ខេត្តបន្ទាយមានជ័យ ៖ សពពលរដ្ឋខ្មែរ ឈ្មោះ ឌី ណៃ ហៅកុសល ដែលត្រូវបានទាហានថៃបាញ់ប្រហារ ស្លាប់នៅនឹងកន្លែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានរៀបចំធ្វើបុណ្យ និងបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តចាន់ស៊ី សាមគ្គីរតនារាម ដែលជាទីតាំងជំរំសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃ បានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ឌី ណៃ វ័យ៣៦ឆ្នាំ សា្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ របួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅវះកាត់ ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ និងត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ ឯនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកស្រី សេង សុខ ត្រូវជាម្ដាយចិញ្ចឹមរបស់សពជនរងគ្រោះ ឌី ណៃ បានរៀបរាប់ទាំងក្ដុកក្ដួលថា មុនដំបូង គាត់មិនបានដឹងថា កូនចិញ្ចឹមរបស់គាត់ស្លាប់ទេ ប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់តក់ស្លុតក្រៃលែង នៅពេលគាត់កំពុងមើលថែប្ដីរបស់គាត់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ) នៅមន្ទីរពេទ្យ ក៏មានអ្នកយកទូរស័ព្ទ ហុចឲ្យអ្នកស្រីមើល ហើយគេសួរថា តើស្គាល់រូបនៅក្នុងវីដេអូនេះ ឬអត់? គាត់បានស្លាប់ហើយ ដោយសារថៃ បានប្រើកាំភ្លើងបាញ់ ។ អ្នកស្រីក៏ឆ្លើយទាំងអារម្មណ៍តក់ស្លុតថា អ្នកស្រីស្គាល់ច្បាស់ណាស់ គឺគេជាកូនចិញ្ចឹមរបស់អ្នកស្រី ។ បន្ទាប់ពីបានដឹងដូច្នេះហើយ គាត់ក៏ប្រញាប់មករៀបចំធ្វើបុណ្យសពឲ្យកូនចិញ្ចឹមនេះ ទាំងអារម្មណ៍មិននៅក្នុងខ្លួន ។

ស្រ្តីចំណាស់ ជាម្តាយចិញ្ចឹមរបស់សព បន្តថា កូនចិញ្ចឹមរបស់គាត់ ជាមនុស្សល្អណាស់ ដែលបានសុំមករស់នៅជាមួយគាត់ អស់រយៈពេល៣ឆ្នាំ មកហើយ ដោយមិនដែលធ្វើឲ្យគាត់ពិបាកចិត្តម្ដងណាទេ។ ប៉ុន្តែទីបំផុត មិនគួរគេឆាប់ស្លាប់ទៅចោលគាត់ ដែលធ្វើឲ្យគាត់នឹកសង្វេគ ស្ដាយស្រណោះខ្លាំងណាស់ រកអ្វីប្រៀបផ្ទឹមពុំបានទេ ព្រោះថ្វីត្បិតតែរូបគេ ជាកូនចិញ្ចឹម តែគេបំពេញតួនាទីបានយ៉ាងល្អ ដូចជា លាងដុសចានឆ្នាំង ដាំបាយ ធ្វើម្ហូប ឲ្យគាត់ជាម្ដាយហូបរហូត ហើយគោរពប្រណិប័តន៍គាត់ មិនដែលមានឆ្គង។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើលិខិតចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពលោក ឌី ណៃ ផងដែរ ដោយសម្តេច ថ្លែងថា “ខ្ញុំ និងភរិយា មានក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅនិងអមនុស្សធម៌ របស់យោធាថៃ មកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវក្តីសង្វេគ ស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារនៃសព ព្រោះថា មរណភាពលោក ឌី ណៃ គឺជាការបាត់បង់នូវសមាជិកគ្រួសារ សាច់សាលោហិត ជាទីស្រឡាញ់ បើទោះបីលោកបាត់បង់ក៏ពិតមែន តែក្នុងស្មារតីជាជាតិខ្មែរតែមួយ ខ្ញុំនិងភរិយា ពិតជាមានការសោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក និងកោតសរសើរដោយសុទ្ធចិត្ត ចំពោះឆន្ទៈ មនសិការស្នេហាជាតិ ស្រឡាញ់សន្តិភាព របស់លោក ជាមួយសកម្មភាពដ៏ល្អនេះ នឹងដិតជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេស ជារៀងរហូត។ ជាមួយគ្នានេះ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ឌី ណៃ សូមឱ្យឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ…” ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធាថៃ បានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរ ម្នាក់សា្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងរបួស ៣នាក់ ។

បើតាមការអះអាងរបស់លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ ពលរដ្ឋក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រមាណ ២៥០គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាព ទាំងយប់ បន្ទាប់ពីទាហានថៃ បើកការបាញ់ប្រហារលើជនស៊ីវិល បណ្ដាលឱ្យស្លាប់ ១នាក់ និងរងរបួស ៣នាក់។ បច្ចុប្បន្ននេះ គ្រួសារមួយ ក្នុងចំណោមគ្រួសារជាង ២៥០ ដែលរត់ទាំងតក់ស្លុតភ័យខ្លាចនោះ កំពុងស្នាក់នៅក្នុងវត្តចាន់ស៊ី សាមគ្គីរតនារាម ៕