ភ្នំពេញ ៖ លោកឪ ស៊ុច ជាព្រះសង្ឃថៃ ដើមកំណើតខ្មែរ នៅខេត្តបុរីរម្យ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តមកដល់ទឹកនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការស្វាគមន៍ពីអាជ្ញាធរ ព្រះសង្ឃ តាជី យាយជី រាប់រយនាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្តនិងជូនដំណើរព្រះតេជគុណ លោកឪ ស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកដល់វត្តនាគវ័ន ក្នុងខណ្ឌ ទួលគោក នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។
ព្រះគ្រូនាគសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត ព្រះសង្ឃគង់នៅវត្តនាគវ័ន ដែលបាននិមន្តទៅទទួលលោកឪ ស៊ុច ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកនោះ បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គថា “ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ក្រោមម្លប់សន្តិភាព លោកឱ ស៊ុច ហៅលោកតា ស៊ុច បាននិមន្តមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ“ ។

ជាមួយគ្នានោះដែរ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក អមដំណើរឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថាសុខុមោ នី សុ វណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន និមន្តនិងអញ្ជើញទទួលដំណើរនិមន្តរបស់លោកឪ ស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង មកដល់វត្តនាគវ័ន ប្រកបដោយសុខសុត្ថិភាព“ ។

គួរបញ្ជាក់ថា ក្នុងការនិមន្តមកដល់ប្រទេសកម្ពុជា នេះ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោឪ ស៊ុច បានសម្រេចព្រះទ័យមិននិមន្តទៅប្រទេសថៃ វិញជាដាច់ខាត ។ ការនិមន្តមកប្រទេសកម្ពុជា ពីសំណាក់លោកតា ស៊ុច នេះដែរ បានធ្វើឡើងក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកឪ ស៊ុច បានថ្លែងបិណ្ឌបាតសុំមកគង់នៅក្នុងប្រទេសកម្ពុជា ដោយសារតែព្រះអង្គ រងការរើសអើងពីជនជាតិថៃ បន្ទាប់ពីព្រះអង្គរិះគន់ពលរដ្ឋថៃ ដើមកំណើតខ្មែរ មួយចំនួន វង្វេងប្រវត្តិសាស្ត្រ ភ្លេចដើមកំណើតខ្លួនជាខ្មែរ។

សម្តេចហ៊ុន ម៉ាណែត បានបានបញ្ជាក់នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេច សូមស្វាគមន៍ព្រះ តេជគុណ (លោកឪ ស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះលោកឪ ស៊ុច ទេ បើសិនជាមានព្រះតេជគុណ ព្រះថេរានុត្ថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេច សូមនិមន្តនិងអញ្ជើញព្រះតេជគុណ និងបងប្អូន មករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ។

ទាក់ទងនឹងការទទួលស្វាគមន៍លោកឪ ស៊ុច សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា មិនមែនជារឿងថ្មីនោះឡើយ ព្រោះកម្ពុជា ក៏ធ្លាប់ជួយដល់អតីត នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ ផងដែរ ។ សម្ដេច ថែមទាំងបញ្ជាក់ថា សម្ដេច នឹងទៅថ្វាយបង្គំលោកឪ ស៊ុច នៅពេលព្រះអង្គ និមន្តមកដល់កម្ពុជា ។
ជាការឆ្លើយតបនឹងការស្វាគមន៍របស់នាយករដ្ឋមន្រ្តី ក៏ដូចជាការស្វាគមន៍សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យព្រះអង្គគង់នៅប្រទេសកម្ពុជា ជាអចិន្រ្តៃយ៍ និងថៃមទាំងបង្ហើបថា នឹងទូលថ្វាយព្រះមហាក្សត្រ ប្រោសព្រះរាជទានផ្ដល់សញ្ជាតិខ្មែរ ដល់ព្រះអង្គនោះ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច បានថ្លែងអំណរគុណតាមបណ្ដាញសង្គម ក្នុងពេលដែលព្រះអង្គកំពុងគង់នៅក្រៅប្រទេស និងត្រៀមនិមន្តមកកម្ពុជា ។

ដោយឡែក ពេលមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ព្រះតេជគុណ មហានរិន្ទ ថន ហៅលោកឪ ស៊ុច បានមានថេរដីកាប្រាប់អ្នកសារព័ត៌មាន នៅឯអាកាសយានអន្តរជាតិភ្នំពេញ ដោយអរគុណសម្ដេចហ៊ុន ម៉ាណែត និងសម្ដេចហ៊ុន សែន សាជាថ្មីថា “ អរគុណដល់សម្ដេចតេជោ សម្ដេចនាយករដ្ឋមន្រ្តី អរគុណដល់ពុទ្ធបរិស័ទ យាយតា ឯកឧត្ដម ឧកញ៉ា គ្រប់គ្នា បានមកទទួលថ្ងៃនេះ ត្រេកអរខ្លាំង! សប្បាយចិត្តខ្លាំង! ព្រោះចុះពីកប៉ាល់ហោះមក ហត់នឿយ និយាយមិនចេញទេណា អាត្មាសុំអភ័យផង“ ។
យ៉ាងណា ជាមួយនឹងការថ្លែងអំណរគុណ និងត្រូវនិមន្តទៅគង់នៅវត្តនាគវ័ន ជាបណ្ដោះអាសន្ន លោកឪ ស៊ុច បានបញ្ជាក់ថា ព្រះអង្គមិនទាន់មានគម្រោងទៅគង់នៅទីអារាមណាមួយក្នុងប្រទេសកម្ពុជា ឲ្យប្រាកដទេ ព្រោះត្រូវពិភាក្សាជាមួយលេខារបស់ព្រះអង្គសិន ។

លោកឪ ស៊ុច បានមានថេរដីកាបន្តថា “អាត្មាមិនទាន់មាន Plane ទេ ទី១ ត្រូវពិភាក្សានឹងលេខា ហើយនិងកូនធម៌ សុវណ្ណមុនីរ៉េត សិន ហើយចាំមើលសិន ។ ប៉ុន្តែជុំវិញការស្វាគមន៍អាត្មាមកប្រទេសកម្ពុជា នេះ សុំអរព្រះគុណច្រើន ដែលព្រះអង្គ មានមេត្តា ដូចជាពួកអាត្មា គ្រាន់តែជាព្រះសង្ឃមួយតូចៗដែរ អត់មានយសស័ក្ដិអីធំ មានតំណែងអីគេទេ កើតជាលោកសាមញ្ញ អាត្មាកូនអ្នកក្រ ស៊ី (ឆាន់) អង្ករបុក ដូចតែគេ ហើយចុះថ្ងៃនេះ បានកិត្តិយសពីសម្ដេច មេត្តាខ្លាំងអ៊ីចេះ ត្រេកអរខ្លាំង និយាយមិនចេញ អរគុណច្រើន ពរ!“ ៕ កុលបុត្រ