ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ធ្លាប់បានខ្ចីម៉ូតូស្ត្រីចំណាស់ម្នាក់ជិះ រួចយកទៅបាត់ មិនឃើញយកមកសងម្ចាស់វិញ លុះក្រោយមក បានចូលទៅផ្ទះស្ត្រីរងគ្រោះ ទាំងយប់ ដោយសភាពមិនប្រក្រតី ដោយចូលទៅអុជទៀនធូប យកអំបោះស ទៅដាក់លើហ៊ឹង និងថែមទាំងបត់ជើង ថ្វាយបង្គំ ជាហេតុធ្វើឱ្យស្ត្រីចំណាស់ មានការភ័យខ្លាច ក៏ប្តឹងកម្លាំងជំនាញអាវុធហត្ថ ចាប់ឃាត់ខ្លួនជនសង្ស័យ យកទៅចាត់ការតាមច្បាប់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមាន ការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនី យ៍ឯក ញ្ញាណ មករា នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានដឹកនាំកម្លាំង ចុះដល់ទី តាំ ងកន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើលំនៅឋាន និងរំលោភលើទំនុកចិត្ត។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះផួង ថុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូ ១គ្រឿង និងទូរស័ព្ទ ចំនួន២គ្រឿង។ ចំណែកជនរងគ្រោះ មានឈ្មោះ សាន គន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរអ្នកអនាម័យ មានលំនៅ ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងផ្ទាល់មាត់ ពីជនរងគ្រោះ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិក្រាំល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដាយជនសង្ស័យ បានឡើងទៅលើផ្ទះរបស់ជនរងគ្រោះ ឈ្មោះសាន គន ដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ ហើយបានធ្វើសកម្មភាពអុជធូបទៀន យកអំបោះស ដាក់លើហ៊ឹង រួច ក្រាបថ្វាយបង្គំ ធ្វើឱ្យម្ចាស់ផ្ទះមានការភ័យខ្លាច ក៏ប្តឹងសុំអន្តរាគមន៍ពីកម្លាំងអាវុធហត្ថតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យ ធ្លាប់បានខ្ចីម៉ូតូរបស់រងគ្រោះ ឈ្មោះសាន គន យកទៅជិះ ដោយប្រាប់ថា ជិះទៅខេត្តពោធិ៍សាត់ ប៉ុន្តែមិនបានយកមកប្រគល់ឱ្យគាត់វិញទេ រហូតមកដល់សព្វថ្ងៃ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
