Saturday, March 28, 2026
Homeព័ត៌មានជាតិសម្ដេច ពិន សែម បិណ្ឌបាតខ្មែរសាមគ្គី

សម្ដេច ពិន សែម បិណ្ឌបាតខ្មែរសាមគ្គី

ខេត្តសៀមរាប ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងចូលមកដល់ ក្នុងពេលខាងមុខដ៏ខ្លីនេះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈ សង្ឃនាយក និងជាព្រះចៅអធិការវត្ដរាជបូណ៌ ក្រុងសៀមរាប បានបិណ្ឌបាតជនរួមជាតិខ្មែរ ទាំងអស់ ទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ តាំងចិត្តរួបរួមសាមគ្គីជាធ្លុងមួយ ដោយសម្ដេច បញ្ជាក់ថា គ្មាននរណាស្រលាញ់យើង ជាងខ្មែរគ្នាយើងស្រលាញ់គ្នាទេ តែបើខ្មែរយើងបែកបាក់ សាមគ្គី ប្រទេសជាតិ នឹងមិនបានសុខទេ ។

 ជាសារអំពាវនាវរបស់សម្ដេច ពិន សែម បានបិណ្ឌបាតថ្នាក់ដឹកនាំប្រទេស រួមមាន សម្ដេច ហ៊ុន សែន ប្រ ធានព្រឹទ្ធសភា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងឆ្នាំថ្មីនេះ សូមតាំងចិត្តមិនធ្វើអ្វីអាក្រក់ ដោយកាយ វាចា ចិត្ត នាំគ្នាធ្វើសេចក្តីល្អ ដោយកាយវាចា ចិត្ត ហើយតាំងចិត្តឆ្នាំថ្មី ធ្វើកិច្ចការងារអ្វីឱ្យរីកចម្រើន លូតលាស់ទាំងអស់ ព្រោះគ្មាននរណាស្រលាញ់យើង ជាងខ្មែរយើង ស្រលាញ់គ្នាទេ តែបើខ្មែរយើង បែកបាក់សាមគ្គី អត់បានសុខដល់ប្រទេសជាតិទេ ។

 សម្ដេច ពិន សែម បានមានថេរដីកាថា “តែយើងត្រេកអរ រីករាយសប្បាយ ហ្នឹងជីវិតរបស់យើងឆ្លងកាត់គ្រោះ ថ្នាក់ទាំងអស់ ឆ្នាំចាស់ ៣៦៥ថ្ងៃ បានគេធ្វើបុណ្យចូលឆ្នាំ ធ្វើបុណ្យនក្ខត្តឫក ក៏ប៉ុន្តែក្នុងឆ្នាំថ្មីនេះ សុំឲ្យយើងទាំងអស់គ្នា ដូចជា ប្រមុខរដ្ឋាភិបាលក្ដី សម្ដេចបវរធិបតី ហើយនិងសម្ដេចតេជោ ហ៊ុន សែន ក្ដី ជាប្រធានព្រឹទ្ធសភា មន្រ្តីរាជការទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគ្រហស្ថ ទាំងបព្វជិត គឺព្រះសង្ឃ គ្រហស្ថ គឺមន្រ្តីរាជការ គហបតី អ្នកឧកញ៉ា អីទាំងអស់ ដែលជាខ្មែរ សុំតាំងចិត្តថា ក្នុងឆ្នាំថ្មីនេះ អាត្មាអញ មិនធ្វើអីអាក្រក់ ដោយកាយ វាចា ចិត្តទេ តាំងចិត្តទាំងអស់គ្នាតែម្ដង ។ ព្រះមហាក្សត្រ ដែលទ្រង់គង់នៅក្នុងទស ពិធរាជធម៌ របស់ក្សត្រហ្នឹង ល្អប្រពៃហើយ លោកគង់ទសពិធរាជធម៌ ហើយបន្ទាប់ពីមន្រ្តី អាមាត្យទាំងអស់ នាំគ្នាធ្វើសេចក្ដីល្អ ដោយកាយ ដោយវាចា ចិត្ត តាំងចិត្តថា ឆ្នាំថ្មី ធ្វើកិច្ចការងារអ្វី ឲ្យចម្រើនលូតលាស់គ្រប់ផ្នែកទាំងអស់  អ្នកណាកាន់ការណា ឲ្យជឿនលឿន កុំឲ្យវាសុញនៅហ្នឹង ។ អាហ្នឹងជាពរដែលអាត្មា ត្រូវថ្វាយ ត្រូវប្រគេន ត្រូវជូនទាំងអស់គ្នា ក្នុងនាមជាខ្មែរ ហើយគ្មានអ្នកណាស្រលាញ់យើង ជាងយើងទេ ជាងខ្មែរយើងស្រលាញ់គ្នាទេ តែខ្មែរយើងបែកបាក់សាមគ្គីគ្នា អត់បានសុខទេ ប្រទេសជាតិ“ ។

  គួរបញ្ជាក់ថា ក្នុងផ្លូវព្រះពុទ្ធសាសនា មាគ៌ាឬគោលធម៌ ដែលត្រួសត្រាយផ្លូវនាំឲ្យកើតសាមគ្គីភាព មាន ៦យ៉ាង គឺ ៖

  ១. ចិត្តប្រកបដោយមេត្តា ៖ បានដល់ការគិតល្អ សម្លឹងមើលគ្នាក្នុងផ្លូវល្អ មានចេតនាល្អ និងបំណងល្អចំពោះគ្នា ស្រឡាញ់រាប់អានគ្នា គិតជួយស្ថាបនាគ្នា ដោយមិនច្រណែនឫស្យាដាក់គ្នា មិនគិតដោយអគតិចំពោះគ្នា មិនគិតព្យាបាទគ្នា មិនខឹងគ្នា ចេះឲ្យឱកាសនិងអភ័យទោសចំពោះគ្នា។

  ២. ការពោលពាក្យប្រកបដោយមេត្តា ៖ បានដល់ការនិយាយល្អចំពោះគ្នា និយាយគ្នាដោយសេចក្តីស្រឡាញ់រាប់អាន ចេះប្រើសម្ដីឲ្យកម្លាំងចិត្តគ្នាក្នុងគ្រាដែលអ្នកដទៃ ជួបសេចក្តីទុក្ខលំបាក និយាយណែនាំក្នុងផ្លូវល្អ និងមានប្រយោជន៍ តែមិនត្រូវនិយាយជាន់ពន្លិចបន្ថែម និងមិននិយាយដើមពីក្រោយខ្នង ឬមិនកុហកបោកប្រាស់។

  ៣. ការប្រព្រឹត្តប្រកបដោយមេត្តា ៖ បានដល់ការធ្វើល្អចំពោះគ្នា ជ្រោមជ្រែងគ្នាខាងកម្លាំងទ្រព្យ ឬកម្លាំងកាយ មានសេចក្តីឱនលំទោនចំពោះគ្នា ចេះគោរពគ្នា ធ្វើល្អចំពោះគ្នារហូត ដោយមិនត្រូវបៀតបៀនគ្នា និងមិនធ្វើបាបគ្នា។

  ៤. ការចែករំលែក ៖ បានដល់ការចែករំលែកភោគផលដល់គ្នា ដោយយុត្តិធម៌ មានសេចក្តីស្មើភាពគ្នា អើពើគ្នាជានិច្ច ជួយអនុគ្រោះគ្នា ដោយមិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងមិនយកប្រៀបគ្នា។

  ៥. ការគោរពច្បាប់ និងសិទ្ធិសេរីភាពអ្នកដទៃ ៖ បានដល់ការបដិបត្តិតាមច្បាប់របស់រដ្ឋ បទបញ្ជា ឬបទវិន័យផ្សេងៗរបស់ស្ថាប័ន និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប។

  ៦. ការបង្រួបបង្រួមទស្សនៈ ៖ បានដល់ការយល់ឃើញស្របគ្នា គិតក្នុងគោលដៅដូចគ្នា សម្រួលគំនិតឲ្យត្រូវគ្នា ស្វែងរកចំណុចរួម និងរក្សាទុកចំណុចផ្សេងរបស់គ្នានិងគ្នា ដោយមិនគួរប្រកាន់ខ្ជាប់តែការយល់ឃើញរបស់ខ្លួនជាធំ តែត្រូវចេះស្តាប់មតិយោបល់របស់អ្នកដទៃ។

  គោលធម៌ ទាំង ៦យ៉ាងនេះ ជួយសាងសាមគ្គីភាព និងស្ថេរភាព ឲ្យកើតឡើងក្នុងសង្គម ដែលជាហេតុនាំមកនូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពទាំងពួង។

  ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់សម្តែងថា “សាមគ្គី សាមគ្គានំ តបោ សុខោ”  ប្រែថា “សាមគ្គី រមែងនាំមកនូវសេចក្តីសុខ” ។

  រីឯបុរាណាចារ្យខ្មែរ បានពោលទុកថា «សាមគ្គី រស់ បែកបាក់សាមគ្គី ស្លាប់» ៕

RELATED ARTICLES