ខេត្តសៀមរាប ៖ ក្រោយកើតមានសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋខ្មែរ ជិត២០ម៉ឺននាក់ ចាកចេញពីផ្ទះសម្បែង ទៅរកកន្លែងសុវត្ថិភាព រៀបចំដោយអាជ្ញាធរ ក្នុងនោះមានបុរស-ស្ត្រី ២នាក់ ក្រោយ ពីភៀសសឹក ចូលមកស្នាក់នៅទីសុវត្ថិភាពផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប និងបានជួបប្រាស្រ័យទាក់ទងគ្នាមួយរយៈ ក៏កើតមានចិត្តប្រតិព័ទ្ធ ក្លាយជាសេចក្តីស្នេហា រហូតត្រូវបានអាជ្ញាធរនិងសប្បុរសជន សម្រេចជួយផ្សំផ្គុំ សែនព្រេនឱ្យក្លាយជាប្តីប្រពន្ធ មុនវិលត្រឡប់ទៅកាន់លំនៅឋានវិញ។


គូស្នេហ៍ជាជនភៀសសឹកនេះ កូនកំលោះ មានឈ្មោះផេង ផា អាយុ៤៩ឆ្នាំ ភៀសសឹកចេញពីស្រុកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលខាងកូនក្រមុំ មានឈ្មោះហួរ សៀងណាន អាយុ៣៧ឆ្នាំ ភៀសសឹក ចេញពីស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គូស្នេហ៍ភៀសសឹកខាងលើ ត្រូវបានអាជ្ញាធរ និងសប្បុរសជយន ជួយរៀបចំពិធីសែនព្រេនជូន កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងជំរំជនភៀសសឹក ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

គួរបញ្ជាក់ថា ផ្សាររាត្រីផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀត ដែលអាជ្ញាធរបានរៀបចំឱ្យជនភៀសសឹកស្នាក់អាស្រ័យកំលុងពេលសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ។ ផ្សាររាត្រី ជាទីតាំងឯកជនគ្រប់គ្រង ដោយលោកទិន ការវិវឌ្ឍន៍ និងលោកឡុង សត្យា។

ផ្សារនេះ មានជនភៀសសឹកសរុប ៨៣០នាក់ ដែលក្នុងនោះមានចាស់ជរា និងក្មេងៗផងដែរ។ ទីតាំងនេះ បានបើកទទួលជនភៀសសឹក ចូលមកស្នាក់នៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។ ក្នុងកអំឡងពេលស្នាក់នៅទីតាំងនេះ ជនភៀសសឹក ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ ក៏ដូចជាសប្បុរសជននានាជាច្រើន។

នៅទីតាំងនេះ មានការផ្តល់ទឹកស្អាត អគ្គិសនី និងបន្ទប់អនាម័យ ដោយមិនមានគិតថ្លៃអ្វីទាំងអស់។ បន្ថែមពីលើនោះ អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ បានកៀរគរសប្បុរសជន នាំយកស្បៀងអាហារ និងអំ ណោយផ្សេងចែកជូនជាបន្តបន្ទាប់ផងដែរ ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់។

ក្រៅពីផ្តល់កិច្ចគាំពារក្នុងកំលុងពេលស្នាក់នៅរយៈពេលប្រមាណកន្លះខែហើយនោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ជាថ្ងៃដែលប្រជាពលរដ្ឋភៀសសឹក ត្រឡប់ទៅកាន់លំនៅឋានវិញ នោះ លោកស្រី ម៉ៅ សុខឃាង អភិ បាលរងក្រុងសៀមរាប និងលោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ ព្រមទាំងលោក ទិន ការវិវឌ្ឍន៍ និងលោក ឡុង សត្យា ក៏ដូចជាសប្បុរសជននានា បានរួមគ្នារៀបចំពិធីជូនដំណើរប្រជាពលរដ្ឋភៀសសឹក ដោយរៀបចំពិធីពិសានំបញ្ចុក នំប៉័ងសម្លការីសាច់មាន់ និងបាញ់ហយ ផងដែរ។

ការរៀបចំនេះ បានស្តែងឱ្យឃើញនូវមនោសញ្ចេតនាស្រឡាញ់ ជួយយកអាសាគ្នា រវាងគ្រួសារខ្មែរ ក្នុងពេលជួបអាសន្ន ហើយក៏ជាការផ្តល់នូវភាពកក់ក្តៅដល់ជនភៀសសឹក ក៏ដូចជាការអបអរនូវសុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ននៅផ្សាររាត្រីនេះ មានជនភៀសសឹក មួយគូ បានចាប់ប្រតិព័ទ្ធបង្កើត បាននូវមនោសញ្ចេតនាស្នេហារវាងគ្នាផងដែរ។ ដោយឃើញការស្រឡាញ់ប្រតិព័ទ្ធរបស់ជនភៀសសឹកមួយគូនេះ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរ ក៏ដូចជាគណៈកម្មការផ្សាររាត្រី បានរៀបចំពិធីសែនព្រេនជូនពួកគាត់ យកគ្នាជាប្តីប្រពន្ធ មុនត្រឡប់ទៅលំនៅឋានវិញ៕

