Friday, September 5, 2025
Homeសង្គម និងជីវិតមន្ទីរពេទ្យគន្ធបុប្ជា សម្រាលកូន១ខែ ជិត២ពាន់នាក់

មន្ទីរពេទ្យគន្ធបុប្ជា សម្រាលកូន១ខែ ជិត២ពាន់នាក់

ខេត្តសៀមរាប ៖ ក្នុងរយៈពេល ១ខែ កន្លងមកនេះ មានស្ត្រីសម្រាលកូន ប្រមាណជិត២ពាន់នាក់ ដោយសុវត្ថិភាព ទាំងម្តាយនិងទារក នៅមន្ទីរពេទ្យជយវរ្ម័នទី៧ គន្ធបុប្ផា សៀមរាប។

យោងតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះ រយៈពេល០១ខែ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ការពិនិត្យស្ត្រីផ្ទៃពោះ មានចំនួន ១០ ០៦១នាក់ ស្ត្រីសម្រាកពេទ្យ មានចំនួន ២ ៥១៥នាក់ សម្រាលកូនធម្មតា មានចំនួន ១ ៧១៩នាក់។

សូមជម្រាបជូនថា គិលានុបដ្ឋាយិកាផ្នែកសង្រ្គោះទារក អគារក្រោយសម្រាលកូន និងឆ្មប ក្នុងបន្ទប់សម្រាលកូន នៅមន្ទីរពេទ្យជយវរ្ម័នទី៧ គន្ធបុប្ផា សៀមរាប បានបង្រៀន អប់រំដល់ស្ត្រីក្រោយសម្រាលកូន អំពីរបៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ តែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្ត្រូម) និងអាហារូបត្ថម្ភ បង្រៀនម្តាយពីអត្ថប្រយោជន៍ការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin) គឺស្ថានភាពកង់ហ្គារូ (Kangaroo)។

ជាមធ្យម ការអប់រំនិងបង្រៀនដល់ស្ត្រីក្រោយសម្រាលកូន ដោយគិលានុបដ្ឋាយិកា និងឆ្មប មានចំនួន ៥០ ទៅ៧០នាក់ ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងស្ត្រីនៅអគារក្រោយសម្រាលកូន បន្ទប់សម្រាលកូន និងស្ត្រីនៅអគារសង្គ្រោះទារក៕

RELATED ARTICLES