រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូ ១គ្រឿង ដេញតាមចាក់សម្លាប់នារីជាសង្សារ ដែលបងថ្លៃប្រុសរបស់នាង កំពុងបើកម៉ូតូដឹកទៅធ្វើការ តែត្រូវបុរសជាបងថ្លៃ រាំរាំង ក៏មានការប្រវាយប្រតប់ និងទាញកាំបិតចាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យយុវជនខាងលើ និងបុរសជាបងថ្លៃរបស់នារីជាអតីតសង្សារ ស្លាប់ទាំង២នាក់ក្នុងថ្លុកឈាម ។ ករណីតាមចាក់សម្លាប់អតីតសង្សារនេះ កើតមានឡើង បន្ទាប់ពីជនសង្ស័យ បានតាមអង្វរសុំត្រូវរ៉ូវគ្នាជាមួយនារីជាសង្សារវិញ តែនាងមិនព្រម ទើបជនសង្ស័យ បានបោះសម្តីគំរាមថា «បើខ្ញុំមិនបាន អ្នកផ្សេងក៏មិនបានដែរ»។

ហេតុការណ៍ឃាតកម្មនេះ បានមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលតាមចាក់សម្លាប់អតីតសង្សារនោះ មានឈ្មោះ តុល ចាន់ណា អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មាន ស្រុកកំណើតនៅភូមិជើងកួន ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ មានលំនៅបច្ចុប្បន្ន នៅបុរីពិភពថ្មី ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកស្ត្រីជាអតីតសង្សារ ឈ្មោះ យី សំណាង ហៅយ៉ា អាយុ២៤ឆ្នាំ មុខរបរលក់កាហ្វេ មានលំនៅក្នុងបុរីពិភពថ្មី កួរស្រូវ៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ (គ្មានរបួស) ។ រីឯបុរសដែលជាបងថ្លៃរបស់នាង ដែលបានស្លាប់ដែរនោះ ឈ្មោះ សេម បូរី អាយុជាង៣០ឆ្នាំ មានលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ ដង្កោ ។
នគរបាលប៉ុស្តិ៍ជើងឯក បានឲ្យដឹងថា នៅកន្លែងកើតហេតុ បានរកឃើញកាំបិតចុងស្រួច១ប្រឡាក់ទៅដោយឈាម នៅលើចិញ្ចើមផ្លូវ ដែលជារបស់យុវជនសង្ស័យ ឈ្មោះតុល ចាន់ណា ប្រើប្រាស់សម្រាប់ចាក់ទៅលើនារីជាអតីតសង្សារ ឈ្មោះយី សំណាង ហៅយ៉ា និងឈ្មោះសេម បូរី ដែលជាបងថ្លៃរបស់នាង ។ ក្រៅពីនេះ បានឃើញសពអ្នកទាំង ២ដេកស្លាប់ក្នុងថ្លុកឈាម នៅលើផ្លូវ ៦០ម៉ែត្រ ចម្ងាយប្រមាណ ៥ទៅ៦ម៉ែត្រពីគ្នា និងមានម៉ូតូ ២គ្រឿងទៀត នៅកន្លែងកើតហេតុ ក្នុងនោះ ១គ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ស និង ១គ្រឿងទៀតម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ព្រមទាំងទូរស័ព្ទដៃ ១គ្រឿង ហើយភ្លាមៗនោះនគរបាល បានអញ្ជើញនារីឈ្មោះ យី សំណាង ទៅសាកសួរបំភ្លឺនៅប៉ុស្តិ៍ជើងឯក ។

នគរបាលដដែល បានបន្តថា តាមការសួរនាំត្រួសៗ ជំហានដំបូង នារីឈ្មោះ យី សំណាង ហៅយ៉ា បានប្រាប់ថា នាងនិងយុវជន តុល ចាន់ណា ដែលជាជនសង្ស័យ គឺជាអតីសង្សារ ដែលបានចែកផ្លូវគ្នា រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែជននេះ តែងតែបានឆាត និងតាមសុំត្រូវរ៉ូវគ្នាវិញ ។ ចំណែកនៅវេលាព្រឹកថ្ងៃកើតហេតុ ដោយខ្លាចមានបញ្ហាកើតឡើង ទើបបុរសជាបងថ្លៃប្រុស របស់នាង ឈ្មោះសេម បូរី បានបើកម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1AE-7524 ជូននាងចេញពីផ្ទះ នៅម្ដុំកួរស្រូវ ទៅធ្វើការនៅម្ដុំផ្សារទំនើបអ៊ីអន៣ ។
នគរបាល បានបន្តទៀតថា ខណៈពេលមកដល់ត្រង់ចំណុចស្ពានអាកាសសម្ដេចហ៊ុន ម៉ាណែត នៅម្ដុំឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្រាប់តែជនសង្ស័យជាអតីតសង្សារ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Y-1596 ដេញតាមនិងយកដុំថ្មគប់មកលើរូបនាង និងបងថ្លៃ ម្ដងរួចមកហើយ ប៉ុន្តែនាងនិងបងថ្លៃ បានបន្តដំណើរជាធម្មតា មិនតបតឡើយ ។ បន្ទាប់មក អតីតសង្សារនេះ ក៏បានជិះម៉ូតូដេញតាមរករឿង រហូតមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏យកកាំបិតចុងស្រួច ដេញចាក់សម្លាប់នាង តែបងថ្លៃប្រុសរបស់នាង បានជួយការពារនាង និងប្រវាយប្រតប់គ្នា ជាមួយជនសង្ស័យ ហើយក៏ត្រូវជន សង្ស័យ ចាក់ត្រូវបងថ្លៃនាង បណ្ដាលឲ្យរងរបួស ។
សមត្ថកិច្ច បន្តថា ខណៈនោះ ការប្រវាយប្រតប់គ្នា នៅតែបន្ត ហើយបងថ្លៃនារីរងគ្រោះ ដណ្ដើមបានកាំបិត ចាក់តបតលើជនសង្ស័យវិញ បណ្ដាលឲ្យរងរបួសដែរ។ បន្ទាប់មក អ្នកទាំង២ (ជនសង្ស័យ និងបុរសជាបងថ្លៃ) បានស្លាប់ទាំង២នាក់ នៅនឹងកន្លែងតែម្ដង ។
ដោយឡែក ស្ត្រីម្នាក់ ឈ្មោះទិន ស្រីទូច ដែលត្រូវជាម្ដាយបង្កើតរបស់យុវជនសង្ស័យ ឈ្មោះតុល ចាន់ណា បាននិយាយផងយំផងថា កូនប្រុសគាត់ និងនារីឈ្មោះ យី សំណាង គឺជាគូសង្សារ ដែលបានស្រលាញ់គ្នា ច្រើនឆ្នាំមកហើយ គឺតាំងពីនៅរៀនជាមួយគ្នាមកម្ល៉េះ ។ ប៉ុន្តែរូបគាត់មិនដែលធ្លាប់បានស្គាល់នារីម្នាក់នេះឡើយ គ្រាន់តែឮកូនគាត់ប្រាប់ថា ស្រលាញ់គ្នា និងជាសង្សារប៉ុណ្ណោះ និងប្រាប់គាត់ទៀតថា អ្នកទាំង២ បានសន្សំ ប្រាក់ដែលរកស៊ីបានជាមួយគ្នាទៀតផង ។ លុះក្រោយមក ចំណងស្នេហ៍អ្នកទាំង២នាក់ មានភាពរកាំរកូស ហើយក៏បានឈានដល់បែកគ្នា រយៈពេលជាង១ឆ្នាំមកហើយ ។
ស្ត្រីជាម្ដាយ បានបន្តថា ក្រោយពេលបែកគ្នា កូនប្រុសគាត់ បានទាមទារឲ្យចែកប្រាក់ដែលបានរកស៊ីសន្សំជា មួយគ្នានោះ ពីស្ត្រីជាអតីសង្សារ ប៉ុន្តែទារមិនបានទេ ដោយនាងបានបដិសេធថា មិនបានយកលុយពីកូនប្រុសគាត់ឡើយ ។ ដោយឡែកនៅវេលាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កូនប្រុសគាត់ បានជិះម៉ូតូតាមនិយាយគ្នាជាមួយនាងជាអតីតសង្សារនោះ ដោយកូនប្រុស ប្រាប់គាត់ថា ចង់និយាយជាមួយនាង តែ២-៣ម៉ាត់ប៉ុណ្ណោះ ប៉ុន្តែពេលនោះនាងមិនព្រមឈប់និយាយជាមួយសោះ ហើយនាងបានទូរស័ព្ទហៅបងថ្លៃប្រុស និងបងប្រុសបង្កើតរបស់នាងម្នាក់ទៀត ឲ្យទៅជួយនាងទៀតផង ។
អ្នកស្រី ទិន ស្រីទូច បានបន្តទៀតថា ពេលនោះ បងប្រុសបង្កើត បានឃាត់ មិនឲ្យឈ្លោះគ្នាទេ ប៉ុន្តែបុរសដែលជាបងថ្លៃ ដែលមិនបានដឹងរឿងអីសោះផងនោះ បានវាយកូនប្រុសគាត់ (នេះបើតាមកូនប្រុសគាត់និយាយប្រាប់គាត់ មុនពេលស្លាប់ នៅវេលាយប់នោះ) ។ ពេលនោះរូបគាត់ដែលជាម្ដាយ ក៏មិនបានដឹងថា កូនគាត់អាក្រក់ ឬក៏កូនគេអាក្រក់នោះដែរ ប៉ុន្តែគាត់បានណែនាំកូនប្រុស កុំឲ្យតាមរករឿងគេអី ព្រោះបើតាមច្បាប់ គេអាចដាក់ពាក្យបណ្ដឹង ប្ដឹងយើងបាន ។ លុះក្រោយមកទៀត គាត់មិនដឹងរឿងអ្វីទៀតទេ ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ គាត់ទទួលដំណឹងអកុសលបែបនេះទៅវិញ ហើយពេលមកដល់កន្លែងកើតហេតុ គាត់បានឃើញកូនប្រុស និងបងថ្លៃរបស់ស្ត្រីជាអតីតសង្សារកូនប្រុសគាត់នោះ ស្លាប់ទាំង២នាក់ទៅហើយ ។

ទោះបីជាយ៉ាងណា បើតាមមិត្តភក្តិរបស់ជនសង្ស័យ ឈ្មោះ តុលា ចាន់ណា បានបង្ហើបថា មុនពេលកើតមានករណីឃាតកម្មខាងលើនេះ ២ថ្ងៃ ជនសង្ស័យបានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា «គ្មានអ្វីត្រូវខ្លាចទេ ព្រោះអ្នកធ្វើដាក់ខ្ញុំមុនទេ សន្យាធ្វើអី បើធ្វើមិនបាន តែខ្ញុំអាចធ្វើបាន បើខ្ញុំមិនបាន អ្នក ផ្សេងក៏មិនបានដែរ … ឲ្យតែមានលូកដៃ ទាំងគោ ទាំងរទេះ ត្រូវដូចគ្នា …»៕