ភ្នំពេញ ៖ គិតត្រឹមរយៈពេល ១០ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦) អគ្គនាយកអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញជនបរទេស សរុបចំនួន ៣៦៨៤នាក់ (ស្រី៤៨៩នាក់) មាន៣៥សញ្ជាតិ ចេញពីព្រះរាជា ណាចក្រកម្ពុជា ក្រោយពីរកឃើញថា ជនបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអន ឡា ញ (Online Scams) ចាប់ជម្រិតទារប្រាក់ លួចឆ្លងដែន ស្នាក់នៅខុសច្បាប់…។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញចេញជនបរទេស សរុបចំនួន ៣ ៦៨៤នាក់ (ស្រី៤៨៩នាក់) មាន៣៥សញ្ជាតិ រួមមាន ៖ ប៊ូរុនឌី យ៉ូហ្គង់ដា មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស កាមេរូន ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ជប៉ុន ចិនតៃវ៉ាន់ ណាមីប៊ី សេរ៉ាឡេអូន កេនយ៉ា នីហ្សេរីយ៉ា លីប៊េរីយ៉ា កូរ៉េ ម៉ាឡេស៊ី ប៊ូគីណាហ្វាសូ ប៊ូរុនឌី ម៉ាឡាវី ឥណ្ឌា តាជីគីស្ថាន អេត្យូពី ហ្គាណា ទួកគី តូហ្គោល រវ៉ាន់ដា អាហ្វ្រិកខាត្បូង ហ្ស៊កហ្ស៊ី សិង្ហបុរី ស្រីលង្កា ស្វីស និងជនជាតិថៃ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ១៩៦៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិ ខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអន ឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្តេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ឲ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រ ទេសរបស់ខ្លួនវិញ៕