Friday, June 12, 2026
Homeព័ត៌មានជាតិវត្ថុបុរាណខ្មែរ ២ទៀតនៅអាមេរិក ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា

វត្ថុបុរាណខ្មែរ ២ទៀតនៅអាមេរិក ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា

ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានជូនដំណឹងស្តីពីការបញ្ជូនត្រឡប់មកវិញ វត្ថុបុរាណខ្មែរ ចំនួនពីរបន្ថែមទៀត ពីសារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា វត្ថុបុរាណខ្មែរ ចំនួនពីរបន្ថែមទៀត ពីសារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអា មេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជា វិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ម៉ែនហា តតាន (Manhattan District Attorney) បានរឹបអូស ពីសារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន។

ពិធីប្រគល់-ទទួលជាផ្លូវការ នូវវត្ថុបុរាណទាំងពីរនេះ ប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ែនហាតតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន បានប្រគល់វត្ថុបុរាណខ្មែរ ចំនួន១៤រូប ជូនមកកម្ពុជា វិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។

វត្ថុបុរាណទាំងពីរនេះ គឺ ៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្សទី៧ ឬទី៨ នៃ គ.ស. និង (២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើម មកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។

អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ែនហាតតាន បានផ្តល់ភ័ស្តុតាងទៅសារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះ ពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener។ បន្ទាប់ពីបានពិនិត្យលើឯកសារ ភ័ស្តុតាង សារមន្ទីរសិល្បៈ មេត្រូប៉ូលីតាន បានយល់ព្រមប្រគល់វត្ថុបុរាណ ទាំងពីរ ត្រឡប់មកកម្ពុជា វិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ែនហាតតាន។

ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ែនហាតតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរ ត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភ័ស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមានអ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរ ជាច្រើន ត្រឡប់មកកម្ពុជា វិញ ជាបន្តបន្ទាប់។ អ្នកស្រី Nancy Wiener ត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណ ដោយខុសច្បាប់។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ែនហាតតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការរដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ ដែលត្រូវបានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋ ក្រោមច្បាប់នៃរដ្ឋញូវយ៉ក ផងដែរ។

ទន្ទឹមនេះ ក្រសួង សូមសម្តែងនូវការកោតសរសើរចំពោះការសម្រេចចិត្តរបស់សារមន្ទីសិល្បៈមេត្រូប៉ូលីតាន ក្នុងការទទួលយកភស្តុតាង និងយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរនេះ មកកម្ពុជា វិញ។ ជាមួយគ្នានេះដែរ ក្រសួងសូមគាំទ្រចំពោះកិច្ចការចាំបាច់ដែលសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន បន្តពិនិត្យបន្ថែមទៀតលើសមុច្ច័យមួយចំនួនរបស់ខ្លួន ដោយសហការជាមួយក្រសួង ចំពោះវត្ថុបុរាណខ្មែរ ដទៃទៀត ដែលមានប្រភពដើមពីកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណដល់ក្រុមការងារជំនាញកម្ពុជា របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងអ្នកជំនាញអន្តរជាតិ ដូចជា លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងកញ្ញា Malina Antoniadis én NOSTOS Stragegies ដែលបានជួយជ្រោមជ្រែងក្នុងការទាមទារបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញខុសច្បាប់ ត្រឡប់មកប្រទេសកំណើតវិញ។

ក្រសួង ក៏សូមថ្លែងអំណរគុណដល់លោក Éric Bourdonneau អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៃសាលាបារាំងចុងបូព៌ា (EFEO) ប្រចាំនៅកម្ពុជា ចំពោះកិច្ចការស្រាវជ្រាវរបស់លោក អំពីបដិមាអសុរ ហិរ ណ្យកសិពុ (Demon Hiranyakaśipu) ពីតំបន់កោះកេរ៕

RELATED ARTICLES