ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន២នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ចេញពីខណ្ឌច្បារំអពៅ រាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពដើរលួច លុះទៅដល់ភូមិសាស្ត្រឃុំស្វាយប្រទាល ស្រុកស្អាង បានធ្វើសកម្មភាពលួចម៉ូទ័រកិនទឹកកក ១គ្រឿង ដែលម្ចាស់គេដាក់ទុកនៅខាងមុខផ្ទះ លើកដាក់លើរ៉ឺម៉ក ជិះគេចខ្លួន តែត្រូវម្ចាស់ និងសមត្ថកិច្ច ប្រដេញតាមចាប់ឃាត់ខ្លួនជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីលួចម៉ូទ័រកិនទឹកកកនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង។

ជនរងគ្រោះ មានឈ្មោះ ជា គង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ៅ ជីតា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានសារធាតុញៀន) និងទី២-ឈ្មោះរ៉ី រី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ចំពោះវត្ថុតាងចាប់យក រួមមាន ១-ដែកកាប់សម្រាប់កាត់ខ្សែភ្លើង ចំនួន១។ ២-ម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន១គ្រឿង។ ៣-ម៉ូទ័រកិនទឹកកក ចំនួន១ (ជារបស់ជនរងគ្រោះ)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះម៉ៅ ជីតា និងឈ្មោះរ៉ី រី បានជិះម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើសកម្មភាពលួចម៉ូទ័រកិនទឹកករបស់ជនរងគ្រោះឈ្មោះ ជា គង់ ដែលទុកនៅ ខាងមុខផ្ទះ លើកដាក់លើម៉ូតូរ៉ឺម៉ក។ ពេលនោះជន រងគ្រោះឈ្មោះជា គង់ បានដឹកភ្លាមៗ រួចក៏ជិះម៉ូតូតាមមកពីក្រោយ និងបានទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាលស្វាយប្រទាលឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ៅ ជីតា បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះរ៉ី រី ពិតជាបានធ្វើសកម្មភាពលួចម៉ូទ័រកិនទឹកកករបស់ជនរងគ្រោះឈ្មោះជា គង់ ដែលទុកនៅខាងមុខផ្ទះ លើកដាក់ម៉ូតូសណ្តោងរ៉ឺម៉ក ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕