ភ្នំពេញ ៖ ភ្លៀងមួយមេ បានធ្លាក់គ្របដណ្តប់ស្ទើរទូទាំងរាជធានីភ្នំពេញ ស្របពេលនោះ មានខ្យល់កន្ត្រាក់ បោកបក់ធ្វើឱ្យរលំដើមក្ងោក ១ដើម សង្កត់រថយន្ត ១គ្រឿង ដែលម្ចាស់ចតឈប់ហាត់ប្រាណ បណ្តាលឱ្យខូចខាតធ្ងន់ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្បែរសួន នាគបាញ់ទឹក តាមផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
រថយន្តដែលត្រូវដើមក្ងោកបាក់សង្កត់ បណ្តាលឱ្យរងការខូចខាត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-4458។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-4458 ទៅឈប់ចតនៅក្រោមដើមក្ងោក ទីតាំងកើតហេតុ ដូចសព្វដង រួចចុះដើរទៅហាត់ប្រាណ នៅលើសួននាគបាញ់ទឹក។ ខណៈនោះ មេឃងងឹត ធ្លាក់ភ្លៀងលាយខ្យល់កន្ត្រាក់ផង ធ្វើឱ្យដើមក្ងោក១ដើមខាងលើ បានដួលរលំរលើងទាំងឫស សង្កត់លើរថយន្តខាងលើ បណ្តាលឱ្យរងការខូចខាតតែម្តង។ ប៉ុន្តែយ៉ាងណា ហេតុការណ៍ខាងលើ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះទៅអន្តរាគមន៍ កាត់ដើមក្ងោកនាះចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។ រីឯរថយន្ត ត្រូវបានម្ចាស់ទាក់ទងហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុល៕
