ភ្នំពេញ ៖ បុរសម្នាក់ ជាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ បានជំពាក់ប្រាក់ថ្លៃក្រដាសកាតុង ថៅកែជនជាតិចិន ម្នាក់ទៀត ជាង៣ម៉ឺនដុល្លារ រយៈពេល ជាង ១ឆ្នាំ មកហើយ អត់សង បន្ទាប់មក បុរសជនជាតិចិន ម្នាក់ទៀត ដែលជាប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុង បានមកទារលុយ ដល់រោងចក្រ ធ្វើឱ្យកើតមានជម្លោះពាក្យសម្តី ត្រូវថៅកែរោងចក្រ និងកូនប្រុស ចាប់វាយ ធ្វើឱ្យប្រធានផ្នែកទីផ្សារ ដែលជាអ្នកមកទារបំណុល ភ័យ រត់ឡើងរថយន្ត បើករត់ ស្រាប់តែជ្រុលបុកថៅកែរោងចក្រ បណ្តាលឱ្យរបួសធ្ងន់ និងបានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ។ហេតុការណ៍អំពើហិង្សា និងបើករថយន្តបុកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អូឡៃហ្វា ខេមបូឌា ហ្គាមិន ខូអិលធីឌី ដែលមានទី តាំងនៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ស៊ូ គួនអាង (Xu Kuonang) អាយុ៥៤ឆ្នាំ ជាជនជាតិចិន និងជាថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ អូឡៃហ្វា ខេមបូឌា ហ្គាមិន ខូអិលធីឌី ដែលមានទីតាំងនៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ និងជាកូនបំណុល (ជំពាក់ប្រាក់ជាង៣ម៉ឺនដុល្លារ)។ ចំណែកជនបង្កហេតុ ដែលទៅទារបំណុលពីជនរងគ្រោះ និងបើករថយន្តបុក បណ្តាលឱ្យជនរងគ្រោះស្លាប់ មានឈ្មោះ ចាង ទួន (Zhang Tuon) អាយុ ៣៦ឆ្នាំ ជាជនជាតិចិន និងជាប្រធានផ្នែកទីផ្សារ នៅរោងចក្រផលិតកាតុង HE CHENG XING PACKAGING (CAMBODIA) CO., LTD.) ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើយ សមត្ថកិច្ចបានទទួលដំណឹងថា មានករណីជនជាតិចិន ម្នាក់ បើករថយន្តបំបុកជនជាតិចិន ដូចគ្នាម្នាក់ទៀត ដែលជាថៅកែរោងចក្រ ផ្ទប់ជញ្ជាំងរោងចក្រ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានកូនប្រុស បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្រោយមកបានស្លាប់។បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះទៅធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ ទើបដឹងថា ជារឿងជនរងគ្រោះ និងកូនប្រុស វាយអ្នកទៅទារបំណុល ហើយអ្នកទារបំណុលភ័យ បើករថយន្តរត់ជ្រុល ទៅបុកជនរងគ្រោះ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ បុរសជនជាតិចិន ដែលមានតួនាទីជាប្រធានផ្នែកទីផ្សាររោងចក្រផលិតក្រដាសកាតុង បានបើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា រ៉ាស់ ទៅទារប្រាក់ពីថៅកែរោងចក្រ (ជនរង គ្រោះដែលស្លាប់) ដល់ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ អូឡៃហ្វា ខេមបូឌា ហ្គាម៉ន ខូអិលធីឌី។ ប្រាក់ដែលជំពាក់នោះ មានចំនួន ៣៤០០០ដុល្លារ ថ្លៃទិញក្រដាសកាតុង ហើយរយៈពេលជាង ១ឆ្នាំមកហើយ មិនទាន់បានទូទាត់នៅឡើយ។ លុះពេលទៅដល់ ថៅកែរោងចក្រ បានប្រាប់ថា សងខ្លះ ប៉ុន្តែម្ចាស់បំណុល អត់ព្រមយក។ ខណៈនោះ ក៏មានការទាស់ពាក្យសម្តីគ្នា ហើយក៏ត្រូវថៅកែនោះ និងកូនប្រុសម្នាក់ ព្រួតវាយ ដោយកូនប្រុស ជាអ្នកចាប់ ឪពុកជាអ្នកវាយ។ ពេលនោះ ជនសង្ស័យមានការភិតភ័យ ក៏បាននិយាយថា ខ្លួនឈប់យកប្រាក់នោះហើយ។
ប្រភពខាងលើ បានបន្តថា ពេលនោះ ថៅកែរោងចក្រ ដែលជាកូនបំណុល បាននិយាយថា “អត់ទេ អញវាយឯងឱ្យងាប់តែម្តង” ស្របពេលមានស្ត្រីផ្នែកគណនេយ្យម្នាក់ បើកទ្វារបន្ទប់ចូលទៅ បុរសអ្នកទារប្រាក់ បានស្ទុះរត់ចេញក្រៅ ចុះទៅក្រោម ។ បន្ទាប់មក បុរសនោះបានរត់ចូលទៅក្នុងរថយន្ត ដើម្បីបើកចេញ ហើយត្រូវសន្តិ សុខបិទទ្វារ អត់ឱ្យចេញ រីឯជនរងគ្រោះ ជាថៅកែរោងចក្រ បានស្ទុះចេញទៅតាមកាក់រថយន្តរបស់បុរសនោះទៀត ទើបបុរសនោះ ព្យាយាមបើកទៅមុខ ហើយក៏ជ្រុលបុកថៅកែរោងចក្រនោះ ផ្ទប់ជញ្ជាំង បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំបញ្ជាកម្លាំង ឱ្យចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយពិនិត្យឃើញរថយន្តរបស់បុរសដែលជាអ្នកទារប្រាក់ និងជាអ្នកបើក រថយន្តបុកមនុស្សស្លាប់នោះ មានស្នាមខូចខាត ដោយ ការវាយផងដែរ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តបង្កហេតុ រួចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងបន្ត៕