ភ្នំពេញ ៖ ស្រីស្រស់ ណា សាឌី ព្យាយាមលាក់មុខអ្នកដឹកដៃនាងទៅដើរលេងនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ប៉ុន្ដែឥឡូវធ្លាយបុរសដែលនាងកៀកកើយ និងនាងទុកចិត្តជាងគេនោះ គឺជាចៅប្រុសរបស់អ្នកស្រី ពាន់ ភួងបុប្ផា លោកម៉ុង ម៉ានិត អតីតតតារាចម្រៀងហង្សមាស ។ គេមិនដឹងថាទំនាក់ទំនងរវាងសាឌី និងម៉ានិត ស៊ីជម្រៅគ្នាដល់កម្រិតណាទេ ប៉ុន្ដែកាលពីចុងខែកញ្ញា ឆ្នាំ២០២៩ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ដ Cannes នៅប្រទេសបារាំង លោកម៉ានិត ក៏ធ្លាប់បណ្ដើរមាន សូនីតា ទៅដែរ ពោលគឺទាំងសាឌី និងសូនីតា សុទ្ធតែទុកចិត្ដលោកម៉ានិត ដូចគ្នា ។ យ៉ាងណា សាឌី មិនបានបង្ហាញរូបភាពស្អិតល្មូតជាមួយលោកម៉ានិត ដូចសូនីតា ទេ ខណៈដែលប្រភពខ្លះថា ក្រៅពីចៅប្រុសលោកស្រីពាន់ ភួងបុប្ផា ស្រីស្អាត សាឌី អាចមានអ្នក ពិសេសនៅអាមេរិក ជូនដើរលេងរួមគ្នាផងដែរ គ្រាន់តែនាងមិនឲ្យគេឃើញឬស្គាល់បុរសនោះឡើយ ។

ណា សាឌី មិនអាចទាក់ទងបានទេកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ព្រោះទូរស័ព្ទមិនចូល។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែហោះមកដល់ស្រុកភ្លាម កាលពីថ្ងៃទី៣០ ខែកញ្ញា នាងបានស្លៀកពាក់ស ទៅវត្តភ្លែត ព្រោះជាញឹកញាប់ គេឃើញនាងទៅធ្វើសមាធិនៅវត្ត បួសជាដូនជី ញ៉ាំអាហារបួស ដូចគ្នាទៅនឹងស៊ីន យូប៊ីន ដែរ ។

លោកម៉ុង ម៉ានិត អតីតតារាចម្រៀងហង្សមាស
សូមបញ្ជាក់ថា ស្រីស្រស់ណា សាឌី បានចេញទៅអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ និងទើបវិលមកវិញនៅចុងខែកញ្ញា ហើយអ្វីដែលនាងមានការតាំងចិត្តខ្ពស់ ក្រោយមកពីសប្បាយអស់ដៃ ជាង១សប្ដាហ៍ នៅទឹកដីដុល្លារនោះ គឺនាងរវល់ទៅលើការហាត់ប្រាណសម្រកទម្ងន់ ដោយជ្រើសយកកីឡា Cadillac Pilate រយៈពេល២ឆ្នាំ មកហើយ រួមជាមួយការតមអាហារ ដើម្បីសម្រេចគោលដៅសម្រកទម្ងន់ឲ្យបាន ៦គ.ក្រ ខណៈបច្ចុប្បន្ន នាងមានទម្ងន់៥៤គ.ក្រ តែគីឡូដែលនាងស្រលាញ់ គឺ៤៨គ.ក្រ ។ សាឌី ថាការហាត់ប្រាណជាប្រចាំនេះបញ្ជាក់ថា នាងមិនបោះបង់អ្វីដែលខ្លួនឯងស្រលាញ់កណ្ដាលទីឡើយ បើទោះជា ២ឆ្នាំមកនេះការចំណាយថវិកាបង់ថ្លៃកីឡានេះ ច្រើនគួរសមក្ដី តែនាងមិនបណ្ដោយឲ្យគីឡូឡើងជាងនេះទេ ។

ណា សាឌី អតីតអតីត Freshie ឆ្នាំ២០១៥ មានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ តែអំឡុងផ្ទុះសង្រ្គាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នាងឈរជាមួយកងទ័ពកម្ពុជា ជានិច្ច តាមរយៈការរៀបចំអំណោយសម្ភារៈជូនយោធាជូរមុខ ជាមួយមូលនិធិបាយ័ន។ សាឌី អាយុ២៩ឆ្នាំ បច្ចុប្បន្ន មិនផ្ដោតលើការថតភាពយន្ដ និង MV ទៀតទេ គឺពង្រឹងតែលើការងារពិធីការិនី (MC) នៅបាយ័ន ប៉ុណ្ណោះ ហើយនាងនៅតែអាចឈរជើងក្នុងអាជីព MC បាន ស្ថិតក្នុងចំណោមអតីត Freshie ដែលកំពុងចាប់អាជីពនេះនៅបាយ័ន មានដូចជា លោកជួប សុភ័ក្ដ្រ, ជា វណ្ណារិទ្ធ, សុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ។ សាឌី ប្រឡូកសិល្បៈ ១០ឆ្នាំមកនេះ នាងត្រូវបានចាត់ទុកជាតារាមានទ្រព្យម្នាក់ ព្រោះទិញបានផ្ទះវីឡា អំឡុងផ្ទុះកូវីដ និងសព្វថ្ងៃជិះរថយន្ដទំនើបៗផ្លាស់ប្ដូរស៊េរី ជាបន្ដ បន្ទាប់ទៀតផង។ ប្រភពថា ណា សាឌី មានភាគរយខ្ពស់ក្នុងការយកប្ដីជាបុរសអាណិកជនខ្មែរ នៅក្រៅស្រុក នាពេលខាងមុខ បើទោះជាពេលនេះ នាងទុកចិត្តចៅប្រុសលោកស្រីពាន់ ភួងបុប្ផា ដូចគូស្នេហ៍ តែរឿងស្នេហា ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះសាឌី ជាមនុស្សរើសប្ដី ហើយកន្លងមកនាងធ្លាប់បង្ហើបថា មិនចង់បានប្ដី ជាតារាដូចគ្នាទេ ៕

