ខេត្តបន្ទាយមានជ័យ ៖ ផ្ទះចំនួន ៤ល្វែង លក់សម្ភារៈនិងខោអាវកីឡា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ កាលពីវេលាទៀបភ្លឺ បង្កឱ្យខូចខាតអស់ទាំងស្រុង គិតពីទំហំខូចខាត ជាទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡីងកាលពីវេលាម៉ោង ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចកែងសាំបូរី ផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ផ្ទះកើតហេតុ ជាប្រភេទផ្ទះល្វែង ចំនួន៤ល្វែងជាប់គ្នា មានម្ចាស់ឈ្មោះផាន់ សុភក្តិ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់សម្ភារៈ និងខោអាវកីឡា ស្នាក់នៅទីតាំងកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍នៃគ្រោះអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ រួមមានលោកវរសេនីយ៍ឯក អ៊ុយ អ៊ូ ស្នងការរង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កម្លាំងសឹករងក្រុងប៉ោយប៉ែត រដ្ឋបាលក្រុង រដ្ឋបាលសង្កាត់អូរជ្រៅ ព្រមទាំងកម្លាំងចម្រុះ និងក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត បានចុះមកជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ក្នុងមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន TROPICANA ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យ រដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនប៉ោយប៉ែត រីសត ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមសង្គ្រោះបឋម ក្រុងប៉ោយប៉ែត ចំនួន១គ្រឿង ដោយក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅម៉ោង៦និង២០នាទីព្រឹក ថ្ងៃដដែល។

លោកអធិការបានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈ រួមមាន ១-ឆេះជាន់ផ្ទាល់ដី និងជាន់ឡៅតឿ ចំនួន៣ល្វែង (ជាកន្លែងដាក់ស្តុកសម្ភារៈលក់ដូរ ខោអាវកីឡា និងសម្ភារៈកីឡាផ្សេងៗ)។ ២-ម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដា ឃ្លីក។ ៣-ម៉ាស៊ីនបោះពុម្ពឈ្មោះលើអាវ ចំនួន១គ្រឿង។ ៤-ម៉ាស៊ីនអ៊ុតលេខលើអាវ ចំនួន១គ្រឿង។ ៥-ប្រអប់សៀវភៅដាក់លុយសន្សំ ចំនួន១ មានលុយក្នុងនោះប្រហែល ៥០០០ដុល្លារ។ ៦-សម្ភារៈទូតាំងនិងខោអាវ រួមតាំងរបស់របស់ប្រើប្រាស់ផ្សេងៗ ប្រមាណ ៩០ ភាគរយ ដែលសរុបទំហំនៃការខូចខាត គិតជាទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ។

យ៉ាងណា ករណីនេះមិនបង្កឱ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់នោះឡើយ ហើយក៏មិនបង្កឱ្យឆេះរាលដាលទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរដែរ។ ចំពោះមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕
