ភ្នំពេញៈ ក្មេងស្រីវ័យ៥ឆ្នាំម្នាក់ ដែលកើតមានជំងឺផ្តាសាយបក្សី (H5N1) ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ជា ទទួលព្យាបាល សង្គ្រោះជីវិតផុតពីគ្រោះថ្នាក់ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយក្រុមគ្រួសារ។

យោងតាមប្រភពមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា កុមារីម្នាក់ អាយុ៥ឆ្នាំ ត្រូវបានបញ្ជូនមកពីខេត្តតាកែវ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី (H5N1) បានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថាភាពធ្ងន់ធ្ងរ។
កុមារីត្រូវបានសង្រ្គោះជីវិត ដោយថែទាំព្យាបាល អស់រយៈពេល១៥ថ្ងៃ។ ថ្ងៃនេះ ក្មេងស្រី បានរួចផុតពីគ្រោះ ថ្នាក់ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយម្តាយ។

ជាមួយគ្នានេះដែរ មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ កុំយកមាន់-ទាស្លាប់ មកទទួលទាន ព្រោះអាចបណ្តាលឱ្យឆ្លងវីរុស H5N1 (ផ្តាសាយបក្សី) និងរលាកសួតធ្ងន់ ពិបាកព្យា បាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ទន្ទឹមនឹងនេះ ត្រូវមេត្តាស្តាប់និងគោរពតាមនិយាមការពារនៃការចម្លងរោគ របស់ក្រសួងសុខាភិបាល ពេលមានមាន់-ទាឈឺងាប់៕