ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទើបនឹងឡើងមកពីស្រុក ទៅដាក់ពាក្យធ្វើការនៅរោងចក្រ ១កន្លែង ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម ជាមុខសញ្ញាចោរទម្លាក់យោង បានដាក់ថ្នាំ ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទ អស់ពីខ្លួន ដែលមានតម្លៃសរុបជាង ១ពាន់ដុល្លារ ដោយក្រុមជនសង្ស័យបានប្រគល់ឱ្យនារីរងគ្រោះ នូវខ្សែកកាឡៃ ១ខ្សែ និងកាបូបអត់លុយ១ ធ្វើឱ្យនារីរងគ្រោះឈឺចិត្តស្អិតទ្រូង និងស្តាយទ្រព្យរបស់ខ្លួន បានអង្គុយទ្រហោយំ និងប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ មានឈ្មោះ ហ.ស.ជ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ និងទើបមកស្នាក់នៅផ្ទះជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរកការងារធ្វើ។ ចំណែកក្រុមចោរទម្លាក់យោង មានគ្នាចំនួន៥នាក់ (ប្រុស៣ ស្រី២) និងជិះម៉ូតូ មិនចាំម៉ាក ចំនួន៣គ្រឿង។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបាត់បង់គ្រឿងអលង្ការ រួមមាន ខ្សែដៃប្លាទីន ១ខ្សែ តម្លៃ៣០០ដុល្លារ ខ្សែកប្លាទីន ១ខ្សែ តម្លៃ១លាន ៦សែនរៀល និងទូរស័ព្ទ ម៉ាក iPhone 13 Pro Max ១គ្រឿង តម្លៃ៦០០ដុល្លារ។ ចំណែកថ្នូរដែលទទួលបានពីក្រុមចោរ មានកញ្ចប់មាស១ ដែលនៅក្នុងនោះមានខ្សែកកាឡៃ ១ខ្សែ និងកាបូបអត់លុយ១។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នារីរគ្រោះ បានទៅដាក់ពាក្យធ្វើការនៅរោងចក្រអា មេរិកាំង ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១។ លុះពេលដាក់ពាក្យ រួចហើយ នាងបានដើត្រលប់ទៅផ្ទះជួលវិញ។ ខណៈដើរបានបន្តិច ក៏បានជួបនឹងក្រុមជនសង្ស័យ ហើយពេលនោះជនសង្ស័យខ្លះ បានធ្វើជាមកសួរនាំនាងថា មានរើសបានកញ្ចប់មាសទេ? នាងឆ្លើយថា អត់ទេ! ស្រាប់តែមានជនសង្ស័យ មួយចំនួនទៀត ធ្វើជាមកប្រាប់ថា ខ្លួនរើសបានកញ្ចប់មាសនោះ ហើយប្រាប់ថា កុំឱ្យមាត់ ខ្លាចម្ចាស់គេដឹង និងប្រាប់ទៀតថា ចាំចែកគ្នា។

ប្រភពដដែល បន្តថា បន្ទាប់មក ក្រុមជនសង្ស័យ បានល្បួងនារីរងគ្រោះ ឱ្យឡើងជិះម៉ូតូជាមួយ ដើម្បីចែកមាសគ្នា លុះពេលទៅដល់ត្រង់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ពួកចោរ បានលួងលោមដោះយកខ្សែកប្លាទីន និងខ្សែដៃប្លាទីន ព្រមទាំងទូរស័ព្ទម៉ាក iPhone 13 Pro Max ពីខ្លួននាង។ បន្ទាប់មក ក្រុមចោរ បានប្រគល់ឱ្យកញ្ចប់មាស១ និងកាបូបលុយ១ មកឱ្យនាង រួចនាំគ្នាចាកចេញទៅបាត់អស់។ ក្រោយពេលក្រុមចោរចាកចេញទៅបាត់អស់ ទើបនាងបានស្រាយមាត់ថង់មាស មើល ស្រាប់តែឃើញនៅក្នុងថង់មាសនោះ មានតែខ្សែកកាឡៃ១ខ្សែ ចំណែកកាបូបលុយនោះ ក៏គ្មានលុយសូម្បីតែ ១រៀល ទើបនាងភ្ញាក់ដឹងខ្លួនថា នាងប្រហែល ជាត្រូវថ្នាំ និងចាញ់ល្បិចក្រុមជនសង្ស័យ តែអ្វីៗបានហួសពេលអស់ទៅហើយ ដោយក្រុមជនសង្ស័យ បានគេចបាត់អស់ ទើបនាងបានត្រឹមអង្គុយស្រែកទ្រហោយំបោកខ្លួន ព្រោះតែស្តាយទ្រព្យរបស់ដែលត្រូវក្រុមចោរ បោកអស់ពីខ្លួន។

ក្រោយកើតហេតុ នារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរកក្រុមជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕