ភ្នំពេញ ៖ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បាន បន្តរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

លោកបណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សា ជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេ ដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារឱ្យ បានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ កំពុងបន្តចុះផ្សព្វផ្សាយ អប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះ ក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាព ទាំង៤៣កន្លែង និងមន្ទីរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។

ក្នុងនាមប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហ គមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លា មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ មូសខ្លា ពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោល ហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការជីកកប់ ឬដុតចោលវត្ថុដែលអាចដក់ទឹក បានដូចជា សំបកដប គម្របដប កែវ ចានជ័រ ឬស្នោ អំបែង។ ទុកដាក់សំបកកង់ឡាន ឬកង់ម៉ូតូ ក្រឡ ត្រឡោកដូង កុំឱ្យដក់ទឹក។ ដាក់ថ្នាំអាបែត គ្របពាងទឹក ឬដាក់កូនត្រី ប្រាំពីរពណ៌ ក្នុងពាងទឹក។ ការដាក់អាបេត ក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លា អស់ពីសហគមន៍។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងតារាងតាមដានករណីគ្រុនឈាម តាមសប្តាហ៍នីមួយៗក្នុងឆ្នាំ២០២៥ សង្កេតឃើញថា នៅក្នុងសប្តាហ៍ទី៣៨នេះ មានការថយចុះនៅករណីឈឺជំងឺគ្រុនឈាម (អ្នកជំងឺគ្រុនឈាម មាន១៧៨ករណី) បើគិត ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ករណីជំងឺគ្រុនឈាម មានចំនួន៣៨២៤ករណី និងស្លាប់មានចំនួន៤ករណី៕