ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ មន្ត្រីអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ចតាមបណ្តាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្ត្រស្រាវជ្រាវនិងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស (អូសទាញទៅរៀបការ) ដោយឃាត់ដំណើរឆ្លងដែន សរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ ១០៤នាក់ និងជនជាតិចិន ១៤នាក់។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ដែលភាគច្រើនត្រូវបានគេអូសទាញឱ្យទៅរៀបការ ដោយខុសច្បាប់ ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។

ឆ្លើយនឹងសំណួរថា តើមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រើវិធីសាស្ត្របែបណា ទើបអាចសន្និដ្ឋានដឹងអំពីរឿងនេះ? លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានឱ្យដឹងថា ករណីសង្ស័យបានស្តែងឡើងជាអាទិ៍ ស្ត្រីរងគ្រោះមានវ័យក្មេងៗ ខ្លះធ្វើដំណើរទៅក្រៅប្រទេស ដោយគ្មានគោលដៅ ឬថាទៅដើរលេង តែមិនដឹងដើរលេងនៅឯណាឱ្យពិតប្រាកដ ឬខ្លះគ្មានថវិកាសមស្របសម្រាប់ធ្វើដំណើរទៅក្រៅប្រទេស និងខ្លះទៀតស្តែងអាការមិនប្រក្រតីនៅចំពោះមុខសមត្ថកិច្ចតែម្តង។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចជំនាញបានសាកសួរព័ត៌មានបឋម និងរាយការណ៍ទៅមន្ត្រីជំនាញ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសាកសួរនិងស្រាវជ្រាវលម្អិត រហូតឈានទៅសន្និដ្ឋានបានថា អ្នកទាំងនោះ បានចាញ់បោកមេខ្យល់ ដោយអូសទាញ លួងលោម ទាំងតាមរយៈចិត្តសាស្ត្រ ទឹកប្រាក់ សម្ភារៈនិយម និងការផ្តល់ក្តីសង្ឃឹមផ្សេងៗ។
លោកសុខ វាសនា បានលើកឡើងថា ក្នុងនាមជាសេនាធិការរបស់ក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងច្រក ទ្វារព្រំដែន ស្របតាមបទបញ្ជាដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការទទួលដឹកនាំអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់គ្រប់ជ្រុងជ្រោយរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរួមចំណែកទាំងការទប់ស្កាត់និងការសម្របសម្រួលទទួលស្ត្រីខ្មែរ ដែលជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស រួមទាំងករណីអូសទាញ បោកបញ្ឆោតទៅរៀបការជាមួយជនបរទេស។

ជាក់ស្តែង រយៈពេល ៦ខែ ដូចគ្នានេះ មន្ត្រីអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បានផ្តល់កិច្ចសហការសម្រប សម្រួលទទួលស្ត្រីខ្មែរ ជាជនរងគ្រោះ នៃអំពើជួញដូរមនុស្សនៅប្រទេសចិនចំនួន៧៨ករណី។ តាមលោកអគ្គនាយកអន្តោប្រវេសន៍ ចំណោមករណីសម្របសម្រួលទទួល ទាំង៧៨នោះ គឺមានមនុស្សសរុប ១៨៨នាក់ ក្នុងនោះស្ត្រីរងគ្រោះ មានរហូតដល់ទៅ ១៨៧នាក់។ ក្នុងន័យនេះ លោកបានអំពាវនាវប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ រួមគ្នាអប់រំផ្សព្វផ្សាយបង្កើតទប់ស្កាត់បញ្ហានេះ ជាពិសេសស្ត្រី ត្រូវប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញ និងត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តចេញទៅក្រៅប្រទេស តាមបុគ្គលមួយចំនួន៕