Thursday, November 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូចាស់១ មកលួចម៉ូតូថ្មី៣

ជិះម៉ូតូចាស់១ មកលួចម៉ូតូថ្មី៣

ភ្នំពេញ ៖ ផ្ទះជួល មួយកន្លែង ត្រូវបានក្រុមចោរធ្វើសកម្មភាពចូលលួចម៉ូតូថ្មី អស់ចំនួន៣គ្រឿង ដោយបណ្តើរម៉ូតូចាស់ៗទុកខាងក្រៅ និងបន្សល់ទុកម៉ូតូម៉ាក ហុងដា ស្កុបពី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0955 ដែលជិះធ្វើសកម្មភាព និងដែកសម្រាប់កាច់កម៉ូតូ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូទាំង៣គ្រឿង ដែលត្រូវក្រុមចោរលួច រួមមាន ១-ម៉ាកហុងដា ឃ្លីក ពណ៌ស ស្លាកលេខ ភ្នំពេញ 11JM-1687 មានម្ចាស់ឈ្មោះផូ ធុយ ភេទស្រី ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពងចាម 1B-7829 មានម្ចាស់ឈ្មោះឆោម ប៊ុនថាន ភេទប្រុស មានលំនៅ ភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ម្ចាស់ម៉ូតូទាំង២ខាងលើ ជាប្តីប្រពន្ធ) និង៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1IO-6330 ម្ចាស់ឈ្មោះ ខន សុផារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រឹក ថ្ងៃកើតហេតុនេះ នៅពេលដែលភ្ញាក់ពីដេក ម្ចាស់ម៉ូតូដែលជួលផ្ទះស្នាក់នៅជាន់ទី១ បានចុះមកក្រោមដើម្បីយកម៉ូតូជិះទៅធ្វើការ ស្រាប់តែឃើញទ្វារចំហ បាត់ម៉ូតូអស់ពីក្នុងបន្ទប់ដាក់ម៉ូតូ។

ប្រភពដដែល បន្តថា នៅក្នុងបន្ទប់ទុកម៉ូតូ មានចំនួន៥គ្រឿង ហើយក្រុមចោរ បានលួចយកតែម៉ូតូថ្មីៗ ចំនួន៣គ្រឿង ឯម៉ូតូចាស់ៗ ម៉ាក់វីវ៉ា ១គ្រឿង និងម៉ូតូកូនទា ១គ្រឿង ត្រូវចោរបណ្តើរចេញ យកទៅទុកនៅខាងក្រៅផ្ទះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ក៏ប្រទះឃើញម៉ូតូម៉ាកហុងដា ស្កុបពី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0955 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងដែកសម្រាប់កាច់កម៉ូតូ នៅក្បែរនោះ ដែលក្រុមចោរប្លុងចោល ហើយលួចយកម៉ូតូថ្មីៗរបស់ជនរងគ្រោះ ទៅបាត់។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ និងបានឆែកឆេរកាមេរ៉ាសុវត្ថិភាព។ នៅបន្ទប់ដាក់ម៉ូតូ សមត្ថកិច្ច រកពុំឃើញមានសោចាក់ដែលបន្សល់ទុកនោះឡើយ។

សមត្ថកិច្ច មានការសង្ស័យថា បន្ទប់ដាក់ម៉ូតូខាងលើ ពុំបានចាក់សោទេ។ ទោះបីជាយ៉ាងណាម្ចាស់ម៉ូតូម្នាក់ បានអះអាងថា នៅយប់នោះ ខ្លួនបានចូលផ្ទះ ក្រោយគេ និងបានចាក់សោត្រឹមត្រូវ ស្រាប់តែព្រឹកឡើង ត្រូវចោរឆ្កឹះសោ យកទៅបាត់ ហើយបើកទ្វារ លួចម៉ូតូ អស់៣គ្រឿង នៅសល់តែម៉ូតូចាស់ៗ ២គ្រឿង។ ក្រុមចោរ អាចមានគ្នា ៣នាក់ ជិះម៉ូតូ ១គ្រឿង មកធ្វើសកម្មភាពលួចម៉ូតូថ្មី ៣គ្រឿង បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាព៕

RELATED ARTICLES