ភ្នំពេញ ៖ យុវជនម្នាក់ ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងសល់តែ ៣ខែទៀត ត្រូវទទួលសញ្ញាបត្រ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់ជីវិត និងត្រូវបានថ្នាក់ដឹកនាំសាលា សម្រេចប្រគល់សញ្ញា បត្រជូនឪពុកនិស្សិតរងគ្រោះ ដើម្បីជាការតបស្នងនូវការប្រឹងប្រែងរៀនសូត្ររបស់កូនប្រុសជាទីស្រលាញ់។

យុវនិស្សិតអភ័ព្វដែលជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិត ត្រូវបានឪពុកទទួលសញ្ញាបត្រជំនួសនោះ មានឈ្មោះ និមល សុខមិត ជាអតីតនិស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ។ យុវជនរូបនេះ បានទទួលមរណភាពក្នុងវ័យ២១ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។ បន្ទាប់មក នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រគល់-ទទួលសញ្ញាបត្រ លោកម៉ីន និមល ដែលត្រូវជាឪពុកបង្កើតរបស់យុវជនខាងលើ បានពាក់ឯកសណ្ឋាននិស្សិត ដៃកាន់រូបថតកូនប្រុស មកចូលរួម ទទួលសញ្ញាបត្ររបស់កូន ជាមួយនិស្សិតជ័យលាភីដទៃទៀត។

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត លី ឆេង ស្ថាបនិកនិងជាអគ្គនាយកប៊ែលធីគ្រុប បានទទួលជួបសំណេះសំណាលនិងផ្តល់អាហារូបករណ៍ ១០០ភាគរយ មួយចប់កម្មវិធីសិក្សា ព្រមទាំងចូលបច្ច័យរំលែកទុក្ខមួយចំនួន ដល់ក្រុមគ្រួសារសពយុវជន និមល សុខមិត និស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលទទួលមរណភាពមុនថ្ងៃទទួលសញ្ញាបត្រ។
លោកបណ្ឌិត លី ឆេង បានបញ្ជាក់តាមសំណេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា “ជួបសំណេះសំណាលជាមួយប្អូន ម៉ីន និមល និងភរិយា ដែលត្រូវជាឪពុកម្តាយបង្កើតរបស់សពក្មួយ និមល សុខមិត និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលមរណ ភាពដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ គឺមុនតែជាង ៣ខែ ប៉ុ ណ្ណោះ នៃថ្ងៃត្រូវទទួលសញ្ញាបត្ររបស់ខ្លួន…”។

លោកបណ្ឌិត លី ឆេង បានបន្តថា “ទន្ទឹមគ្នានេះ ដើម្បីជួយសម្រាលបន្ទុកនៅក្នុងគ្រួសារ ខ្ញុំបានផ្តល់អា ហារូបករណ៍ ១០០ភាគរយ សិក្សារយៈពេល១២ឆ្នាំ ដល់ក្មួយស្រី និមល វិជ័យគឹមហេង ដែលត្រូវជាប្អូនស្រីបង្កើតរបស់សពនិស្សិត និមល សុខមិត ឱ្យមានឱកាសបានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សា ទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី៨ ដល់ថ្នាក់ទី១២) និងភាសាអង់គ្លេសទូទៅ (Starter ដល់ Level 12)។ ក្នុងពេលវេលាដ៏សែនក្តុកក្តួលនៃការបាត់បង់កូនប្រុសជាទីស្រឡាញ់ និងដើម្បីចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ខ្ញុំក៏បានចូលបច្ច័យមួយចំនួន ជូនដល់ក្រុមគ្រួសារនៃសពផងដែរ…”។

លោកបណ្ឌិត លី ឆេង បានបន្តទៀតថា “សូមជម្រាបជូនថា ក្មួយប្រុស និមល សុខមីត ជាអតីតនិស្សិតដែលទើបបញ្ចប់ការសិក្សា មកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ក្មួយគឺជានិស្សិតដ៏ល្អមួយរូប ដែលគោរពវិន័យសាលាបានយ៉ាងខ្ជាប់ខ្ជួន និងតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាប្រចាំ រហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ តាមក្តីស្រមៃរបស់ខ្លួន។ ប៉ុន្តែជា អកុសលក្មួយ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងវ័យត្រឹម ២១ឆ្នាំ។ ហើយដើម្បីសម្រេចក្តីស្រមៃកូនប្រុសជាទីស្រឡាញ់របស់ខ្លួន នៅក្នុងពិធីប្រគល់សញ្ញា បត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ប្អូន ម៉ីន និមល ដែលត្រូវជាឪពុកបង្កើត បានពាក់ឯកសណ្ឋាន និងដៃកាន់រូបថតកូនប្រុស មកចូលរួម និងឡើងទទួលសញ្ញាបត្ររបស់កូន ជាមួយនិស្សិតជ័យលាភីដទៃទៀតផងដែរ។ សូមបួងសួងដល់វិញ្ញាក្ខន្ធសពក្មួយប្រុស និមល សុខមីត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…”៕
