ភ្នំពេញ ៖ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ម្ដាយមីងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាប្អូនស្រីសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្ម បន្ទាប់ពីបានឃើញព័ត៌មានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម ថា យុវជនខ្មែរ នាំគ្នាសម្រុកទៅចាក់សាក់ឈ្មោះស្រា បៀរ Hanuman (ហនុមាន) នៅលើរាងកាយ ដើម្បីយករង្វាន់ស្រាបៀរ ចំនួន១០កេស ។

លោកស្រី ឧកញ៉ា ហ៊ុន ស៊ីណាត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា “ពួកគាត់ចាក់សាក់ទុកចំណាំថា បានក្រិនថ្លើម ដោយសាផឹកស្រាបៀរ ហនុមាន ១០កេស។ សូមសរសើរក្រុមហ៊ុនហនុមាន ខ្មែរធ្វើបាន“ ។
លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានសរសេរបន្ថែមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ថា “សព្វថ្ងៃ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកមានការបារម្ភពីការកើនឡើងនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម លើសសម្ពាធ ឈាម ជំងឺថ្លើម ។ល។ ដែលបណ្តាលមកពីហូបគ្រឿងស្រវឹងច្រើន។ ផ្នែកសុខាភិបាល ប្រឹងផ្សព្វផ្សាយពីកត្តាហានិភ័យនៃការហូបគ្រឿងស្រវឹង រីឯក្រុមហ៊ុនស្រាបៀរ ក៏ប្រឹងផ្សព្វផ្សាយកាន់តែខ្លាំង ខ្ញុំសូមមិនយល់“ ។

ជាមួយគ្នានោះដែរ លោកស្រីឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកហ៊ុន ស៊ីណាត និងត្រូវជាប្អូនស្រីជីដូនមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវប្រតិកម្មជុំវិញព័ត៌មានខាងលើនេះផងដែរ ដោយលោកស្រីបានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា “សុំព័ត៌មានច្បាស់ការណ៍ តើស្រាបៀរណា ឲ្យអតិថិជនសាក់ឈ្មោះប្រេន លើសាច់ ហើយឲ្យរង្វាន់ស្រាបៀរ ១០កេស?? តើជាព័ត៌មានពិតទេ?“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ខាងលើនេះ បានធ្វើឡើងក្រោយពីទំព័របណ្ដាញសង្គមហ្វេសប៊ុកមួយ ឈ្មោះ “ប្លែកៗចាប់អារម្មណ៍” បានបង្ហោះរូបភាព ភ្ជាប់ជាមួយសំណេរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា “យុវជននាំគ្នាចាក់សាក់ Hanuman ដើម្បីទទួលបានស្រាបៀរ ១០កេស ងាយៗ“ ។
ក្រោយបានឃើញការផ្សព្វផ្សាយខាងលើនេះ គណនីហ្វេសប៊ុកមួយ ឈ្មោះ “ Amom Skon” បានសរសេររិះគន់យុវជនចាក់សាក់ និងក្រុមហ៊ុនស្រាបៀរនោះថា “មើលមុខទុកឲ្យហើយ កុំលើកកូនស្រីឲ្យ ហើយផ្ដាំទៅក្រុមហ៊ុនសា្រស្អីគេហ្នុងផង គំនិតទីផ្សាររបស់អ្នក ៣០ឆ្នាំក្រោយ ខ្មែរលែងមានទំពាំងស្នងហើយ ស្របពេលប្រទេសមានសង្រ្គាម ក្រុមហ៊ុនស្រាក្នុងស្រុក ធ្វើទីផ្សារបង្វិលខួរយុវជន“ ។
ដោយឡែក ឌីចេ ក្ដឹប តារាចម្រៀងរ៉េបល្បីម្នាក់ បានផ្ញើសារដាស់តឿនយុវជន តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រឿងផឹកស៊ី១ គឺខ្ញុំអត់ហាមទេ (ព្រោះខ្ញុំប្រមឹកតាំងពីក្មេង) ហើយបងប្អូនដឹងអត់ថា បទ ”សុរា” ខ្ញុំសរសេរតាំងពីខ្ញុំមានអាយុ១៦-១៧ឆ្នាំ រហូតមកដល់ពេលនេះ ខ្ញុំមានអាយុ ៣៨ឆ្នាំហើយ ហើយខ្ញុំគ្មានសល់អ្វីក្រៅពីជំងឺពេញខ្លួននោះទេ ។ ហេតុដូច្នេះហើយ ទើបខ្ញុំចង់ដាស់តឿនបងប្អូនខ្លះៗថា កុំខំប្រឹងតាមផ្សងសំណាងផឹកយករង្វាន់ខ្លាំងពេក ព្រោះចុងក្រោយ អ្នកដែលស្លាប់ គឺបងប្អូន មិនមែនងាប់អាអ្នកដែលបានដាក់រង្វាន់នោះទេ (សុំទោសដែលខ្ញុំនិយាយត្រង់)“ ។

ជុំវិញបញ្ហាខាងលើនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជ បណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គម របស់លោកថា “សូមកោតសរសើរអ្នកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរ មួយនេះ ដែលចេះរកវិធីពង្វក់យុវជនខ្មែរឃើញ ដោយមិនខ្វល់ពីផលប៉ះពាល់សីលធម៌ វប្បធម៌ និងអត្តសញ្ញាណជាតិ។ ឮថាចាក់សាក់ ដូរស្រាបៀរផង! បើជាការពិត នោះជារឿងដ៏គួរឱ្យសោកសៅ នៃសង្គមយើង ដែលវិវត្តមកដល់កម្រិតនេះ! ហេតុអីយកសាច់ម្តាយបង្កើត ទៅដូរកំប៉ុងស្រាបៀរ?“ ។

ចំណែកលោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា “តើ «សិទ្ធិ» ដោះដូរគ្រឿងស្រវឹង ដោយយកសាច់ចាក់សាក់ វាសមទំនងឬទេ យុវជនខ្មែរ? មើលផង រដ្ឋាភិបាល កុំបណ្តែតបណ្តោយពេក បើតែយ៉ាងហ្នឹង លាហើយកម្ពុជា «យុវជនជាសសរទ្រូងជាតិ?» យកឥទ្ធិពលស្រាបៀរ Beer ១០កេស រត់ទង្គិចក្បាលគ្នាចាក់ សាច់ យកសាក់ ព្រោះតែប្តូរគ្រឿងស្រវឹង ដោយគិតថា យុវជនញៀនស្រា ជាមោទនភាពកម្ពុជា?» ។
ដូចគ្នានេះដែរ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកដែរថា “បំពុលយុវជន បំពុលខ្មែរ បំពុលសង្គម នៅតែបន្ត! អស់ពីគាស់ឈ្នះៗ ចូលដល់ចាក់សាក់ឈ្មោះស្រាបៀរ ដូរស្រាបៀរនោះ ១០កេស! សង្ឃឹមថា យុវជនខ្មែរ មិនទង្គិចក្បាលគ្នាចូលចាក់សាក់ ប្រឡាក់ខ្លួន ដើម្បីដូរជាស្រាបៀរ ១០កេស!“ ។

ទោះបីជាយ៉ាងណា ជុំវិញព័ត៌មាននិងប្រតិកម្មខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនស្រាបៀរហនុមាន បានទេ កាលពីល្ងាចម្សិលមិញ៕ កុលបុត្រ