Friday, May 15, 2026
Homeព័ត៌មានជាតិក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថាន ភាពព្រំដែន នៅប្រាសាទព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថាន ភាពព្រំដែន នៅប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្រប សម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេត ការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីន ធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុត របស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុត ដោយសារការវាយប្រហារពីសំណាក់យោធាថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មី នៅក្នុងភូមិសាស្រ្តនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិ ភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។

ដោយឡែក កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃ មួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជា ថាបានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថា គឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ៕ ខៀវទុំ

RELATED ARTICLES