ខេត្តតាកែវ ៖ ចោរស្រីដៃស្អិត ជាមុខសញ្ញាសកម្មលួចដោះគ្រឿងអលង្ការ ពីក្មេងៗសិស្សសាលាតូចៗ ទីបំផុតត្រូវអស់លក្ខណ៍ បន្ទាប់ពីធ្វើសកម្មភាពដោះយកខ្សែក ១ខ្សែ ពីក្មេងស្រីជាសិស្សសាលាមត្តេយ្យម្នាក់ តែរត់គេចមិនបានប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចជំនាញតាម ចាប់ខ្លួនបាន នាំយកកចាត់ការតាមច្បាប់។

ករណីលួចដោះគ្រឿងអលង្ការក្មេងសិស្សសាលានេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចសាលាមត្តេយ្យសហគមន៍ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជៀប កង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះសឿន ស្រីមាន អាយុ៤ឆ្នាំ ជាសិស្សសាលាមត្តេយ្យ មានលំនៅ ភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានករណីអំពើលួច (លួចបន្លំដោះគ្រឿងអលង្ការក្មេងសិស្សសាលា) កើតឡើងនៅចំណុចសាលាមតេយ្យសហគមន៍ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះជៀប កង ភេទស្រី (ជាមុខសញ្ញាដើរធ្វើសកម្មភាពលួចដោះគ្រឿងអលង្ការ ពីក្មេងៗសិស្សសាលាតូចៗ ជាច្រើនករណី)។

ប្រភពដដែល បន្តថា ជនសង្ស័យ បានប្រើប្រាស់មធ្យោបាយធ្វើដំណើរ ម៉ូតូ ចំនួន១គ្រឿង ម៉ាកស៊ុយស៊ូគី លែត ស៊េរីឆ្នាំ២០១៩ ពណ៌ស-ក្រហម ពាក់ស្លាកលេខ តាកែវ 1G-9115 បានធ្វើសកម្មភាពប្រើល្បិចចូលលួចដោះគ្រឿងអលង្ការ ខ្សែកប្លាទីន ចំនួន១ខ្សែ របស់កុមារីរងគ្រោះឈ្មោះសឿន ស្រីមាន អាយុ៤ឆ្នាំ ជាសិស្សសាលាមត្តេយ្យ នៅក្នុងបរិវេណសាលាមត្តេយ្យសហគមន៍ត្រពាំងឈូក ពេលកុមារីរងគ្រោះ ដល់ម៉ោងសម្រាកចេញលេង។ ក្រោយពេលធ្វើសកម្មភាពបានសម្រេចហើយ ជនសង្ស័យបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង។
ក្រោយកើតហេតុ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយភ្លាមនោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាង ខ្សែកប្លាទីន ចំនួន១ខ្សែ ត្រូវបានប្រគល់ឱ្យឈ្មោះផេ សំណាង ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះវិញ៕