ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់រាប់អានជាបងប្អូនធម៌ ជាមួយលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលពេលនេះកំពុងជាប់ឃុំ ១ឆ្នាំ តាមអំណាចសាលក្រមតុលាការកំពូលថៃ បានបដិសេធព័ត៌មានដែលថា លោកថាក់ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា ដែលអាជ្ញាធរកម្ពុជា ត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា ទោះបីសម្ដេច និងលោកថាក់ស៊ីន មានបញ្ហាជាមួយគ្នា ក៏សម្ដេច ត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់លោកថាក់ស៊ីន ជុំវិញរឿងនេះ។ ដូច្នេះប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា សម្ដេច ស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ ជាតិសាសន៍យើងត្រូវរក្សានូវភាពថ្លៃថ្នូរ មិនកុហកភូតភរ មួលបង្កាច់ ប្រឌិតរឿងខុសការពិត តែប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃ ដោះស្រាយ ។

សម្ដេច ហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្លូវការ របស់សម្ដេច នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា “ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជា ត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវ រក្សានូវភាពស្អាតស្អំរបស់ឯកឧត្តម ថាក់ស៊ីន ផងដែរ។ មិនថាឯកឧត្តម ថាក់ស៊ីន ឬលោកជំទាវ យិងឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជា នោះទេ។ ពេលឯកឧត្តម ថាក់ស៊ីន ឬយិងឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់ បង្ហាញថា ថាក់ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជា នោះឡើយ»។

សម្ដេចហ៊ុន សែន បន្តថា “ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ស៊ីន និងខ្ញុំ មិនដែលបានពិភាក្សាគ្នារឿងធ្វើអា ជីវកម្ម រកផលចំណេញខាងសេដ្ឋកិច្ច សម្រាប់បុគ្គល ឬគ្រួសារនោះទេ។ ប្រសិនព័ត៌មានបែបនេះ ចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ ដែលជាតិសាសន៍របស់យើង ត្រូវរក្សានូវភាពថ្លៃថ្នូរ មិនកុហកភូតភរ មួលបង្កាច់ ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះ ចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃ ដោះស្រាយ“ ។
គួរបញ្ជាក់ថា សម្តេចហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រី មកម៉្លេះ ។ ចំណែកកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលជាប្រធានគណ បក្សភឿថៃ និងជានាយករដ្ឋមន្រ្តីថៃ បច្ចុប្បន្ន ក៏រាប់អានស្និទ្ធស្នាលជាមួយក្រុមគ្រួសារសម្តេច ហ៊ុន សែន ផងដែរ។ ប៉ុន្តែទំនាក់ទំនងរវាងក្រុមគ្រួសារទាំង២ ត្រូវបានបំផ្លាញ ក្រោយការបែកធ្លាយសំឡេងសំឡេងសន្ទនាតាមទូរស័ព្ទ រយៈពេល ១៧នាទី រវាងសម្ដេចហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចហ៊ុន សែន បានលើកឡើងថា ការបែកធ្លាយសំឡេងសំឡេងសន្ទនាតាមទូរស័ព្ទ រយៈពេល ១៧នាទី រវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបំផ្លាញមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំ រវាងគ្រួសារទាំងពីរ គឺគ្រួសារហ៊ុន និងគ្រួសារស៊ីណាវ៉ាត់ ។ ការបែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទនេះ សម្ដេចហ៊ុន សែន យល់ថា អាចមកពីមន្ត្រីខ្មែរ ណាម្នាក់ដែលមានកំហឹងចំពោះការប្រមាថមកលើនាយករដ្ឋមន្ត្រីកម្ពុជា និងរូបសម្ដេច ថាធ្វើការគ្មានវិជ្ជាជីវៈ ទើបគេទម្លាយចេញ។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងក្រុមគ្រួសារសម្តេច ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (នាយករដ្ឋមន្ត្រីថៃ ជាកូនស្រីលោកថាក់ ស៊ីន ស៊ីណាវ៉ាត់) និងស្វាមី ដែលសម្តេចបានរៀបចំទទួលនៅភូមិគ្រឹះរបស់សម្តេច កាលលោកស្រីនិងស្វាមី អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែមេសា កន្លងទៅ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច ជាមួយសំណេរថា “ខ្ញុំព្រះករុណា សូមចូលរួមអបអរសាទរជាមួយព្រះតេជគុណ ឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ ខ្ញុំសូមអរគុណ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪ ស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរ ដល់លោកឪ ស៊ុច ផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា រឿងលោកឪ ស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថាជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃ នោះទេ ព្រោះកម្ពុជា ក៏មិនអនុញ្ញាតឲ្យលោកឪ ស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃ នោះដែរ។ ម្យ៉ាងទៀត រឿងលោកឪ ស៊ុច ក៏មិនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នផងដែរ“ ។

សម្ដេចហ៊ុន សែន បន្តថា “នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ យើងមានកម្មវិធីគ្រួសារ ដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីង និងស្វាមី បានមកទទួលទានអាហារនៅផ្ទះខ្ញុំ។ មុនពេលចាកចេញ នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំ បានរក្សាបន្ទប់ពីរ ជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយ ខ្ញុំដាក់ ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀត មានឈ្មោះថា បន្ទប់យីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំ រវាងគ្រួសារទាំងពីរ ត្រូវបានបំ ផ្លាញ ដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជា ណាមួយ ដែលមានកំហឹងចំពោះការ ប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ“ ៕
