ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានចរចាជាមួយស្ត្រីម្នាក់ ដើម្បីរួមភេទ លុះតថ្លៃមិនត្រូវគ្នា កើតជាទំនាស់ពាក្យសម្តី ធ្វើឱ្យបុរសចំណាស់ក្រពុលមុខ ទាញកាំបិតចាក់ខាងស្រីចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង០៥នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំ ណុចក្រុមទី០២ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុំ សេង ភេទប្រុស អាយុ៧០ឆ្នាំ មានលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ស.ម អាយុ៣១ឆ្នាំ ស្នាក់នៅបណ្តោះអា សន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះសុំ សេង បានធ្វើ សកម្មភាពយកកូនកាំបិតចុងស្រួច ដងជ័រ ពណ៌ខ្មៅ ប្រវែង៣២សង់ទីម៉ែត្រ និងកាំបិតចុងស្រួច ដងជរ័ពណ៌ផ្កាឈូក រុំកៅស៊ូតជាប់ដងឫស្សី ប្រវែង ១២២សង់ម៉ែត្រ ចាក់ទៅលើស្ត្រីរងគ្រោះ ឈ្មោះ ស.ម ចំនួន២កាំបិតចំ ក្បាលពោះ ១កាំបិត បាក់ជាប់ផ្លែ និងចំទ្រូងខាងស្តាំ ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។

ប្រភពដដែល បានបង្ហើបប្រាប់ថា ករណីនេះផ្តើមចេញពីជនដៃដល់ខឹងសម្បារឿងមិនបានរួមភេទជាមួយស្ត្រីរងគ្រោះ ដោយសារតថ្លៃមិនត្រូវគ្នា ទើបឈានដល់ការចាក់ប្រហារទៅលើស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែ ម្តង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ចំណែកស្ត្រីជនរងគ្រោះ ត្រូវបានអ្នកជិតខាងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចុះធ្វើការស្រាវជ្រាវ រហូត ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះសុំ សេង បាន នៅវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃដដែលព្រមទាំង ដកហូតបានវត្ថុតាង រួមមាន កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ចំនួន១។ ដងកាំបិតជ័រពណ៌ ផ្កាឈូក រុំកៅស៊ូតជាប់ដងឫស្សី (បាក់ផ្លែ) ចំនួន១។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕