Thursday, September 11, 2025
Homeសង្គម និងជីវិតវីរកងទ័ពជួរមុខ ជួបទុក្ខធ្ងន់ ប្រពន្ធឈឺ កូនក្រមុំខូចក្រលៀន

វីរកងទ័ពជួរមុខ ជួបទុក្ខធ្ងន់ ប្រពន្ធឈឺ កូនក្រមុំខូចក្រលៀន

ខេត្តព្រះវិហារ ៖ វីរកងទ័ពជួរមុខម្នាក់ ឈរជើងការពារព្រំដែន ទិសប្រាសាទព្រះវិហារ ពេលនេះកំពុងជួប ទុក្ខធ្ងន់ផ្ទួនៗ ដោយប្រពន្ធមានជំងឺប្រចាំកាយ និងកូនស្រីក្រមុំ ឈឺខូចក្រលៀន (ខូចតម្រងនោម) ដំណាក់ កាលចុងក្រោយ កំពុងសង្រ្គោះនៅមន្ទីរពេទ្យ មិនទាន់បានធូរស្រាល ខណៈជីវភាពខ្វះខាត គ្មានលុយសូម្បីសម្រាប់លាងឈាម បញ្ចូលឈាម កុំថាឡើយដល់វះកាត់ដូរក្រលៀន ទើបលោកមានតែអំពាវនាវពឹងពរដល់សប្បុរសជន និងថ្នាក់ដឹកនាំ មេត្តាជួយសង្គ្រោះជីវិតកូនស្រីជាទីស្រឡាញ់របស់លោកផង។

 វីរកងទ័ពដែលកំពុងជួបទុក្ខធ្ងន់ ប្រពន្ធនិងកូនស្រីឈឺធ្ងន់នោះ មានឈ្មោះ នុត វិបុល អាយុ៤៩ឆ្នាំ ឋានន្តរស័ក្ដិព្រិន្ទបាលឯក តួនាទីជំនួយការលេខាធិការដ្ឋាន ឈរជើងការពារព្រំដែន ទិសប្រាសាទព្រះវិហារ ។

លោកនុត វិបុល បានឲ្យដឹងថា លោកបានចូលបម្រើការជាកងទ័ពនេះ តាំងពីឆ្នាំ១៩៩៧ ដោយឈរជើងនៅកងពលលេខ១ ចម្ការស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តែបានបញ្ជូនទៅឈរជើងនៅទិសព្រះវិហារ (ចាប់ពីព្រះវិហារ ទៅដល់ច្រកតាថាវ និងព្រៃ៣៣) មុនថ្ងៃផ្ទះអាវុធជាមួយកងទ័ពថៃ ។ លោកមានភរិយា ឈ្មោះ យ៉ន សុភ័ក្រ្ត អាយុ៤៤ឆ្នាំ រស់នៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានកូន ៣នាក់ (ប្រុស២ ស្រី១) ក្នុងនោះ កូនស្រីទី២ មានជំងឺខូចក្រលៀន មានឈ្មោះ អឿ សុផាត់ អាយុ២១ឆ្នាំ  ។

លោកនុត វិបុល បានប្រកាសអំពាវនាវតាមបណ្ដាញសង្គម ថា “ខ្ញុំបាទ ឈ្មោះ នុត វិបុល ជាទាហានជួរមុខ ការពារព្រំដែន ទិសប្រាសាទព្រះវិហារ ដោយមានជីវភាពខ្វះខាត ដោយប្រពន្ធមានជំងឺប្រចាំកាយ និងកូនមានជំងឺទឹកនោមប្រៃ ខូចតម្រងនោម និងខូចក្រលៀន ជាជំងឺដំណាក់កាលចុងក្រោយ ត្រូវលាងឈាម និងបញ្ចូលឈាមជាច្រើនប្លោក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ជោ រៃ ។ ដោយមានការខ្វះខាតឈាម និងថវិកា ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់គ្រួសារខ្ញុំផង តិចក្តី ច្រើនក្តី ។ លេខទូរស័ព្ទនិងកុងខ្ញុំផ្ទាល់ 071 93 54 288 ។ សូមអរគុណ!“ ។

 បន្ថែមលើការអំពាវនាវតាមបណ្ដាញសង្គម ខាងលើនេះ លោកនុត វិបុល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថា ភរិយាលោក មានជំងឺប្រចាំកាយ តែមិនធ្ងន់ធ្ងរដូចកូនស្រីរបស់លោកទេ ដោយភរិយារបស់លោក នៅមានកម្លាំងកំហែង អាចហូបចំណីអាហារ និងដើរទៅណាមកណាបានធម្មតា។ រីឯកូនស្រី កំពុងដេកនៅលើគ្រែពេទ្យ ដោយការលាងឈាម បញ្ចូលឈាម និងការពិនិត្យតាមដានអាការរោគពីក្រុមគ្រូ ពេទ្យ យ៉ាងយកចិត្តទុកដាក់ មិនបានទាន់បានធូរស្រាលនៅឡើយ មានតែធ្ងន់ធ្ងរឡើង ព្រោះជំងឺខូចតម្រង នោមដំណាក់កាលចុងក្រោយ មិនងាយនឹងព្យាបាលទេ ដោយបានឆ្លងការការព្យាបាលនៅមន្ទីរពេទ្យធំៗល្បីៗ នៅរាជធានីភ្នំពេញ ចំនួន៣ មកហើយ ក្នុងរយៈពេលជាង២០ថ្ងៃមកនេះ ដោយមុនដំបូង បញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់មែត រួចក៏បន្តចូលមន្ទីរពេទ្យព្រះកេតុមាលា និងចុងក្រោយនេះ ចូលមន្ទីរពេទ្យឯកជន ជោរៃ បានជិត១០ថ្ងៃហើយ ។

 ចំពោះមូលហេតុនាំឲ្យកូនស្រីមានជំងឺខូចក្រលៀន ដំណាក់កាលចុងក្រោយនេះ បុរសជាឪពុក រៀបរាប់ថា កន្លងមក មុនពេលធ្លាក់ខ្លួនឈឺ កូនស្រីរបស់លោក មិនមែនជាអ្នកចូលចិត្តបរិភោគអាហារកំប៉ុង និងភេសជ្ជៈផ្អែមនោះទេ តែកាលពី ១ឆ្នាំមុន នាងស្រាប់តែមានជំងឺរលាក់សន្លាក់ ដើរមិនរួច ពេទ្យតម្រូវឲ្យប្រើថ្នាំច្រើន ក្នុងការព្យាបាល រហូតបានជាសះស្បើយដូចដើមឡើងវិញ។ ប៉ុន្តែក្រោយពីជាជំងឺសន្លាក់ បែរជាកើតជំងឺខូចក្រ លៀន ដំណាក់កាលលាងឈាមទៅវិញ ដែលលោកគិតថា ការមានជំងឺកាចសាហាវនេះ អាចមកពីកូនស្រីលោកប្រើថ្នាំព្យាបាលសន្លាក់ច្រើននោះហើយ ព្រោះក្រោយការសួរនាំពីពួកលោកជាឪពុកម្ដាយទៅ គ្រូពេទ្យ ក៏បានធ្វើរោគវិន័យច្ឆ័យថា អាចមកពីធ្លាប់មានជំងឺសន្លាក់នេះដែរ ទើបធ្វើឲ្យកូនស្រីលោក ធ្លាក់ខ្លួនទៅមានជំងឺខូចក្រលៀន ទៀត ។

 ទាក់ទងដល់ថវិកាព្យាបាល បុរសជាឪពុក ប្រាប់ថា ពេលបញ្ជូនទៅព្យាបាលដំបូង នៅមន្ទីរពេទ្យកាល់ម៉ែត មិនអស់ថ្លៃសេវាព្យាបាលទេ ។ ពេលបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា អស់ ២០០០ ០០០រៀល ។ ពេលបញ្ជូនមក ពេទ្យឯកជន ចុងក្រោយនេះ សម្រាកបាន ១យប់ ១ថ្ងៃ អស់ជាង ៤លានរលៀល ស្មើនឹង ១ពាន់ដុល្លារ ហើយរយៈពេល ៦-៧ថ្ងៃចុងក្រោយនេះ ពេទ្យមិនទាន់បូកសរុបថ្លៃចំណាយបន្ថែមទេ ដែលលោកគិតទៅ ក៏អស់មិន ក្រោយ ១ពាន់ដុល្លារជាងទៀតដែរ។ ដូច្នេះទម្រាំបានចេញទៅផ្ទះវិញ ឬបានធូរស្រាលឡើងវិញខ្លះ នឹងត្រូវចំណាយអស់ច្រើនណាស់ រាប់ពាន់ដុល្លារ ដែលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គ្រួសារលោកអស់លទ្ធភាពនឹងរកហើយ ព្រោះក្នុងនាមជាកងទ័ព ជីវភាពគ្រួសាររបស់លោក មិនសូវធូរធារទេ គ្មានប្រាក់រាប់ពាន់ដុល្លារ សល់នឹងគេ គឺមានការខ្វះខាតខ្លាំងដែរ ។ ដូច្នេះប្រឈមនឹងបញ្ហាជីវភាពនេះ លោកពិតជាខ្វះខាតប្រាក់ក្នុងការព្យា បាលកូនស្រី ទើបលោកប្រកាសអំពាវនាវរកសប្បុរសជន ជួយឧបត្ថម្ភ ហើយក្រោយការអំពាវនាវ ក៏បានមានសប្បុរសជនជិតឆ្ងាយ បានជួយឧបត្ថម្ភខ្លះដែរៗ តែមិនគ្រប់គ្រាន់ក្នុងព្យាបាលទេ គឺបានជួយតែមួយចំណែកតូច ឯមួយចំណែកធំ លោកបានមកពីការខ្ចីបុលគេ ។ ដូច្នេះហើយ ទើបលោកនៅតែបន្តទទួលយកជំនួយពីសប្បុរ សជន ព្រោះក្នុងស្ថានភាពទឹកចូលច្រមុះបែបនេះ លោកមិនដឹងពឹងលើអ្នកណាទេ មានតែពឹងលើសប្បុរសជន ហើយមកដល់ពេលនេះ ជំងឺកូនស្រីលោក ក៏មិនទាន់បានធូរស្រាល ត្រូវបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ទៅមុខទៀត ។

 វីរកងទ័ព នុត វិបុល បានបញ្ជាក់ថា ក្នុងពេលដែលកូនស្រីកំពុងឈឺធ្ងន់នេះ លោកបានសុំច្បាប់មេ នៅអង្គភាព ចំនួន២ដងហើយ ដោយលើកទី១ លោកដាក់ច្បាប់ ១សប្ដាហ៍ តែពេលកូនស្រីមិនធូរស្រាល ក៏សុំបន្ថែម លើកទី២ បាន៣ថ្ងៃទៀត ។ ឥឡូវដល់ពេលលោកត្រូវទៅប្រចាំការនៅជួរមុខវិញហើយ ទាំងក្ដីបារម្ភចំពោះសុខភាពកូនខ្លាំងណាស់ ប្រហែលជាទៅហើយ ត្រូវសុំច្បាប់ មកបន្តទៀត ព្រោះក្រៅពីប្រពន្ធ គ្មានអ្នកនៅជួយមើលថែកូនទេ។ ម្យ៉ាងទៀត មានឪពុកនៅក្បែរ ជាកម្លាំងចិត្តមួយដ៏ធំសម្រាប់កូនស្រីដែរ ដែលនាងកំពុងទ្រាំជម្នះនឹងជំងឺដ៏រ៉ាំរ៉ៃនេះ ។

 យ៉ាងណា លោកនុត វិបុល ក៏មិនភ្លេចអរគុណដល់សប្បុរសជនដែលជួយឧបត្ថម្ភដល់រូបលោក ដោយលោកបានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថា “ខ្ញុំបាទឈ្មោះ នុត វិបុល ជាឪពុករបស់កូនស្រី អឿ សុផាត់ ដែលកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីពេទ្យ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានចូលរួមថវិកាជួយដល់កូនស្រីខ្ញុំបាទ។ ខ្ញុំមានតែម្រាមដៃដប់សំពះថ្លែងអំណរអរគុណ សូមឲ្យពុកម៉ែ បងប្អូន និងសប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ ចម្រើន ជួបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត! សូមអរគុណ និងអរព្រះគុណ!“ ៕ កុលបុត្រ

RELATED ARTICLES