ខេត្តសៀមរាប ៖ ប្តីប្រពន្ធ ២នាក់ ប្រកបរបរលក់សាំង និងកាត់សក់ លុះបុរសជាប្តីកំពុងបូមសាំង ដាក់ដប ទុកលក់ មានភ្ញៀវមកកាត់សក់ ទើបហៅប្រពន្ធឱ្យមកជួយបូមបន្ត ស្រាប់តែស្ត្រីជាប្រពន្ធ មានការធ្វេសប្រហែស ធ្វើឱ្យឆាបឆេះសាំង រាលដល់ម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿង បណ្តាលឱ្យឆេះម៉ូតូ អស់ទាំងស្រុង ចំណែករថយន្ត ត្រូវភ្លើងឆេះអស់ ១កំណាត់ និងត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចតូបលក់សាំង និងកាត់សក់ ១កន្លែង ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយផ្សារលើធំថ្មី ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពបុរសម្នាក់ដែលជាម្ចាស់ទីតាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា គាត់ប្រកបមុខរបរលក់សាំងដប និងកាត់សក់ ហើយមុនពេលកើតហេតុ គាត់កំពុងបូមសាំង ពីកាន ដាក់ចូលដប ដើម្បីទុកលក់ ស្រាប់តែបន្តិចក្រោយមក មានភ្ញៀវចូលមកកាត់សក់ ទើបគាត់ហៅប្រពន្ធ ឱ្យមកបូមសាំង ច្រកដប បន្ត ហើយគាត់បានក្រោកទៅកាត់សក់ឱ្យភ្ញៀវ។ លុះពេលដែលប្រពន្ធរបស់គាត់កំពុងបូមសាំង ស្រាប់តែឆាបឆេះសាំងតែម្តង ធ្វើឱ្យរាលឆេះម៉ូតូហុងដា ឃ្លីក ១គ្រឿង ខូចខាតអស់ទាំងស្រុង និងឆេះរថយន្តតូយ៉ូតា ព្រូស របស់គាត់ ១គ្រឿង ដែលចតនៅក្បែរនោះ បណ្តាលឱ្យខូចអស់មួយកំណាត់ក្រោយទៀតផង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាជួយដងទឹកជះពន្លត់ តែមិនឈ្នះ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទាំងស្រុង ដោយមិន រាលដាលដល់ផ្ទះ និងមិនបណ្តាលឱ្យមនុស្សណាម្នាក់ រងគ្រោះឡើយ៕

