុខ ធ្វើឱ្យក្រឡាប់សង្កត់លើរថយន្ត Lexus GS-300 ១គ្រឿង ដែលកំពុងចតនៅចិញ្ចើមផ្លូវ រៀបចេញដំណើរ បណ្តាលឱ្យម្ចាស់រថយន្តរងគ្រោះ ២នាក់ប្តីប្រពន្ធ រងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៦ មិថុនានៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់បែក។

រថយន្តបង្កហេតុ ប្រភេទវ៉េអង សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កោះកុង 0700 ចំណែករថយន្តរងគ្រោះ ជាប្រភេទរថយន្ត ម៉ាក Lexus GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CA-3613 បើកបរដោយបុរសម្នាក់ជាជនជាតិប៉ាគីស្ថាន និងមានប្រពន្ធជាជនជាតិខ្មែរ។

តាមស្ត្រីជាប្រពន្ធម្ចាស់រថយន្ត Lexus GS-300 បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្តី បានជិះ រថយន្តចេញពីក្រុងបាវិត សំដៅទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានឈប់រថយន្ត ដើម្បីប្តូរឱ្យប្តីបើក ម្តង នៅពេលប្តីឡើងរថយន្ត រៀបចេញដំណើរហើយ ស្រាប់តែមានម៉ូតូ ១គ្រឿង បានដួលនៅខាងមុខរថយន្ត ផ្នែកខាងឆ្វេង ប្រហែល៥០ម៉ែត្រ ស្របពេលនោះមានរថយន្តវ៉េអង មួយគឿង ដឹកខ្សាច់ពេញរថយន្ត បើកមកដល់ គេចពីម៉ូតូដែលដួលនោះ រួចក៏រេចង្កូតកាច់ចង្កេះ ដាច់កន្ទុយក្រោយ ក្រឡាប់មកសង្កត់លើរថយន្តរបស់គាត់ ពាក់កណ្តាលរថយន្ត ផ្នែកខាងក្រោយតែម្តង តែសំណាងល្អ ប្តីប្រពន្ធគាត់ទាំង២នាក់ ជិះនៅខាងមុខ ទើបមិនបានគ្រោះថ្នាក់អ្វីធ្ងន់ គ្រាន់តែរងរបួសស្រាល។

បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តវ៉េអង មិនស្គាល់អត្តសញ្ញាណ បានចុះពីរថយន្ត រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងហេតុ ហើយអ្នកដួលម៉ូតូ ក៏លើកម៉ូតូបើកចេញពីកន្លែងកើតហេតុទៅបាត់អស់ផងដែរ។

ក្រោយកើតហេតុមួយសន្ទុះ សមត្ថកិច្ចបានទៅដល់ ជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងយករថយន្តទាំង២ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
