ខេត្តសៀមរាប ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះពិនិត្យប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ចំនួន១១២៥នាក់ ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យ វិញ។

តាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍ឯកភាព និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្រប ពេលសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ចំនួន១១២៥នាក់ (ស្ត្រី៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យ វិញ។

ប្រតិបត្តិការនេះ ចាប់ផ្តើមនៅវេលាម៉ោង ៣និង៣០ទៀបភ្លឺ និងចេញដំណើរនៅម៉ោង៦ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង៩ ព្រឹក ប្រកបដោយសុវត្ថិភាព ក្នុងនោះប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារសរុបចំនួន ១៦៥នាក់ និងរថយន្តដឹកជញ្ជូន ចំនួន៣៧គ្រឿង៕

