Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះយួន ៨នាក់ ឆបោកតាមអនឡាញ

វ៉ៃខ្នោះយួន ៨នាក់ ឆបោកតាមអនឡាញ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវ ច្បាប់ពីព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម សរុបចំនួន៨នាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៨នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើតុ ចំនួន១០គ្រឿង ទូរស័ព្ទដៃ ចំនួន៤គ្រឿង។

សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា ជាមណ្ឌលហៅទូរស័ព្ទ (Call Center) សម្រាប់ធ្វើសកម្មភាពឆបោក សំដៅចំពោះជនជាតិវៀតណាម ក្រោមរូបភាពលួងលោមត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនី visa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញ ពីគណនីជនរងគ្រោះតែម្តង។

ជនសង្ស័យទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

RELATED ARTICLES