ខេត្តកំពង់ចាម ៖ រថយន្តសាំងយ៉ុង ដឹកអ្នកដំណើរ ១គ្រឿង កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែឆ្លងភ្លើង កើតជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរខូចខាតអស់ទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ករណីភ្លើងឆេះរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ។
តាមប្រភពនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា រថយន្តដែលរងការឆាបឆេះ ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7343 ម្ចាស់រថយន្តឈ្មោះព្រហ្ម កុសល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរង ទទួលផែនការងារគ្រប់ គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងជំនាញអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង ចុះអន្តរាគមន៍ពន្លត់ភ្លើង ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ។

ក្នុងករណីនេះបណ្តាលឱ្យឆេះរថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7343 និងសម្ភារៈខោអាវនៅលើរថយន្តមួយចំនួន។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្ត។

ទោះជាយ៉ាងណា ករណីនេះ មិនបណ្តាលឱ្យរាលដល់លំនៅឋានប្រជាពលរដ្ឋ ឬរបួសដល់មនុស្សឡើយ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចំនួន១គ្រឿង និងប្រើប្រាស់ទឹក អស់ចំនួន ១រថយន្ត៕