Saturday, September 13, 2025
Homeសង្គម និងជីវិតមនុស្សស្លាប់តគ្នា អ្នកភូមិសែនព្រេនលៀងគ្រោះ 

មនុស្សស្លាប់តគ្នា អ្នកភូមិសែនព្រេនលៀងគ្រោះ 

ខេត្តរតនគិរី ៖ សហគមន៍ជនជាតិដើមភាគតិច រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ បានរៀបចំពិធី សែនព្រេនបណ្តេញគ្រោះចង្រៃ (សែនលៀងគ្រោះ) បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់។ ករណីស្លាប់នោះ ដូចជា លង់ទឹក រន្ទះបាញ់ និងករណីផ្សេងៗ ដែលអ្នកភូមិអះអាង ល្មើសត្រណមដូនតា។

លោកចាន់ ធឿន ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិទៀមលើ  បានលើកឡើងថា សហគមន៍ជនជាតិ តែង តែប្រារព្ធពិធីសែនភូមិ ជាទៀងទាត់ ក្នុងរយៈពេល៧ឆ្នាំម្តង ដើម្បីបណ្តេញគ្រោះ។ លើសពីពិធីដែលធ្វើឡើងតាមការកំណត់ អ្នកភូមិ ក៏រៀបចំពិធីសែនតាមបែបប្រពៃណី សុំសេចក្តីសុខ នៅរាល់ពេលដែលមានរឿងហេតុកើតឡើងក្នុងភូមិមិនល្អ។

ចំណែកលោកផាន់ ថងលៀន ជាជនជាតិដើមភាគតិចទំពួន ដែលអតីតចាស់ទុំភូមិទៀមលើ បានឱ្យដឹងថា ការរៀបចំពិធីលៀងគ្រោះថ្នាក់នេះ មានតាំងពីបុរាណមកហើយ ចាំបាច់ត្រូវតែធ្វើ ខានមិនបានឡើយ បើពុំនោះទេ ព្រលឹងដូនតា និងម្ចាស់ទឹកដី ខឹងលែងថែរក្សាឃុំគ្រង បើកដៃឱ្យខ្មោចព្រាយបិសាច ធ្វើឱ្យមនុស្សរស់នៅភូមិ មិនសូវបានសុខសប្បាយ កើតរឿងហេតុផ្សេងៗ។ លោកបន្តថា តាំងពីបុរាណមក នៅក្នុងភូមិនីមួយៗរបស់ជន ជាតិដើមភាគតិច រួមមាន ទំពួន គ្រឹង ចារ៉ាយ កាវ៉ែត ព្រៅ ភាគច្រើនតែងតែប្រារព្ធ និងមានត្រណមមួយ ចំនួន ដូចជា មិនអនុញ្ញាតឱ្យមនុស្សស្លាប់តៃហោង ដូចជាលង់ទឹក រន្ទះបាញ់ និងមនុស្សគ្រោះថ្នាក់ស្លាប់ភ្លាមៗ យកទៅធ្វើបុណ្យក្នុងភូមិ ឬឆ្លងកាត់ភូមិឡើយ។ ក្នុងករណីឆ្លងកាត់ ឬធ្វើបុណ្យក្នុងភូមិ គឺតម្រូវឱ្យគ្រួសារសព បង់ជាប្រាក់ ឬកាប់គោ ក្របី ដើម្បីសែនព្រេនម្ចាស់ទឹកដី សុំទោស និងលៀងគ្រោះ។

លោកបន្តទៀតថា កាលពីមុន លោកធ្លាប់គ្រប់គ្រង ដឹកនាំក្នុងភូមិ ពុំដែលមានរឿងរ៉ាវអាក្រក់ៗកើតមានឡើង ប៉ុន្តែចាប់ពីប្តូរលំនៅ ទៅរស់នៅកន្លែងផ្សេង ភូមិនេះកើតមានរឿងចម្លែកៗជាហូរហែ។ លោកបន្តថា ដោយសារភូមិនេះ ត្រូវប្តូរចាស់ទុំ មេភូមិ អនុភូមិ និងជំនួយការភូមិ  និងក្មេងៗជំនាន់ក្រោយ មានប្តីប្រពន្ធ មកពីភូមិជិតឆ្ងាយ ចម្រុះជាតិសាសន៍ និងបានល្មើសត្រណម ដូចជា យកល្ពៅ មកដាំនៅចម្ការ ហូបត្រីរមាស មានផ្ទៃពោះ មុនរៀបការ និងធ្វើបុណ្យសពខ្មោចតៃហោង ក្នុងភូមិជាដើម ទើបមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់។

លោកគូសបញ្ជាក់ទៀតថា “ក្មេងៗឥឡូវ លែងសូវស្តាប់សម្តីចាស់ទុំប្រៀនប្រដៅ ឬណែនាំហាមប្រាមទាក់ទងនឹងជំនឿទៀតហើយ ដែលជាហេតុមិនគោរពទៅដល់ព្រលឹងដូនតា ម្ចាស់ទឹកដី អ្នកថែរក្សាភូមិ ដែលធ្លាប់រក្សាការពារអ្នកភូមិ ទើបបណ្តាលឱ្យមនុស្សស្លាប់តៃហោង ជាបន្តបន្ទាប់”។

បើតាមលោកផាន់ ថងលៀន ជាចាស់ទុំមួយរូប ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ដូនតា នៅឆ្នាំ២០២៥ មនុស្សស្លាប់ លង់ទឹក ចំនួន២នាក់ ចងកសម្លាប់ខ្លួន ១នាក់ រន្ទះបាញ់ ១នាក់ និងថ្មីៗនេះ កើតរឿងគ្រោះថ្នាក់ បុរសម្នាក់ជួសជុលឡាន សង្កត់ពីលើ ស្លាប់១នាក់។

គួរបញ្ជាក់ថា ជំនឿប្រពៃណីរបស់ជនជាតិដើមភាគតិច នៅតាមបណ្តាភូមិនីមួយៗ  តែងតែប្រារព្ធពិធីសែនព្រេន នៅក្នុងសាលារោង និងពិធីលៀងគ្រោះនៅក្នុងភូមិ ដើម្បីសុំសេចក្តីសុខដល់អ្នកភូមិ។ អបិយជំនឿទាំង នេះ មានតាំងពីយូរមកហើយ ដែលចាស់ទុំនៅប្រកាន់យក ហើយគេឃើញតាមរយៈពិធីបុណ្យសព ពិធីសែនភូមិ និងពិធីសែនព្រេននានា៕

RELATED ARTICLES