Thursday, August 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ចោរឆក់ទូរស័ព្ទ ជាប់ខ្នោះទាំង២

គូស្នេហ៍ចោរឆក់ទូរស័ព្ទ ជាប់ខ្នោះទាំង២

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍វ័យក្មេង ១គូ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច រួចរត់គេចទៅលាក់ខ្លួននៅក្នុងបន្ទប់ជួល អស់រយៈពេលជិត ១០ថ្ងៃ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានទង២នាក់ យកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខរូបសំណាកតារែកទឹកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ រហូតមកដល់វេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង។

គូស្នេហ៍ជាចោរឆក់ ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះកូប ម៉ាត់សាឡោះ ជនជាតិខ្មែរអ៊ិស្លាម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងទី២-ឈ្មោះវឿន សម្ផស្ស ភេទ ស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះឡេង គីមហ័ង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ (ប្រុស១ ស្រី១) ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនស្គាល់ស៊េរីឆ្នាំ និងស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាង ១គ្រឿង ម៉ាក iPhone ដែលនាងដាក់ក្នុងឃ្លុបម៉ូតូផ្នែកខាងស្តាំ ខណៈដែលនាងកំពុងឈប់ម៉ូតូ រង់ចាំឆ្លងផ្លូវ នៅចំណុចមុខរូបសំណាកតា រែកទឹក ត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ និងប៉ុស្តិ៍ច្បារមន បានទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ។ លុះរហូតមកដល់វេលាម៉ោងប្រមាណ ១០និង១៥នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ (គូស្នេហ៍) ខាងលើ នៅចំណុចបន្ទប់ជួល ក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង។

នៅចំពោះមុខសមត្ថកិច្ច គូស្នេហ៍ជាចោរឆក់ទូរស័ព្ទខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យជាគូស្នេហ៍ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅផែននគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកទូរស័ព្ទ ត្រូវបានដកហូតប្រគល់ជូនជនរគ្រោះវិញ៕

RELATED ARTICLES