Friday, September 26, 2025
Homeតារាខ្មែរពេជ្រ សូលីកា ត្រូវប៉ាន់

ពេជ្រ សូលីកា ត្រូវប៉ាន់

ភ្នំពេញ ៖ ពេជ្រ សូលីកា ប្រកាសថា នាងត្រូវគេជួលឲ្យច្រៀងក្នុងខែកញ្ញា ពេញ ខណៈដែលអ្នកកក់នៅខែតុលា, វិច្ឆិកា និងធ្នូ ជិតពេញហើយ ។ នេះជាការឆ្លើយតបរបស់សូលីកា ទៅកាន់អ្នកថា នៅឆ្នាំ២០២៥ នាងគ្មានបទល្បីដូចឆ្នាំ២០២៤ ហេតុនេះហើយទីផ្សារចម្រៀងរបស់នាង ប្រឈមធ្លាក់ចុះ តែពេលនេះ ស្រីពេជ្រ បញ្ជាក់ថា នាងត្រូវប៉ាន់ខ្លាំងជាងមុនទៅទៀត ព្រោះគេកក់ជាប់រហូត គ្មានតែពេលទៅច្រៀងឲ្យគេផង ។

 គេចាំបានថា កាលពីឆ្នាំ២០២៤ ពេជ្រ សូលីកា ល្បី ២បទ «ថែការចងចាំ» និង «បើអូនជួបគេ» ធ្វើឲ្យនាងស្ទុះងើបឡើងវិញ រហូតរកប្រាក់ចំណូលបានជិត ៣០ម៉ឺនដុល្លារ ពីការចេញច្រៀង សរុបទាំងអស់ជិត ១០០កម្មវិធី ។ បទចម្រៀងដែលអ្នកមេម៉ាយកូនមួយរូបនេះ ទទួលបានការគាំទ្រច្រើន គឺចម្រៀងដែលនាងច្រៀងដូចគ្នាទៅនឹងសាច់រឿងស្នេហាបែកបាក់ផ្ទាល់ខ្លួន ជាមួយអតីតគូដណ្ដឹង លោកគឹម ហាន កាលពីឆ្នាំ២០២២ ។ ប៉ុន្ដែបើនាងនៅតែបន្ដចេញប្រភេទបទបែបនេះ តែមួយច្រកតទៅទៀត ដោយគ្មានបទញាក់ណាលេចធ្លោទេ នោះនាងនឹងអាចត្រូវបានអ្នកស្ដាប់សាំជាមិនខាន ព្រោះ Fan ចង់ឃើញនាងលេងក្បាច់រាំ ដូចតារាល្បីៗទៀត ដែលមានក្រុមរាំអមដែរ ។ ប៉ុន្តែស្រីពេជ្រ ដែលផ្ដោតតែលើបទស្លូវនោះ បែរជាងាកទៅពង្រឹងឲ្យប្អូនស្រីខ្លួន ឈ្មោះ ជេលី ជីង (Jelly Jing) ចាប់អាជីពចម្រៀងដូចខ្លួន តែពង្រឹងទៅលើក្បាច់រាំជាងខ្លួនទៅវិញ ។

 សូមបញ្ជាក់ថា ក្រោយពេជ្រ សូលីកា ចែកផ្លូវលោកគឹម ហាន ជាង២ឆ្នាំមកនេះ ធ្លាប់លេចឮថា មានប្រុសទាំង ក្នុងនិងក្រៅស្រុក ចង់ស្អំរបួសបេះដូងនាង ប៉ុន្ដែទីបំផុតស្រីពេជ្រ បានបណ្ដើរប្រុសម្នាក់ ជាចំហ ទៅចូលរួមមង្គលការទេព បូព្រឹក្ស កាលពីខែមិថុនា ឆ្នាំ២០២៥ ទើបធ្វើឲ្យប្រុសផ្សេងៗទៀតដែលចង់ធ្វើប្ដីនាង ខកចិត្ត បើទោះជានាងទទូចថា សូមកុំឲ្យគេមានការយល់ច្រឡំរឿងនេះក្ដី តែគេថា បើមិនច្បាស់លាស់ នាងមិននាំឲ្យគេស្គាល់មុខប្រុសនោះឡើយ។ ប៉ុន្តែជាង៣ខែ ក្រោយបើកមុខម្ចាស់ចិត្តថ្មីនោះ គ្មានដំណឹងស្រីពេជ្រ គ្រោងភ្ជាប់ពាក្យ ឬត្រៀមរៀបការឡើយ ខណៈដែលនាងនិងអតីតប្តី នៅតែមានទំនាក់ទំនងគ្នាល្អ ព្រោះលោកហាន អាចទៅយកកូនប្រុស ដើរលេងនៅពេលណាក៏បាន ។

 តាមព័ត៌មានថា ពេជ្រ សូលីកា នឹងឡើងច្រៀងតាមឆាកមួយចំនួន ជាមួយប្អូនស្រីនាងតែម្ដង នៅពេលខាង មុខនេះ ក្រោយពីអ្នកទាំងពីរធ្លាប់ច្រៀងឆ្លងឆ្លើយគ្នា បទ «ផ្កាឈូកកម្សត់» និង Solo Concert កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្ដែបើស្រីពេជ្រ គ្មានបទថ្មីៗទេ ហើយបន្ដច្រៀងបទដដែលៗនោះ គេជឿថា ការគាំទ្ររបស់នាងប្រាកដជាមានការប្រែប្រួលជាមិនខាន បើទោះជាពេលនេះនាងចេញមុខអះអាងថា គេកក់ឡើង ណែនទៅហើយសម្រាប់ការចេញច្រៀងនៅចុងឆ្នាំ២០២៥ នេះក្ដី ។          

ក្រៅពីពេជ្រ សូលីកា តារាដែលលែងប្ដីហើយ នៅមានហាងឆេងសិល្បៈ ឆ្នាំ២០២៥ មានដូចជា ពេជ្រ សោភា, សុខ សោម៉ាវត្តី និងកែវ និសា ជាដើម ។ ចំពោះស្រីពេជ្រ ក្រោយដើរចេញពីហង្សមាស នាងគ្មានគម្រោងចូលផលិតកម្មថ្មីទេ ប៉ុន្ដែនឹងរក្សាគោលការណ៍ផលិតបទចម្រៀងដោយខ្លួនឯង តាមរយៈក្រុមផលិត (Team) និងមាន Sponsor ជួយ ដែលពេលនេះ នាងចង់ចេញបទប្រភេទណា ហើយច្រៀងជាមួយប្អូនស្រី បទអ្វីក៏បានតាមចិត្ត៕

RELATED ARTICLES