Tuesday, October 7, 2025
Homeសង្គម និងជីវិតលែងប្រពន្ធភ្លាម ភ្ជាប់ពាក្យភ្លែត អតីតប្តីឆ្លើយតបការចោទផិតក្បត់

លែងប្រពន្ធភ្លាម ភ្ជាប់ពាក្យភ្លែត អតីតប្តីឆ្លើយតបការចោទផិតក្បត់

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ក្រោយពីរួមរស់ជិត១០ឆ្នាំ បង្កើតបានកូន២នាក់ ជាចំណងនិស្ស័យ ស្រាប់តែភាគីបុរសជាប្តី ដែលជាពលករចំណាកស្រុក ធ្វើការនៅប្រទេសកូរ៉េ បានសុំប្រពន្ធលែងលះគ្នា លុះពេលត្រឡប់មកស្រុកកំណើត ផ្តិតមេដៃលែងលះប្រពន្ធ បាន១ថ្ងៃ ស្រាប់តែ ភាគីប្តីបានភ្ជាប់ពាក្យជាមួយួស្រីថ្មី យ៉ាងរំភើយ ធ្វើឱ្យផ្ទុះការរិះគន់ ចោទប្រកាន់ថា បុរសជាប្តីជាមនុស្សផិតក្បត់ សុខចិត្តបោះបង់ប្រពន្ធកូន ដើម្បីស្រីថ្មី តែត្រូវបានភាគីប្តី ឆ្លើយតបថា ខ្លួនបានចប់គ្នាជាមួយអតីតប្រពន្ធ ១ឆ្នាំ៣ខែហើយ ទើបបើកបេះដូងទាក់ទងអ្នកថ្មី ហេតុអ្វីបានជា មានពាក្យថាផិតក្បត់?

ភាគីស្ត្រីជាប្រពន្ធដើម ដែលប្តីបានលែងលះ បន្សល់ទុកកូន ២នាក់ មានឈ្មោះ តី មុខរបរអ្នកលក់ផលិតផលតាមអនឡាញ។ ចំណែកភាគីអតីតប្តី មានឈ្មោះឈិត សុភ័ណ្ឌ ហៅតាឆ្អឹង ជាពលករបម្រើការងារនៅប្រទេសកូរ៉េ។ ដោយឡែកនារីជាគូដណ្តឹង មានឈ្មោះរិទ្ធ ជីនណា ជាពលការិនីបម្រើការងារនៅប្រទេសកូរ៉េ។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានធ្វើការចែករំលែកនូវរឿងរ៉ាវប្តីប្រពន្ធ ១គូ ដែលបុរសជាប្តី ធ្វើការនៅឯប្រទេសកូរ៉េ ចំណែកប្រពន្ធ នៅស្រុកខ្មែរ មើលថែកូន ដល់ទៅ២នាក់។ លុះក្រោយមក ចំណងស្នេហ៍ដែលឃ្លាតឆ្ងាយគ្នា រាប់ម៉ឺនគីឡូម៉ែត្រនេះ ក៏បានជួបរឿងរកាំរកូស រហូតឈានដល់ការលែងលះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ នៅត្រង់ថា ភាគីប្តី ក្រោយពីចុះមកស្រុកខ្មែរ ផ្តិតមេដៃលែងលះប្រពន្ធ បានតែ១ថ្ងៃ ស្រាប់តែព្រឹកឡើង បានភ្ជាប់ពាក្យភ្លែតតែម្តង ពោលគឺផ្តិតមេដៃលែងលះប្រពន្ធ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លុះដល់ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានភ្ជាប់ពាក្យជាមួយស្រីថ្មី ជាហេតុធ្វើឱ្យមហាជនផ្ទុះការរិះគន់ថា ខាងប្រុស ជាមនុស្សផិតក្បត់ប្រពន្ធ មិនដឹងតាំងពីពេលណា រហូតបោះបង់ចោលប្រពន្ធនិងកូន២នាក់ ទៅយកស្រីថ្មី។

ក្រោយរងការរិះគន់ ជេរប្រមាថពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម សាមីខ្លួនខាងប្រុស បានចេញមកធ្វើការបកស្រាយ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ខ្ញុំមិនយល់ពីអត្ថន័យពាក្យផិតក្បត់ ដែលគេចោទមកលើពួកខ្ញុំទេ។ ពួកខ្ញុំ បានប្រកាសបញ្ចប់ចំណងជាប្តីប្រពន្ធ ជិត២ឆ្នាំមកហើយ ចាស់ទុំសងខាងបានដឹងឮ អតីតខ្ញុំក៏គាត់បានប្រកាសជាសាធារណៈ រហូតមកដែរ។ បញ្ចប់គ្នា គ្រាន់តែនៅរាប់អានគ្នា និងចិញ្ចឹមកូនរួមគ្នា ផ្តល់ភាពជាឪពុកជាម្តាយ ឱ្យកូនជាធម្មតា។ ចំណែកឯអ្នកក្រោយ ទើបតែស្គាល់គ្នា បាន៦ខែ ហេតុអ្វីបានជាគាត់ក្លាយជាមនុស្សយកប្តីគេ?…”។

ភាគីអតីតប្តី បានបន្តថា “ក្នុងចំណងជាប្តីប្រពន្ធ មានរឿងជាច្រើនដែលកើតឡើង រហូតយើងទាំង២ សម្រេច ចិត្តថា បញ្ចប់គ្នា ហើយរឿងទាំងនោះ គឺខ្ញុំមិនបកស្រាយ ព្រោះមិនចង់ឱ្យមានរឿងហែកហួរគ្នា បំពុលសង្គម ពោលគឺទុកមុខ រាប់គ្នា ដើម្បីកូន ក៏ជាការរក្សារកិត្តិយសឱ្យកូនដែរ។ ហើយកន្លងមក ពួកខ្ញុំក៏តែងតែនិយាយគ្នារហូត ដឹងរឿងគ្នាទៅវិញទៅមក បើកចិត្តឱ្យយកអ្នកថ្មីដូចគ្នា។ រឿងស្នាមមេដៃដែលទើបផ្តិត ដោយសារគាត់ចាំឱ្យខ្ញុំចុះទៅដោយផ្ទាល់ ហើយខ្ញុំទើបតែអាចសុំថៅកែ ទៅបាន។ ការផ្តិត គ្រាន់តែទុកជាឯកសារលាយលក្ខណ៍អក្សរសម្រាប់រៀងខ្លួន សម្រាប់គិតអនាគតកូនៗប៉ុណ្ណោះ…”។

បុរសជាអតីតប្តី បានបន្តទៀតថា “អ្នកថ្មីខ្ញុំ គាត់ពុំបានដឹងរឿងអ្វីទេ គាត់ទទួល ក៏ព្រោះតែមានការបញ្ជាក់ទាំងសងខាងថា ដាច់ស្រេចគ្នាហើយ។ ខ្ញុំបញ្ចប់គ្នា ទំនួលខុសត្រូវលើកូនៗ ក៏ខ្ញុំមាន ចប់គ្នា ១ឆ្នាំ៣ខែ ទើបខ្ញុំបើកទាក់ទងថ្មីទៀត ហេតុអ្វីបានជាមានពាក្យថាក្បត់? រឿងភ្ជាប់ពាក្យនេះ ក៏ខ្ញុំមិនមែនអ្នកផុសដែរ គឺខាងសំអាង អ្នកផុស។ រឿងក្នុងគ្រួសារខ្ញុំបែបណា បានជាឈានដល់ថ្នាក់បញ្ចប់គ្នា តើបងប្អូនបានដឹងឬទេ? ហើយបើពួកខ្ញុំបញ្ចប់គ្នាយូរហើយ ដើរផ្លូវរៀងខ្លួនហើយ តើហេតុអីមិនដោះលែងពួកខ្ញុំ? ខ្ញុំមិនចង់និយាយច្រើនទេ ខ្ញុំដឹងថា ខ្ញុំបកស្រាយបែបណា ក៏នៅតែទទួលពាក្យជេរប្រមាថដែរ ប៉ុន្តែមិនអីទេ តាមដំណើរចុះ…”។

ក្រោយឃើញការបង្ហោះរបស់ភាគីបុរសជាប្តី ខាងលើ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានចូលទៅបញ្ចេ ញមតិ (ខម្មិន) ថា “នែក អាក្អូន! ពូប្រាប់ ការប្រពន្ធក្រោយ ឱ្យប្រពន្ធកាត់ស្បូនចោលទៅ កុំយកកូនទៀត ពូពិបាកភ្នែកមើលណាស់ អាប្អូនឯងដឹងអត់ថា ការមានកូនមួយៗ គ្នាជាមនុស្សស្រី ត្រូវការអ្វីខ្លះ? បើមិនដឹងទេ កុំយកកូនទៀតអី អាណិតក្មេង កើតមកខ្វះភាពកក់ក្តៅ ខុសពីឪពុក អាក្អូនឯងមិនសមធ្វើឪពុកគេទេ ចឹងឱ្យប្រពន្ធក្រោយប្អូន កាត់ស្បូនចោលម៉ងទៅ កុំឱ្យពិបាកទៅថ្ងៃមុខ។ មុននឹងសម្រេចចិត្តថា យកកូន តើប្អូនមានសិក្សាមុន អត់? មនុស្សស្រី មានកូន គឺមិនមែនស្រួលទេ គាត់ហត់ គាត់ធ្ងន់ គាត់ឈឺ ៩ខែ១០ថ្ងៃ មិនមែនជារឿងដែលងាយស្រួលទេ ខ្លួនគ្រុនត្រឹម ២-៣ថ្ងៃ នៅធុញ ចុះគ្នាជាស្រី ពពោះកូនក្នុងផ្ទៃ ត្រូវប្តីទុកចោល ទៅបណ្តើរស្រីថ្មី សួរថាវាសមអត់? ហោចណាស់ក៏យើងចាំកូនគ្នាធំតិចសិនដែរ ចាំយើងលែងលះ យើងគួរតែបំពេញតួនាទីជាឪពុក ឱ្យកូនគ្នាដឹងថា គ្នាមានឪនឹងគេផង មិនមែនមកបំផ្លាញទឹកចិត្តគ្នាចឹងទេ ចោលម្សៀតពេកហើយ…”។

ចំណែកភាគីនារីជាគូដណ្តឹង ដែលរងការចោទប្រកាន់ថា ជាជនទី៣ បំបែកបំបាក់ប្តីប្រពន្ធ ក្រុមគ្រួសារគេ បានបំភ្លឺតាមបណ្តាញសង្គមថា “វាមិនខុសអ្វីពីក្នុងរឿងភាគទេ ដំបូងតួអាក្រក់ធ្វើបាបតួស្លូត ឱ្យរងទុក្ខវេទនា ស្ទើរអស់ជីវិត តែចុងបញ្ចប់នៃរឿង ទេវតាមានភ្នែក មនុស្សអាក្រក់ ក៏ត្រូវជួបកម្មពៀរដែលខ្លួនបានសាង។ ពេលនេះ សុខចិត្តរងទុក្ខវេទនាសិនចុះ មិនយូរទេអ្នកសាងអំពើអាក្រក់ នឹងជួបកម្មពៀរដែលខ្លួនបានសាងលើអ្នកដទៃហើយ គ្រាន់តែវាត្រូវការពេលយូរ ដើម្បីស្វែងយល់ពីការពិត…”។

បន្ទាប់មក សាមីខ្លួនខាងប្រុស បានសរសេរលួងចិត្តនារីជាគូដណ្តឹងរបស់ខ្លួនថា “អរគុណអូន ដែលទទួលយកបង មិនខ្វល់ពីអតីតកាល ហើយក៏សុំទោសអូន ដែលត្រូវមករងថ្មបាក់ដោយសាររឿងអតីតកាលរបស់បង…”។

ដោយឡែក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សាមីខ្លួនស្ត្រីជាអតីតប្រពន្ធដើម បានថតអេក្រង់ទូរស័ព្ទ (Screen Short) នូវសំណេររបស់អតីតប្តី ព្រមទាំងគូដណ្តឹងថ្មោងថ្មីខាងលើ បង្ហោះក្នុងគណនីបណ្តាញសង្គម ផ្ទាល់ខ្លួន ភ្ជាប់ជាមួយសំណេរថា “ខ្ញុំជឿលើកម្មដែរតើ! មកពីទ្រឹស្តីបានពេកចឹង បានចឹងហ្នឹងហាស បើស្ងាត់ៗទៅ មានអ្នកណាដឹង…។ ពាក្យចាស់ពោលថា ៖ រស់ក៏ដោយសារមាត់ ស្លាប់ក៏ដោយសារមាត់ ធម្មតាៗទៅ ត្រូវដឹង គ្មានអ្វីឋិតថេរទេ…”។

ស្ត្រីជាប្រពន្ធដើម បានបន្តថា “មនុស្សខ្ញុំ មិនដែលលាក់ចរិតទេ លេងដឹងលេង ឡប់ដឹងឡប់ បើពេលកាចវិញ គឺកាច តែគ្រាន់តែថា ខ្ញុំក៏មិនមែនទាន់ឆ្កួត ខ្ញុំល្អជាមួយមនុស្សដែលល្អនឹងខ្ញុំ…”៕ ដារិទ្ធ

RELATED ARTICLES