Friday, September 19, 2025
Homeសង្គម និងជីវិតវីរកងទ័ពខ្មែរ ចោរសៀមបាញ់បែកភ្នែក បញ្ជូនមកមន្ទីរពេទ្យព្រះអង្គឌួង

វីរកងទ័ពខ្មែរ ចោរសៀមបាញ់បែកភ្នែក បញ្ជូនមកមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ ៖ វីរកងទ័ពកម្ពុជា មួយរូប ដែលមិនប្រដាប់អាវុធ ឈរពាំងទល់មុខពួកកងកម្លាំងប្រដាប់អាវុធសៀម (ថៃ) ការពារប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគាត់លើកគ្នាតតាំង រារាំងមិនឲ្យពួកចោរឈ្លានពាន រាយលួសបន្លា ប្លន់យកទឹកដីរបស់ពួកគាត់ ហើយត្រូវបានពួកចោរសៀម បាញ់ដោយកាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងចម្ពាមកៅស៊ូគ្រាប់ឃ្លី បណ្តាលឲ្យរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នោះ ពេលនេះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ហើយត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ចាត់សហការីចុះសួរសុខទុក្ខដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥​ ។

វីរកងទ័ពរងគ្រោះ មានឈ្មោះ ម៉ន ភក្រ្តា ឋានន្តរស័ក្តិពលបាលឯក បានរងរបួសភ្នែកធ្ងន់ ក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វីរកងទ័ពរូបនេះ មានឪពុកជាវីរកងទ័ព ឈរជើងនៅតំបន់ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ ហើយក្រោយពេលទទួលបានព័ត៌មាននៃការរងរបួសរបស់វីរកងទ័ពខាងលើ ស្ត្រីជាភរិយា បានសម្តែងអារម្មណ៍តក់ស្លុត និងព្រួយបារម្ភពីស្វាមីរបស់ខ្លួនយ៉ាងខ្លាំង។

ក្រោយពេលទទួលបានព័ត៌មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហ ការី អញ្ជើញនាំយកសម្ភារ ភេសជ្ជៈ រួមជាមួយផ្លែឈើ ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពល បាលឯក ម៉ន ភក្រ្តា ដល់មន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ ធានកាកបាទក្រហមកម្ពុជា ដែលសម្តេច មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងនេះ។ ជាមួយគ្នានេះ តាមរយៈលោកស្រីអគ្គលេខាធិការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរសូម ពលបាលឯក ម៉ន ភក្រ្តា ឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូ ពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល ផ្តល់ភាពកក់ក្តៅជូនពលបាលឯក ម៉ន ភក្ត្រា ក៏ដូចជាអ្នករបួស និងអ្នកជំងឺដទៃទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមគ្រួសារពលបាលឯក ម៉ន ភក្ត្រា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ភាពកក់ក្តៅ ក្តីមេត្តា ករុណា ចំពោះប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ដោយគ្មានការរើសអើងអ្វីឡើយ។

គួររំលឹកថា កម្លាំងប្រដាប់អាវុធថៃ បានបន្តចូលឈ្លានពានទឹកដីកម្ពុជា រាយលួសបន្លា បន្ថែមទៀត នៅចំណុចភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥ លុះប្រជា ពលរដ្ឋខ្មែរ និងព្រះសង្ឃ បានលើកគ្នាទៅរារាំង និងរើលួសបន្លា ចេញពីទឹកដីរបស់ពួកគាត់ ស្រាបតែត្រូវទា ហាន និងប៉ូលិសថៃ ប្រដាប់ដោយអាវុធ បានបាញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងចម្ពាមកៅស៊ូគ្រាប់ឃ្លី បណ្តាលឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរ រួមទាំងកងទ័ពកម្ពុជា ដែលមិនប្រដាប់អាវុធ ដែលឈរស្រាក់ដៃគ្នាពាំការពារប្រជាពលរដ្ឋ បានរងរបួសធ្ងន់-ស្រាល ចំនួន២៧នាក់ ក្នុងនោះពលបាលឯក ម៉ន ភក្ត្រា បានរងរបួសភ្នែកខាងស្តាំ យ៉ាងធ្ងន់។

ជុំវិញករណីខាងលើនេះ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់នូវអំពើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ ហើយទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណ:នៃការយោគ យល់ ត្រង់ចំណុច២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ជាធរមាន។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានខ្លឹមសារថា «អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជន ជាតិនិងអន្តរជាតិ មេត្តាជ្រាបថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៣និង៤៤នាទី កងទ័ពថៃ ប្រដាប់ដោយអាវុធ និងសមត្ថកិច្ចបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបងនិងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយលួសបន្លាសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរ បានរស់នៅនិងអាស្រ័យផល តាំងពីយូរណាស់មកហើយ ប៉ុន្តែប្រជាពលរដ្ឋនៅទីនោះ បានចេញមករារាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើលួសបន្លាទាំងនោះចេញវិញ» ។

សេចក្តីថ្លែងការណ៍ដដែល បន្តថា «សមត្ថកិច្ចថៃ បានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង មកលើប្រ ជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋនិងព្រះសង្ឃ យ៉ាងតិច ២៤ នាក់ រងរបួសធ្ងន់ សន្លប់ និងរងរបួសស្រាល។ កងកម្លាំងនិងអាជ្ញាធរសមត្ថកិច្ចកម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ដែលឈរជើងនៅតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការប្រកាន់ដោយខ្ជាប់ខ្ជួនបំផុតនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវ ស្របតាមច្បាប់អន្តរជាតិ។ សមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានរងរបួស ដោយបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកអ្នករងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ» ។

សេចក្តីថ្លែងការណ៍ បន្តទៀតថា «អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ព្រមទាំងសូមអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់នូវអំពើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មា រតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណ:នៃការយោគយល់ ត្រង់ចំណុច២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ ជាធរមាន។ អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សា ជាថ្មីថា  រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគី ដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូច ឲ្យភាគីថៃ គោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នា ដើម្បីបញ្ចៀសការប៉ះទង្គិចដែលនាំទៅដល់ការផ្ទុះអាវុធសាជាថ្មី…»៕ ខៀវទុំ

RELATED ARTICLES