ភ្នំពេញ ៖ ភោជនីយដ្ឋានចិន មួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ អស់រយៈពេលប្រមាណ ១យប់១ថ្ងៃ បង្កឱ្យខូចខាតអស់ទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ អស់ចំនួនជាង ៣០០ឡាន ទើបអាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង ក្នុងនោះក៏មានមន្ត្រីនគរបាលពន្លត់អគ្គិភ័យម្នាក់ បានរងរបួសផងដែរ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៥និង២៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅបុរីអ័រគីដេ ដឹប៉ូតានិចស៊ីធី ចំណុចភោជនីយដ្ឋានស៊ីហុងឡឺ អគារលេខ១៩៨ ផ្លូវរុក្ខវិថីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ រហូតមកដល់ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចទប់ស្កាត់បានទាំងស្រុង។
ហាងតែចិន និងភោជនីយដ្ឋាន ដែលត្រូវភ្លើងឆេះ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ១៥ម៉ែត្រ គុណនឹង ១៨ម៉ែត្រ កម្ពស់៤ជាន់ ដែលមានម្ចាស់ឈ្មោះ HUNG ZHI CHENG ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិនិ។

តាមប្រភពសាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើង បានឆាប់ឆេះហាងតែចិនខាងលើ ផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង នាំគ្នាជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គោភ័យ ចុះអន្តរាគមន៍។ នៅក្នុងហេតុការណ៍នោះដែរ ឃើញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានចុះអន្តរាគមន៍បាញ់ពន្លត់ តាំងពីព្រឹករហូតដល់វេលាយប់ មិនទាន់រលត់នៅឡើយ។
តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចទប់ស្កាត់បាន ដោយប្រើរយៈពេល អស់ជាង ៣១ម៉ោង។ តែអគារចិន ដែលត្រូវភ្លើងឆេះខាងលើ មានលក្ខណៈស្មុគស្មាញ ដោយមានជញ្ជាំងក្រាស់ៗជាច្រើនជាន់ និងមានសម្ភារៈច្រើន និងមិនមានទ្វារច្រើននោះទេ។ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តជណ្តើរ និងរថយន្តខួងទម្លុះជញ្ជាំង ដើម្បីបាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣២០ឡាន ស្មើនឹង ១៩២០ម៉ែត្រគូប និងមានរថយន្តជំនួយរបស់កងពលតូចលេខ៧០ (៧១១) ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ១៣ឡាន ស្មើនឹង ១៣០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ៣០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីអ័រគីដេ ចំនួន២គ្រឿង ប្រើប្រាស់ទឹក អស់១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ចំនួន១គ្រឿង ពុំបានប្រើ ប្រាស់ទឹក។

តាមប្រភពសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា អគ្គិភ័យនេះបណ្តាឱ្យអគារភោជនីយដ្ឋានទាំងមូល រួមទាំងសម្ភារៈ ត្រូវភ្លើងឆេះ ខូចខាតទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ទោះបីជាយ៉ាងណា ពុំទាន់ដឹងពីទំហំនៃការខូចខាត គិតជាប្រាក់ អស់ប៉ុន្មានឡើយ។

មូលហេតុនៃការកើតមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយនៅក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យមន្ត្រីជាប់កិច្ចសន្យាម្នាក់ បានរងរបួសស្រាល៕