ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញរដ្ឋបាលជលផល បានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា កម្លាំងសហការ រួមមាន មន្ត្រីរដ្ឋបាលជលផល យោធាជើងគោក សឹករងខេត្ត អាវុធហត្ថស្រុកក្រគរ បានចេញល្បាតត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ជលផល) នារដូវបិទនេសាទ លទ្ធផលបង្ក្រាបរថយន្ត ១គ្រឿង មានផ្ទុកផលនេសាទ (ខ្ចៅ) ចំនួន១៥០បាវ ដោយគ្មានលិខិតអនុញ្ញាត។

មន្ត្រីរដ្ឋបាលជលផល ដដែល ឱ្យដឹងបន្តថា ករណីបង្ក្រាបរថយន្តដឹកធនធានជលផលនេះ ធ្វើឡើងស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ។

ប្រភពខាងលើ បានបញ្ជាក់ថា ខ្ចៅ ចំនួន១៥០បាវ ដែលបង្ក្រាបបានខាងលើ ត្រូវបានសមត្ថកិច្ច សម្រេចដឹកយកទៅចាក់ចូលទឹកបឹងទន្លេសាបវិញ។ ចំណែកវត្ថុតាង រថយន្ត ១គ្រឿង ម៉ាកនីសសាន់ ចង្កូតស្តាំ ពណ៌ខៀវ ពាក់ ស្លាកលេខ កំពង់ឆ្នាំង KCHH-0153 ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន នៅផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីរង់ចាំបន្តនីតិវិធី៕
