Friday, December 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពាក្យធ្វើការមិនជាប់ បែរជាជាប់ខ្នោះ

ពាក្យធ្វើការមិនជាប់ បែរជាជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ បានទៅដាក់ពាក្យធ្វើការនៅរោងចក្រ ១កន្លែង តែសម្ភាសមិនជាប់ លុះចេញមកវិញ បែកគំនិតលួចម៉ូតូ ១គ្រឿង តែត្រូវបានសន្តិសុខ ប្រទះឃើញ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចរោងចក្រ អេសអេសអេច ស៊ីប៊ី សឺស្តែនណេប៊ល ហ្វេសិន ឯ.ក ស្ថិតក្នុងភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ កឹម សីហា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងអម្ពិល ឃុំត្រពាំងគង សំរោងទង ស្រុកសំរោងទង។ ចំណែកម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-5263 ជារបស់ឈ្មោះមាស រ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឈ្មោះប៉ាត លីម ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរសន្តិសុខរោងចក្រ អេសអេសអេច ស៊ីប៊ី សឺស្តែនណេប៊ល ហ្វេសិន ឯ.ក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះកឹម សីហា ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីយុវជនខាងលើ បានលួចម៉ូតូ ១គ្រឿង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះកឹម សីហា បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LF-3416 មកធ្វើតេស្តការងារនៅរោងចក្រខាងលើ ហើយបានផ្ញើម៉ូតូ នៅរោងសន្តិសុខ ក្នុងរោងចក្រ។ ក្រោយពេលតេស្តការងារមិនជាប់ ក៏ដើរមកយកម៉ូតូវិញ ហើយពេលនោះ ឃើញមានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KH-5263 ជារបស់ឈ្មោះមាស រ៉ន ភេទស្រី ទុកនៅក្បែរម៉ូតូរបស់ខ្លួន ភ្លេចដកសោម៉ូតូ ស្រាប់តែបែកគំនិតជិះម៉ូតូជនរងគ្រោះ ចេញពីរោងចក្រ មកផ្ញើនៅផ្ទះរបស់ឈ្មោះពៅ ពីន ហៅចំរើន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង។

ប្រភពខាងលើ បន្តថា លុះមកដល់វេលាម៉ោង ៨និង៣០នាទី ថ្ងៃដដែល ឈ្មោះកឹម សីហា បានខ្ចីម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-1740 ពីឈ្មោះពៅ ពីន ដោយប្រាប់ថា ទៅយកប្រពន្ធ នៅរោងចក្រ។ លុះជិះមកដល់រោងចក្រខាងលើ ក៏ត្រូវសន្តិ សុខបានឃាត់ខ្លួនតែម្តង និងដកហូតវត្ថុតាង ម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង (របស់ជនសង្ស័យ ១ គ្រឿង និងរបស់ជនរងគ្រោះ ១គ្រឿង) និងម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀន ១កញ្ចប់តូច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះប្រាកដ មែន។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES