Thursday, August 28, 2025
Homeព័ត៌មានជាតិកំហឹងជាតិនិយមខ្មែរ បណ្ឌិតសូ ណារ៉ូ រំលឹកមេរៀនចាស់ សូមកុំឱ្យវិលត្រឡប់

កំហឹងជាតិនិយមខ្មែរ បណ្ឌិតសូ ណារ៉ូ រំលឹកមេរៀនចាស់ សូមកុំឱ្យវិលត្រឡប់

ភ្នំពេញ ៖ បន្ទាប់ពីក្រុមប្រឆាំង និងមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស បានប្រតិកម្មខឹង ជេរអភិបាលខេត្តបន្ទាយមានជ័យ រឿងប្រើអំណាច ហាម និងព្រមានអ្នកកាសែត មិនឲ្យ Live (ផ្សាយបន្តផ្ទាល់) នៅតំបន់ព្រំដែនភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវទាហានថៃ ឈ្លានពាន យកលួសបន្លា មករាយព័ទ្ធយកដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរ ហើយត្រូវប្រជាពលរដ្ឋខ្មែរ នៅតំបន់នោះ និងតំបន់ផ្សេងទៀត ចេញតវ៉ា ទប់ស្កាត់ ព្រមទាំងរុះរើបន្លាលួសរបស់ទាហានថៃ ចេញវិញនោះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិត សូ ណារ៉ូ បានរំលឹកមេរៀនចាស់ កាលពីឆ្នាំ២០០៣ ដែលប្រជាពលរដ្ឋខ្មែរ នាំគ្នាធ្វើកុបកម្ម វ៉ៃកម្ទេច និងដុតស្ថានទូតថៃ ប្រចាំកម្ពុជា ដោយសារតែកំហឹងជាតិនិយម ចំពោះតារាសម្ដែងថៃ ស៊ុវណាន់ ខុងយីង ហៅផ្កាយព្រឹក និយាយថា ប្រាសាទអង្គរវត្ត អត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រទេសខ្លួននោះ ។ លោកបណ្ឌិត សូ ណារ៉ូ អំពាវនាវថា សូមកុំឲ្យកំហឹងជាតិនិយមបែបនេះ វិលត្រលប់មកវិញឲ្យសោះ ព្រោះវាធ្វើឲ្យខ្មែរ ខាតធំណាស់ ខណៈដែលពេលនេះ កម្ពុជា ព្យាយាមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ជាមួយប្រទេសថៃ ដើម្បីឲ្យស្ថានការណ៍វិលទៅរកប្រក្រតីភាពវិញ។

លោកបណ្ឌិត សូ ណារ៉ូ បានបង្ហោះរូបភាពបាតុករខ្មែរ វាយនិងដុតស្ថានទូតថៃ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៣ នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា “មេរៀនចាស់ សូមកុំឱ្យវិលត្រឡប់! នាខែមករា ២០០៣ តួកុនដ៏ល្បីរបស់ថៃ នាងខុងយីង បាននិយាយប្រមាថថា ប្រាសាទអង្គរវត្ត ជារបស់ថៃ។ បើចង់ឱ្យគាត់ទៅសម្ដែងនៅស្រុកខ្មែរ ត្រូវប្រគល់អង្គរវត្ត ឱ្យមកថៃ វិញ។ ការនិយាយប្រមាថបែបនេះ ដែលក្រោយមក នាងបានបដិសេធ បានដុតកំហឹងជាតិនិយមខ្មែរ ដ៏ខ្លាំងក្លា រហូតដល់នាំគ្នាធ្វើបាតុកម្មប្រឆាំងស្ថានទូតថៃ នៅទីក្រុងភ្នំពេញ យ៉ាងក្តៅគគុក។ ពេលនោះ មានស្ថានីយវិទ្យុផ្សាយសំឡេងដ៏ល្បីមួយ បានផ្សាយបន្តផ្ទាល់ live រហូត អំពីព្រឹត្តិការណ៍បាតុកម្មជាតិនិយម ប្រឆាំងទូតថៃ។ ស្រាប់តែគ្រានោះ ខ្ញុំអង្គុយស្តាប់នៅផ្ទះ បានឮវិទ្យុផ្សាយព័ត៌មានថា ពួកបាតុករថៃ កំពុងធ្វើបាតុកម្មប្រឆាំងស្ថានទូតខ្មែរ នៅទីក្រុងបាងកក បាននាំគ្នាដុតស្ថានទូតខ្មែរយើងហើយ!!! ដំណឹងនេះ បានជះកំហឹងឆាបឆេះជាតិនិយម ដល់បាតុករខ្មែរ ដល់កម្រិតកំពូល។ ពួកគេក៏សម្រុកចូលបំណងសងសឹក ដុតស្ថានទូតថៃ ឱ្យឆេះខ្ទេច។ មិនតែប៉ុណ្ណោះ ពួកជាតិនិយមជ្រុល និងពួកឱកាសនិយមជាច្រើន បាននាំគ្នាទៅវាយបំផ្លាញ លួចទំនិញ សម្ភារៈពីបណ្តាក្រុមហ៊ុនថៃ នៅជុំវិញទីក្រុងភ្នំពេញ ទៀតផង រហូតដល់អាជ្ញាធរក្រុង បានបាញ់បង្រ្កាប ទើបចប់ ។ ក្រោយមក ទើបដឹងថា ដំណឹងបាតុករថៃ ដុតស្ថានទូតខ្មែរ នៅថៃ ជាដំណឹងចចាមអារ៉ាម មិនពិត។ ពេលនោះ អង្ករ បានក្លាយជាបាយ ខ្មែរយើងត្រូវចេញសងប្រាក់ ឱ្យស្ថានទូត និងបណ្តាក្រុមហ៊ុនថៃ អស់ជាច្រើនលានដុល្លារ ក្នុងគ្រាប្រទេសកម្ពុជា យើងនៅក្រនៅឡើយ ហើយកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជា ត្រូវខូចខាត“ ។

លោកបណ្ឌិត សូ ណារ៉ូ បន្តថា “មេរៀនដ៏អាក្រក់នៃការផ្សាយបន្តផ្ទាល់ live ដែលដុតកំហឹងមហាជន ក្នុងគ្រាដែលកំហឹងជាតិនិយម ដែលត្រូវតួកុនថៃ មើលងាយខ្មែរ កំពុងតែក្តៅស្រាប់ផងនោះ វាងាយនឹងឆាបឆេះជាភ្លើងកំហឹងជាតិសាសន៍ណាស់ សូមបងប្អូនអ្នកស្នេហាជាតិខ្មែរ គួរចងចាំ និងប្រុងប្រយ័ត្ន កុំឱ្យខ្មែរ ដើរថយក្រោយ។ ការផ្សាយព័ត៌មាន live ទាន់ហេតុការណ៍ គឺមានសារសំខាន់ តែបើការផ្សាយ live នោះ មានទាំងអត្ថាធិប្បាយ ឬព័ត៌មានក្លែងក្លាយណាមួយមកដុតកំហឹង បន្ថែមលើកំហឹងចំពោះចោរឈ្លានពាននោះ វាប្រៀបដូចធុង gas ប៉ះនឹងភ្លើង ផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ដូចភ្លើងដុតស្ថានទូតថៃ ឆ្នាំ២០០៣ អ៊ីចឹងដែរ។ ទម្រាំដឹងថា ព័ត៌មានផ្សាយបន្តផ្ទាល់ live នោះខុស គឺវាហួសពេលហើយ។ បច្ចុប្បន្ននេះ យើងកំពុងអនុវត្តបទឈប់បាញ់គ្នាជាមួយថៃ ដែលមានអន្តរជាតិ ឃ្លាំមើល ត្រួតពិនិត្យ។ កម្ពុជា ស្រឡាញ់សន្តិភាព យុត្តិធម៌ និងមានអារ្យធម៌ខ្ពស់។ យើងថ្កោលទោស និងប្រឆាំងអំពើឈ្លានពានទឹកដីខ្មែរ គ្រប់រូបភាព តែចោរសៀម ពិសពុលណាស់ គេប្រើគ្រប់ល្បិចកល ដើម្បីបំផ្លាញយើង។ ការរាយលួសបន្លា គឺជាល្បិចកលពិសពុលមួយ ដែលខ្មែរ ត្រូវប្រយ័ត្ន។ បើយើងប្រើកងទ័ពទៅរើរុះបន្លានោះចេញ ចោរថៃ នឹងមានលេសបាញ់រះ ទម្លាក់កំហុសដូចកាលថ្ងៃ២៤ កក្កដា ២០២៥ យុទ្ធជនយើង រើរុះលួសបន្លាដែលទាហានថៃ ព័ទ្ធយកប្រាសាទតាមាន់ធំ នោះ ទាហានថៃ បានបាញ់រះ បំផ្ទុះជាសង្គ្រាមបង្ហូរឈាម ៥ថ្ងៃ ហើយចោទថា យើងបាញ់មុន តែគ្មានអ្នកណាជឿទេ។ នៅពេលនេះ ថៃ រកតែលេសដើម្បីផ្ទុះអាវុធ ដើម្បីដណ្តើមយកទីតាំងដែលខ្មែរកាន់កាប់ ហើយទម្លាក់កំហុសថា ខ្មែរ ជាអ្នករំលោភបទឈប់បាញ់“ ។

លោកបណ្ឌិត សូ ណារ៉ូ បន្តទៀតថា “ការផ្សាយព័ត៌មានទាន់ហេតុការណ៍ គឺគ្មានអ្វីខុសទេ ជាពិសេសក្នុងសម័យឌីជីថល ដែលប្រជាជន មានទូរស័ព្ទគ្រប់ដៃ។ តែប្រយ័ត្នមានការផ្សាយបន្តផ្ទាល់ចំពោះព្រឹត្តិការណ៍ក្តៅគគុក ដូចជម្លោះព្រំដែនបែបនេះ បើមានការអត្ថាធិបាយ ឬព័ត៌មានក្លែងក្លាយណាមួយ មកដុតកម្តៅ ដូចចាក់សាំងបន្ថែមនោះ នឹងធ្វើឱ្យអំពើហិង្សាផ្ទុះទៅជាការបង្ហូរឈាម មានមនុស្សស្លាប់ របួស ឬបំផ្លាញខ្ទេចដូចកាលឆ្នាំ២០០៣ អ៊ីចឹងដែរ។ ម៉្យាងទៀត ក្នុងភ្លើងកំហឹងជម្លោះព្រំដែនបែបនេះ អាចមានជនស្នេហាជាតិជ្រុលនិយម ឬជនមានចេតនាអាក្រក់ខ្លះ ឆ្លៀតកាន់កាំបិត កាន់អាវុធ ទៅវាយតបជាមួយពួកចោរឈ្លានពាន ហើយការផ្សាយផ្ទាល់ live អាចជាប្រភពរូបភាពភ័ស្តុតាងឱ្យចោរឈ្លានពាន ប្តឹងអន្តរជាតិថា ខ្មែរ ប្រើអាវុធរំលោភបទឈប់បាញ់ ។ ពួកចោរ នឹងមានលេសការពារខ្លួន បាញ់បង្ក្រាបបង្ហូរឈាម មកលើយើង ហើយចោទយើងជាអ្នករំលោភបទឈប់បាញ់ទៀត។ ដូច្នេះការផ្សាយផ្ទាល់ live មានភាពវិជ្ជមានផង និងភាពអវិជ្ជមានផង ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំទប់ស្កាត់ភាពអវិជ្ជមាន ដើម្បីឧត្តមប្រយោជន៍ជាតិយើងទាំងមូល។ សូមកុំខឹងពួកគាត់ បើមានការលើសលស់ក្នុងសកម្មភាពរបស់ពួកគាត់។ ពួកគាត់ក៏ដូចបងប្អូនប្រជាជនស្នេហាជាតិខ្មែរ ទូទាំងប្រទេស មានការហត់នឿយណាស់ ប្រឹងប្រែងណាស់ ជាពិសេសក្នុងគ្រាដែលចោរឈ្លានពាន ប្រើគ្រប់ល្បិចកលពិសពុល ថោកទាប ដើម្បីបំផ្លាញ កម្ទេចស្មារតីសាមគ្គីជាតិយើង“ ។

គួរបញ្ជាក់ថា ការរំលឹកមេរៀនចាស់ ពាក់ព័ន្ធការខាតបងើដោយសារកំហឹងជាតិនិយម របស់លោកបណ្ឌិត សូ ណារ៉ូ ខាងលើនេះ បានធ្វើឡើងក្រោយពីមជ្ឈដ្ឋានប្រឆាំងនៅក្រៅប្រទេស បានរិះគន់និងប្រើពាក្យវាយប្រហារធ្ងន់ៗ ទៅលើលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅតំបន់ដែលយោធាថៃ ឈ្លានពាន បានរាយបន្លាលួសនៅបន្ទាត់ព្រំដែន ពិសេសនៅចំណុចភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មជ្ឈដ្ឋានរិះគន់ បានលើកឡើងនូវពាក្យពេចន៍ជាច្រើន តាមបណ្ដាញសង្គម ដែលមានដូចជាថា “មើលចរិតមេដឹកនាំដែលមិនចង់ឲ្យបែកធ្លាយព័ត៌មានពិត តើឯណាទៅចិត្តជាតិនិយមស្រលាញ់ទឹកដី? អន់ជាងឆ្កែវត្តទៅទៀត អភិបាលខេត្តបន្ទាយមានជ័យ”, “ខាងចោរថៃ គេខំប្រឹងហៅគ្រប់សារព័ត៌មាន គ្រប់ទូរទស្សន៍គេ មកឡាយផ្សព្វផ្សាយពេញព្រំដែន ចំណែកខាងប្រទេសកម្ពុជា ជាជនរងគ្រោះវិញ បែរជាគំរាមកំហែងចាប់អ្នកសារព័ត៌មាន ហើយបិទបាំងព័ត៌មានពិត នៅតាមព្រំដែនទៅវិញ”, “មន្រ្តីស៊ីប្រាក់ខែរាស្រ្ត ពេលបរទេសឈ្លានពាន មិនត្រឹមតែមិនជួយពលរដ្ឋទេ ថែមទាំងគំរាម ហាមពលរដ្ឋមិនឲ្យផ្សព្វផ្សាយទៀត”, “មើលមុខចៅហ្វាយខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ចេញមុខការពារសៀម ឈ្លានពាន ប្លន់ដីខ្មែរ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ តើអាមួយនេះ ខ្មែរឬសៀម?“ ជាដើម ។

ទោះបីយ៉ាងណា ជុំវិញការរិះគន់នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ បានបកស្រាយបំភ្លឺ ដោយបញ្ជាក់ថា ការហាមឃាត់នេះ ដោយសារកន្លងទៅ មានសារព័ត៌មាន ក៏ដូចជាក្រុមមួយក្តាប់តូច បានធ្វើការផ្សាយផ្ទាល់ បញ្ឆេះកំហឹងរឿងបញ្ហាព្រំដែន ដែលនាំឱ្យបញ្ហាកាន់តែពិបាកក្នុងការដោះស្រាយ ។ ក្នុងនោះក៏បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុង មកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិ បានផ្សាយថា សភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…តែប្រជាជនបង្ហោះថា កំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន… សាធារណជន «មិនដឹងត្រូវជឿខាងណា?»  ។ ហេតុដូច្នេះសូមបងប្អូនសារព័ត៌មាន និងសាធារណជនមេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះ ។

          លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបញ្ជាក់ថា “បងប្អូនអាចស្ដីបន្ទោសខ្ញុំបាន តែខ្ញុំធ្វើដើម្បីការពារ បើមានសង្រ្គាម ហើយចៀសវាងរំលោភបទឈប់បាញ់“ ។

គាំទ្រនឹងការអនុវត្តជាក់ស្ដែង របស់អភិបាលខេត្តបន្ទាយមានជ័យ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា បានអំពាវនាវឲ្យបងប្អូនជនរួមជាតិខ្មែរ ចូលរួមជាខឿនការពារជាតិរបស់យើង ឲ្យរឹងមាំ ជាមួយរដ្ឋាភិបាល និងត្រូវរួមគ្នាយកជ័យជម្នះលើសមរភូមិច្បាប់អន្តរជាតិ តុលាការអន្តរជាតិ យកទឹកដីយើង ១០០% ពីសៀម ឈ្លានពានមកវិញ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំដឹងថា បងប្អូនឈឺចាប់ ខ្ញុំក៏ឈឺចាប់ ហើយខ្មែរមួយប្រទេស គឺឈឺចាប់ដូចគ្នា ! តែពេលដែលបងប្អូនមិនយល់ ហើយយកការឈឺចាប់របស់បងប្អូន ទៅដៀលជេរគាត់របៀបនេះ តើដឹងទេថា បងប្អូនកំពុងតែបន្ថែមការឈឺចាប់ឲ្យគាត់ថែមទៀតមួយកម្រិតដែរទេ? ខ្ញុំសួរថា ៖ តើត្រឹមការ Live ផ្សាយបន្តផ្ទាល់របស់ San Bunthoeun នោះវាអាចដោះស្រាយបញ្ហាព្រំដែនមួយក្រវាត់ព្រំដែន ដែលសៀម កំពុងឈ្លានពានបានទេ? បងប្អូនចង់បានត្រឹមឲ្យមានអ្នក Live ផ្សាយស្រែកអាឡេអាឡូ ឲ្យតែឮៗ ដើម្បីបងប្អូនបានសម្តែងការឈឺចាប់តែប៉ុណ្ណឹងទេ ឬក៏ចង់បានការដោះស្រាយបញ្ហាទឹកដីព្រំដែនទាំងមូល ដែលពួកសៀម វាកំពុងរំលោភឈ្លានពានយើង?»។

លោកបណ្ឌិត សួន សេរីរដ្ឋា បន្តថា «ខ្ញុំសូមជម្រាបបងប្អូន ឲ្យបានយល់ច្បាស់ថា កងទ័ពរបស់យើង ដែលគ្មានសម្ភារៈទំនើប គ្មានអាវុធទំនើប ដែលគេដៀលមើលងាយគ្រប់បែបយ៉ាងថា សូម្បីស្បែកជើង គ្មានពាក់នោះ ទីបំផុតពួកគាត់អាចធ្វើសង្គ្រាម ៥យប់ ៥ថ្ងៃ ទប់ទល់នឹងការឈ្លានពានរបស់កងទ័ពសត្រូវបាន… ដែលសត្រូវ គេមានអាវុធទំនើបផង និងមានយន្តហោះគាំទ្រ ទម្លាក់គ្រាប់បែកផង បាញ់ផ្សែងពុលផង នោះគឺដោយសារអ្វី? នេះគឺដោយសារកងទ័ពយើងមានវិន័យ គោរពបទបញ្ជា… ហើយមិនមែនកងទ័ពយើង គ្មានបេះដូង មិនចេះខឹងនឹងការប្រមាថ និងអំពើលុកលុយ ព្រមទាំងការបញ្ឆេះកំហឹងពីពួកសត្រូវទេ! តែកងទ័ពយើងទ្រាំអត់ធ្មត់ និងយកវិន័យជាធំ! នោះហើយជាចំណុចខ្លាំងរបស់យើង និងជាជ័យជម្នះរបស់យើង នៅសមរភូមិ ។ ដូចនេះសូមបងប្អូនពិចារណា… កុំនិយាយថា រដ្ឋាភិបាល ឬអាជ្ញាធរខេត្តលាក់រឿងពិត មិនចង់ឲ្យប្រជាជនខ្លួនដឹងនោះ ! រឿងរំលោភឈ្លានពានទឹកដីយើង ជិតមួយចំហៀងប្រទេស ទៅលាក់ ទៅបិទម្តេចនឹងជិត? ហើយបើលាក់ បើបិទ តើខំហៅអញ្ជើញអនុព័ន្ធយោធាបរទេស ឲ្យទៅជួយមើល ឲ្យជួយជាភ្នែក ជាសាក្សីធ្វើអី?»។

លោកបណ្ឌិត សួន សេរីរដ្ឋា បន្តទៀតថា «យើងកំពុងយកច្បាប់អន្តរជាតិ ជាមូលដ្ឋានប្រយុទ្ធ ! ឯសត្រូវយើង គេកំពុងយកសង្គ្រាមឈ្លានពាន មកសង្កត់ ឈ្លានពានយើង ! បើយើងទប់មាត់ សង្កត់ចិត្តមិនបាន យើងនឹងបាត់បង់សមរភូមិលើឆាកអន្តរជាតិ ហើយសត្រូវយើង គេសម្រុកចូលមកសម្លាប់យើង តាមតែចិត្តសាហាវព្រៃផ្សៃរបស់គេ! តើយើងស្រែកហៅអន្តរជាតិ មានគេជួយយើងទេ? ជាថ្មីម្តងទៀត បើចង់ដឹង ចង់ឃើញការការពិតនោះ មិនចាំបាច់អីទៅមើលការ Live ផ្សាយរបស់កាសែតអាឡេអាឡូនោះទេ ! មើលតែតាមការថតផ្ទាល់ post ដោយប្រជាពលរដ្ឋ ដែលបានប្រឡូកផ្ទាល់ ហើយ Post ឲ្យមើលនោះ វាច្បាស់ពេកហើយ ។ សូមបងប្អូនខ្មែរ តោងចូលរួមជាខឿនការពារជាតិរបស់យើង ឲ្យរឹងមាំ ជាមួយរដ្ឋាភិបាលរបស់យើង និងត្រូវរួមគ្នាយកជ័យជម្នះលើសមរភូមិច្បាប់អន្តរជាតិ តុលាការអន្តរជាតិ យកទឹកដីយើង ១០០% ពីសៀមឈ្លានពាន មកវិញ“  ៕ កុលបុត្រ

RELATED ARTICLES