ភ្នំពេញ ៖ បុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ពេញ ទំហឹង នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យខូចខាតទាំងកង់បី និងរថយន្តទំនើប ចំណែកអ្នកបើកម៉ូតូកង់បី រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បី ១គ្រឿង ពាក់ស្លាកលេខ កណ្តាល 1AI-6224 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-3676 ពេញទំហឹង បណ្តាលឱ្យខូចខាតទាំងម៉ូតូកង់បី និងរថយន្តទំនើប យ៉ាងដំណំ។ រីឯម្ចាស់ម៉ូតូកង់បី រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕