ភ្នំពេញ ៖ ហាងខារ៉ាអូខេ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីជាងផ្សារដែក ធ្វើឱ្យធ្លាក់កម្ទេចធូបផ្សារ បង្កជាអគ្គិភ័យ រាលឆេះខ្យូសសម្រាប់ភ្ញៀវផឹកស៊ី អស់ចំនួន៦ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ករណីអគ្គិភ័យ ឆេះហាងខារ៉ាអូខេនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចហាងខារ៉ាអូខេ KTV កួរស្រូវ មនោរម្យ មានទីតាំងស្ថិតនៅចំណុចផ្លូវ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយា ល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ក្នុងនោះមាន រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា សំណង់រងគ្រោះ ជាប្រភេទថ្មបេតុង ទំហំ ២០ម៉ែត្រ គុណនឹង ២៥ ម៉ែត្រ។ ចំពោះសម្ភារៈដែលឆេះខូចខាត រួមមាន ខ្យូសសម្រាប់ភ្ញៀវអង្គុយផឹកស៊ី សង់ពីដែក ប្រក់ស្បូវ ចំនួន៦ ដោយខ្យូសនីមួយៗ មានទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាង ឡើយ។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ គ្រប់គ្រងបានទាំងស្រុង នៅម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចធូប បង្កជាអគ្គិភ័យ តែនៅក្នុងករណីនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕
