
សហរដ្ឋអាមេរិកៈ នាយកការផ្សាយនៃសារព័ត៌មានឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក តាំង សារ៉ាដា ត្រូវបានសហគមន៍ខ្មែរប្រចាំរដ្ឋ North Carolina និងរដ្ឋ South Carolina សហរដ្ឋអាមេរិក ប្រគល់ពានរង្វាន់ “អ្នកកាសែតឯករាជ្យ” សម្រាប់ជាការលើកទឹកចិត្តចំពោះរូបលោក ដែលប្រកាន់នូវវិជ្ជាជីវៈ និងផ្អែកលើភាពត្រឹមត្រូវ ដោយមិនលម្អៀង និងគ្មានការភ័យខ្លាច ។

ពិធីប្រគល់ពានរង្វាន់នេះ បានធ្វើឡើងក្នុងថ្ងៃតែមួយ នៃការប្រគល់ពានរង្វាន់ជូនដល់លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) និងលោក ហ្គារី ហ្វ្រែនឈី (Gary Franchi) អ្នករាយការណ៍ពិសេសប្រចាំសេតវិមាន នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីសំណាក់សហគមន៍ខ្មែររដ្ឋ North Carolina និងរដ្ឋ South Carolina នៅបរិវេណវត្តព្រះអង្គធំ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានអបអសាទរចំពោះការផ្តល់តម្លៃដល់លោក តាំង សារ៉ាដា ពីសហគមន៍ខ្មែរទាំងពីរខាងលើ ដោយលោកបានរំលឹកថា មុនក្លាយជាអ្នកកាសែតអាជីព លោក តាំង សារ៉ាដា មានអតីតកាលជាមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងជាមិត្តជិតស្និទ្ធរបស់លោកដែលជាអតីតអ្នកកាសែតម្នាក់ដែរ មុនក្លាយជាអ្នកនយោបាយ ។ ដូច្នេះពានរង្វាន់ដែលលោក តាំង សារ៉ាដា ទទួលបាននេះ គឺជាការទទួលស្គាល់ និងការលើកទឹកចិត្តសម្រាប់រូបលោក ក្នុងការបំពេញការងារផ្សព្វផ្សាយព័ត៌មានពិតឥតលម្អៀង និងគ្មានការភ័យខ្លាច ដល់មហាជនខ្មែរ និងបរទេស នៅជុំវិញពិភពលោក ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ថា “យើងទាំងពីរនាក់ ជាបងប្អូនធម៌នឹងគ្នា អស់កាលវេលាជាង២០ឆ្នាំមកហើយ យើងតែងតែផ្តល់ឱ្យគ្នានូវចំណេះដឹង និងចក្ខុវិស័យ ជាយុទ្ធសាស្រ្ត ក្នុងការគិតគូរពីផលប្រយោជន៍ប្រទេសជាតិ និងប្រជារាស្រ្តខ្មែរ ទៅរកផ្លូវរីកចម្រើន គឺផ្លូវសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាពនៅកម្ពុជា។ យើងទាំងពីរនាក់មានអាជីពពីរផ្សេងគ្នា ម្នាក់មានអាជីពជាអ្នកកាសែតខាងវិជ្ជាជីវៈឯករាជ្យ នៃអំណាចសារព័ត៌មានជាង២ទសវត្ស គឺលោក តាំង សារ៉ាដា នាយកគ្រប់គ្រងThe Cambodia Daily ដែលមានឈ្មោះបោះសំឡេងនៅលើសកលលោក ហើយអតីតកាលការងាររបស់គាត់ក៏ធ្លាប់ជាមន្រី្តសិទ្ធិមនុស្សអន្តរជាតិ និងក៏ជាអ្នកធ្លាប់ផ្តល់យុទ្ធសាស្រ្តជាអ្នកអន្តរការី ផ្នែកទំនាក់ទំងសាធារណៈ និងកិច្ចការបរទេសផងដែរ ។ រីឯរូបខ្ញុំក្លាយខ្លួនពីអតីតអ្នកកាសែតម្នាក់ដែរ មកជាអ្នកនយោបាយ គឺពួកយើងទាំងពីរនាក់នៅតែជាបងប្អូនធម៌ ហើយបន្តធ្វើការងារទៅតាមចំណេះជំនាញរៀងៗខ្លួន ដោយគ្មានការដាក់សម្ពាធ ឬក៏ឥទ្ធិពលណាមួយគ្រប់ដណ្តប់គ្នាឡើយ ក្រៅពីរិះរកយុទ្ធវិធី ក្នុងបេសកកម្មជំនាញជួយកសាងមាតុភូមិកម្ពុជា ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អតែប៉ុណ្ណោះ តាមមាគ៌ាធម៌អហិង្សា មិនជ្រុលនិយម និងមិនប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជា ដោយឈរលើការពិតនិងដើរលើភាពត្រឹមត្រូវ “ ។

លោកមាជ សុវណ្ណារ៉ា បន្តថា “ លោក តាំង សារ៉ាដា តែងតែបង្ហាញអាជីពជាអ្នកកាសែតឯករាជ្យ និងអព្យាក្រឹត មិនលម្អៀងនិន្នាការគណបក្សនយោបាយ ដោយឈរលើការសំណេរ ឬការផ្សព្វផ្សាយ «និយាយការពិត មិននិយាយការពារ» ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ គឺការពិត-ពិនិត្យ (Reality-Check) និងត្រឹមត្រូវ-តុល្យភាព (Fair-Balanced) ដោយគាត់បានប្រកាន់គោលជំហររក្សា និងការពារនូវគុណតម្លៃរបស់គាត់ ក្នុងអាជីពបម្រើដល់ផលប្រយោជន៍សន្តិសុខមនុស្សជាតិ។ ពានរង្វាន់ដែលលោក តាំង សារ៉សាដា ទទួលបាននេះ គឺជាការទទួលស្គាល់ និងការលើកទឹកចិត្តសម្រាប់រូបលោក ក្នុងការបំពេញការងារផ្សព្វផ្សាយព័ត៌មានពិត ឥតលម្អៀង និងគ្មានការភ័យខ្លាច ដល់មហាជនខ្មែរ និងបរទេស នៅជុំវិញពិភពលោក ។ សូមអបអរសាទរចំពោះការផ្តល់តម្លៃដល់លោក តាំង សារ៉ាដា ពីសហគមន៍ខ្មែរប្រចាំរដ្ឋ North Carolina និង South Carolina ។ ដោយខ្ញុំសង្ឃឹមថា សហគមន៍ខ្មែរដ៏ទៃទៀត នៅក្នុងសហរដ្ឋអាមេរិក នឹងយកធ្វើជាគំរូ “ ។
ដោយឡែក លោក តាំង សារ៉ាដា បានសម្តែងនូវអំណរគុណដល់សមាគមខ្មែរ ប្រចាំនៅរដ្ឋ North Carolina និងរដ្ឋ South Carolina ដែលទទួលស្គាល់ និងផ្តល់តម្លៃដល់កិច្ចការរបស់សាព័ត៌មាន The Cambodia Daily ដែលខិតខំតស៊ូនាំមកនូវព័ត៌មានពិតជូនពលរដ្ឋខ្មែរនៅទូទាំងពិភពលោក។

លោក តាំង សារ៉ាដា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ថា “ អរគុណសមាគមខ្មែរប្រចាំរដ្ឋ North Carolina និងរដ្ឋ South Carolina ដែលទទួលស្គាល់ និងផ្តល់តម្លៃដល់កិច្ចការរបស់សារព័ត៌មាន The Cambodia Daily ដែលខិតខំតស៊ូនាំព័ត៌មានពិតជូនពលរដ្ឋខ្មែរនៅទូទាំងពិភពលោក។ យើងនឹងបន្តការផ្សាយដោយផ្អែកលើការពិត ឥតលម្អៀង និងគ្មានការភ័យខ្លាច “ ៕