ខេត្តតាកែវ ៖ ក្រុមអាជីវកររកស៊ី ដែលប្រកបរបរដឹកទំនិញសំពីងសំពោងតាមរថយន្តសាំងយ៉ុង ពីព្រំដែន កម្ពុជា-វៀតណាម និងច្រកនានា តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ យកទៅលក់នៅតាមបណ្តា-ខេត្តក្រុងនានា បានលើកគ្នាមកស្នើសុំអភិបាលខេត្តតាកែវ ដើម្បីសុំអន្តរាគមន៍សម្រួលឱ្យពួកគាត់បើកគូទរថយន្ត ដើម្បីដាក់ទំនិញបន្ថែម។

ការលើកគ្នាមកសុំអន្តរាគមន៍ពីសំណាក់អភិបាលខេត្តតាកែវ របស់ក្រុមអាជីវករដឹកទំនិញពីព្រំដែននេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចមុខសាលាខេត្តតាកែវ។
ក្រុមអាជីវករ ដែលមានគ្នាប្រមាណជាង៤០គ្រួសារ បានបញ្ជាក់ថា គោលបំណងរបស់ពួកគាត់ចង់ស្នើសុំលោកអភិបាលខេត្តតាកែវ ឱ្យជួយសម្របសម្រួលក្នុងការបើកគូទរថយន្ត ដើម្បីដាក់ទំនិញបន្ថែម ព្រោះពួកគាត់បានត្អូញត្អែរថា ក្រោយពីមានការទប់ស្កាត់និងលុបបំបាត់ចំពោះយានយន្តដឹកសំពីងសំពោងគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តតាកែវ ពួកគាត់ពិតជាមានការលំបាកក្នុងការរកប្រាក់ចំណេញណាស់ ព្រោះរាល់ការដឹកទំនិញដែលនាំចូលតាមច្រកនានាតាមព្រំដែន ជាប់ប្រទេសវៀតណាម តាមរយៈរថយន្តសាំងយ៉ុង របស់ពួកគាត់ ត្រូវបង់ពន្ធជាច្រើនកន្លែង ទម្រាំដល់ទីតាំង ដោយចំណាយអស់ជាងម្ភៃម៉ឺនរៀល ទៅ៣០ម៉ឺនរៀលឯណោះ ដូច្នេះពួកគាត់ទូទាក់គ្មានប្រាក់ចំណេញទេ។

ជុំវិញករណីនេះ គេឃើញវត្តមានលោកញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងលោកវ៉ី សំណាង អភិបាលខេត្តតាកែវ បានចុះមកជួបក្រុមអាជីវករទាំងជាង៤០គ្រួសារ ដោយលោកបានសម្របសម្រួលឱ្យបងប្អូនជាតំណាងអាជីវករ ធ្វើការដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ប្រភេទរថយន្ត ទំនិញ និងស្លាកលេខរថយន្ត ដើម្បីរដ្ឋបាលខេត្ត ធ្វើការប្រជុំពិក្សាគ្នា និងត្រួតពិនិត្យមើលនៅពេលក្រោយ ដោយឱ្យបងប្អូនអាជីវករវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនសិន៕