Friday, September 26, 2025
Homeតារាខ្មែរអ្នកប្រមាថប្តីថ្មី មាស សុខសោភា ចាត់ទុកជាសត្រូវ

អ្នកប្រមាថប្តីថ្មី មាស សុខសោភា ចាត់ទុកជាសត្រូវ

ភ្នំពេញ ៖ ក្រោយពេលដែលលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង និងតារាចម្រៀង មាស សុខសោភា បានបើកចំហពីទំនាក់ទំនងស្នេហារបស់ពួកខ្លួន ដោយទទួលស្គាល់ និងហៅគ្នាថាជាប្តីប្រពន្ធពេញៗមាត់រួចមក គេឃើញមនុស្សមួយចំនួន នៅតែបន្តការរិះគន់ បន្តុះ បង្អាប់ រហូតប្រើពាក្យសម្តីមិនសមរម្យ ប្រមាថទៅលើប្តីថ្មីរបស់តារាចម្រៀងមាស សុខសោភា ដែលជាជនពិការដៃម្ខាង ជាហេតុធ្វើឱ្យមាស សុខសោភា ទ្រាំលែងបាន ចេញមកប្រកាស ចាត់ទុកអ្នកដែលប្រមាថប្តីថ្មីរបស់ខ្លួន គឺជាសត្រូវរបស់នាងតែម្តង។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសារមួយ តាមបណ្តាញសង្គម បង្ហាញពីការអាក់អន់ស្រពន់ចិត្តចំពោះមនុស្សមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន ដែលបានប្រមាថទៅលើប្តីថ្មីរបស់នាង ដោយចោទថា ចេះអាគមដាក់មកលើរូបនាងជាដើម ដែលទង្វើទាំងនោះ ត្រូវបានតារាចម្រៀង មាស សុខសោភា ចាត់ទុកជាការរំខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាង។

តារាចម្រៀង មាស សុខសោភា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា “អ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំ ថាចេះអាគម ដាក់មកលើរូបនាងខ្ញុំ ចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំ ស្រលាញ់នាងខ្ញុំគ្រប់គ្នាហ្នឹង តើនាងខ្ញុំចេះអាគមធ្វើដាក់ទាំងអស់គ្នាដែរឬ? នាងខ្ញុំមិនត្រូវការក្តីស្រលាញ់ណាដែលចូលមករំខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាងខ្ញុំនោះទេ។ អ្នកទាំងគ្នា គិតតែសេចក្តីសុខក្នុងក្រុមគ្រួសាររបស់អ្នកគ្រប់គ្នា ឱ្យតែមានសេចក្តីសុខរៀងៗខ្លួនទៅ រឿងសិទ្ធិឯកជនរបស់នាងខ្ញុំ វាមិនមែនដែលត្រូវឱ្យអ្នកទាំងគ្នាចូលមកបញ្ជាឬហួងហែងទៅតាមអារម្មណ៍របស់អ្នកចង់បាននោះឡើយ…”។

តារាចម្រៀង មាស សុខសោភា បានបន្តថា “អ្នកគ្រប់គ្នា នាំគ្នាចូលមកប្រមាថមកលើមនុស្សដែលជាអ្នកមានគុណរបស់នាងខ្ញុំ ទាំងមិនដែលស្គាល់គាត់ច្បាស់ ហើយនាំគ្នាជេរប្រមាថទៅដល់រូបលោកដែលជាមនុស្សម្នាក់ខំប្រឹងជួយដល់មនុស្សជាច្រើន។ អ្នកជេរប្រមាថមនុស្សរបស់ខ្ញុំ គ្រប់គ្នានោះ តើអ្នកបានធ្វើអ្វីខ្លះជួយដល់សង្គម ជាតិមួយនេះហើយឬនៅ? ម្នាក់ៗបានត្រឹមតែជឿទៅតាមសម្តីពួកមនុស្សពាល ដែលជាគូសត្រូវម្ខាងរបស់នាងខ្ញុំប៉ុណ្ណោះ…”។

មាស សុខសោភា បានបន្តទៀតថា “ពីពេលនេះទៅ នាងខ្ញុំគិតថា គ្រប់អ្នកដែលចូលមកប្រមាថដល់នាងខ្ញុំ គឺជាសត្រូវ មិនមែនជា fan ពិតប្រាកដនោះទេ ពួកគេសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈជាមនុស្ស ជាមនុស្សដែលមិនស្គាល់ខុសត្រូវ មិនស័ក្តិសមនឹងនាងខ្ញុំផ្តល់តម្លៃ ឱ្យពួកគេថាជា fan ឡើយ។ ពុកម៉ែ បងប្អូន ដែលធ្លាប់អាណិតស្រលាញ់ដល់នាងខ្ញុំកន្លងមក ជាទីគោរព! នាងខ្ញុំចង់ជម្រាបថា បើពុកម៉ែ បងប្អូន គិតថានាងខ្ញុំខុស ឬក៏អ្នកទាំងអស់គ្នា អស់ក្តីមេត្តាមកលើរូបនាងខ្ញុំក៏ដោយ តែសូមកុំចូលមកប្រមាថមនុស្សរបស់នាងខ្ញុំទៀត ហើយឈប់គាំទ្រសំឡេងនាងខ្ញុំទៀតទៅ ដើរចេញឱ្យផុតគ្រប់គ្នាចុះ កុំចូលមកសាងបាបដាក់ខ្លួនអី»។

តារាចម្រៀង មាស សុចសោភា បន្តទៀតថា «នាងខ្ញុំពិតជាឆ្ងល់ តើអ្នកគ្រប់គ្នា យល់អំពីពាក្យថា សិទ្ធិបុគ្គលដែរទេ? បើសិនជាចិត្តរបស់នាងខ្ញុំ ពិចារណាឃើញប្តីឬប្រពន្ធរបស់អ្នកគ្រប់គ្នា មិនល្អ ដូចអ្នកគ្រប់គិតមកលើមនុស្សរបស់នាងខ្ញុំ ឬក៏នាងខ្ញុំគិតថា គ្រប់ប្តីឬប្រពន្ធរបស់អ្នកគ្រប់គ្នា មិនល្អ ជាជនបាតសង្គម មិនសមវណ្ណៈ ភាពដូចអ្នកគ្រប់គ្នាកំពុងតែប្រមាថមកលើមនុស្សរបស់នាងខ្ញុំវិញ តើអ្នកគ្រប់គ្នាព្រមធ្វើតាមចិត្តរបស់នាងខ្ញុំដែរទេ? បើនាងខ្ញុំតម្រូវឱ្យត្រូវតែលែងប្តី ឬប្រពន្ធអ្នកគ្រប់គ្នាចោល ព្រោះវាមិនស័ក្តិសម តើអ្នកគ្រប់គ្នាធ្វើតាមបានដែរទេ គ្រប់គ្នាពិចារណាចុះ! កន្លងមកនាងខ្ញុំផុសតែរឿងឯកជន ដែលជាសេចក្តីសុខរបស់នាងខ្ញុំ ហើយក៏គ្មានអ្នកណាម្នាក់មានសិទ្ធិមកហាមឃាត់បានដែរ ព្រោះវាជាសិទ្ធបុគ្គល តែបែរជាមនុស្សមួយចំនួន ចូលមកជេរប្រមាថ មិនឱ្យផុសរូបឯកជន ទាំងនាងខ្ញុំមិនដែលនិយាយអ្វីសោះ គឺបង្ហោះតែរូបរបស់យើងទាំង២ ហើយមានចម្រៀង អមនឹងរូបភាពប៉ុណ្ណោះ តែបែរជានាំគ្នាចូលឈឺឆ្អាលរឿងសិទ្ធិរបស់បុគ្គលគេទៅវិញ សួរថា តើអ្នកណាជាអ្នកដែលបំពុលសង្គមឱ្យប្រាកដ? សូមអរគុណ…”។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានធ្វើការ ឡាយវីដេអូ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀងមាស សុខសោភា ហើយទោះបីរឿងនេះ មិនទាន់មានចាស់ទុំទាំងសងខាងដឹងឮ តែមានទេវតាដឹងឮមុនហើយ និងថែមទាំងផ្តាំទៅស្ត្រីៗទាំងឡាយ ឈប់យល់ច្រឡំ ភ័យខ្លាចមាស សុខសោភា ទាក់ទងប្តីខ្លួនទៀតទៅ។

ចំណែកតារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជន កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៥ ថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា អតីតស្វាមីនាងនេះ រួមតែសុខ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់ បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕ ដារិទ្ធ

RELATED ARTICLES