Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រវឹងបុករះ ជាប់គុក១ឆ្នាំ

ប៉ូលិសស្រវឹងបុករះ ជាប់គុក១ឆ្នាំ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ អតីតនាយកការិយាល័យភស្តុភារ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់៣ឆ្នាំ តែតម្រូវឱ្យអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ ទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន៤លានរៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់និងរបួសអ្នកដទៃ ។

សាលក្រមប្រកាសជាសាធារណៈ ដោយលោកតុប ឈុនសុង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារង តំណាងអយ្យការ ចំពោះមុខជនជាប់ចោទ និងមេធាវីការពារតាមផ្លូវ ច្បាប់។ សាលក្រម បានបើកផ្លូវនិងទុកពេលតាមការ កំណត់ សម្រាប់ភាគីណាមួយប្តឹងឧទ្ធរណ៍ បើមិនសុខ ចិត្តចំពោះការកាត់ក្តីនេះ។

គួរបញ្ជាក់ថា សំណុំរឿងខាងលើនេះ ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះក្តី កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ហើយបានលើកមកប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

គួររំលឹកថា កាលពីវេលាម៉ោង ១និង៥៨នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះយ៉ាងសាហាវមួយ បានកើតឡើង នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចឆៀងខាង ត្បូងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីប៉ូលិសស័ក្តិ៥ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលទៅបុករះរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង និងម៉ូតូកង់បី ២គ្រឿង សរុប៥គ្រឿង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ និងបង្កឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី ស្លាប់នៅនឹងកន្លែង។

អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះហ៊ុន ហេង អាយុ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិវរ សេនីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភ័ស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានឈ្មោះរៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦០ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកអ្នករងរបួស មានចំនួន៥នាក់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក Lexus RX-400h ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណៈបើករថយន្តមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កហេតុ បានជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5129 ប៉ើងខ្ទាតជាច្រើនម៉ែត្រ រួចបន្តបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-0755 ហើយបន្ត ទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ម៉ាក BAJA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-6871 និងបន្តបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-8238 ហើយរថយន្តបង្កហេតុ បន្តទៅបុកបង្គោលដែក (របាំងការពារម៉ាស៊ីនភ្លើង) និងដើមឈើ ១ដើមទៀត ទើបទៅមុខលែងរួច។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់នេះ បានបណ្តាលឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី បានប៉ើងខ្ទាតចេញពីម៉ូតូកង់បី បែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលទ្រូងផ្លូវ និងបណ្តាលឱ្យមនុស្ស ៣នាក់ ទៀត រងរបួសធ្ងន់-ស្រាល។ ចំណែកសម្ភារៈ និងទ្រព្យ សម្បត្តិដែលរងការខូចខាត ចំនួន៥គ្រឿង រួមមានរថ យន្ត ២គ្រឿង (ទាំងរថយន្តបង្កហេតុ) ម៉ូតូ ១គ្រឿង (ដាច់ជា២កំណាត់ ខ្ទេចហ្មត់ទាំងស្រុង) និងម៉ូតូកង់បី ២ គ្រឿង។

ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្តបង្កហេតុ ដែលស្ថិតក្នុងសភាពស្រវឹងស្រាជោក បានចុះពីរថយន្ត ស្ទើរទប់ខ្លួនមិនជាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីសាកសួរនិងចាត់តាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES