Friday, December 12, 2025
Homeតារាខ្មែរសុខ ពិសី ចោលលុយលានដុល្លារ មាស សុខសោភា ប្រាប់បាលីការពារខ្លួន

សុខ ពិសី ចោលលុយលានដុល្លារ មាស សុខសោភា ប្រាប់បាលីការពារខ្លួន

ភ្នំពេញ ៖ តារាចម្រៀងសាច់សខ្ចី សុខ ពិសី បានប្រកាសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ការត្រៀមខ្លួនច្រៀងសម្ដែងរបស់នាង ឆាប់ៗនេះ (ខែធ្នូ)  ដែលមានជាច្រើនកម្មវិធីផ្សេងៗគ្នា នាងសម្រេចចិត្តលុបចោលទាំងអស់ និងថា ទោះជារកលុយបានរាប់លានដុលា្លរ ក៏មិនយកដែរ ។ ជាមួយគ្នានេះដែរ ពិសី ក៏បានអរគុណដល់ម្ចាស់កម្មវិធីទាំងអស់ ដែលយោគយល់ដល់នាង ខណៈរូបនាងផ្ទាល់ ក៏បានឧបត្ថម្ភទឹកប្រាក់ ចំនួន៥០០០ដុល្លារ ដើម្បីជួយដល់វីរកងទ័ព  និងជនភៀសសឹក ផងដែរ ។

  ចំណែកតារាចម្រៀង មាស សុខសោភា ភរិយាលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង មិនបានប្រកាសផ្អាកច្រៀងរាំ ដូចសុខ ពិសី ទេ ប៉ុន្ដែនាងបានបំផុសឲ្យមានការសូត្របាលី ការពារខ្លួនពីគ្រាប់កាំភ្លើង «មិធុតំអហំបាំងផាត់» និងផ្ដាំឲ្យសូត្រដោយចិត្តបរិសុទ្ធ ហាមជេប្រមាថមនុស្សដូចគ្នា ទើបមានប្រសិទ្ធភាព។

អ្នកលេងបណ្ដាញសង្គមខ្លះ បានសើចចំអកដល់សុខសោភា ថានៅពេលប្រទេសជាតិកំពុងមានសង្រ្គាម បង្កដោយចោរសៀម នាងបែរជាឲ្យបងប្អូនពឹងលើបាលីទៅវិញ ដែលបាលី ទាំងនោះ គេជឿថា នាងបានមកពីប្ដីនាង តាសក់សភ្នំត្បែង ។ ទោះជាយ៉ាងណា ក៏មាន Fan ខ្លះ នៅការពារសុខសោភា ថាតាមពិត នាងមានបំ ណងល្អទេ ហើយបើ «មិនជឿ កុំប្រមាថ» ព្រោះ «អាគម ផ្សំអាយុ»…។

  គួរបញ្ជាក់ថា ការលុបចោល Concerts ទាំងអស់ របស់សុខ ពិសី ហើយមាស សុខសោភា ស្នើឲ្យសូត្របាលី នាពេលនេះ កើតមានក្រោយពីយោធាសៀម បានបើកការវាយប្រហារសាជាថ្មី តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ តាមតំបន់ព្រំដែនកម្ពុជា-ថៃ បណ្ដាលឲ្យកងទ័ព និងជនស៊ីវិលកម្ពុជា មួយចំនួន បានបាត់បង់ជីវិត និងរងរបួស ដែលធ្វើឲ្យទាំងតារា និងមហាជនខ្មែរ មានការឈឺចាប់ជាខ្លាំង ចំពោះសកម្មភាពរបស់ទាហានសៀម ដែលឈ្លានពានខ្មែរ ម្ដងហើយម្ដងទៀត។

ក្រៅពីសុខ ពិសី តារាចម្រៀងពេជ្រ សោភា និងតារាល្បីៗមួយចំនួនទៀត ក្នុងនោះមានដូចជា លោកព្រាប សុវត្ថិ, ខេម, ខាន់ ជេមស៍, ម៉ៃ សុគន្ធ, ប៉ីប៉ី ឌី និងទេព បូព្រឹក្ស ជាដើម ក៏បានផ្អាកច្រៀងរាំ និងងាកទៅធ្វើមូលនិធិ ប្រមូលថវិកាជួយដល់កងទ័ពជូរមុខ និងពលរដ្ឋភៀសសឹក ដែលពេលនេះបានកើនដល់ទៅចំនួន ១៩ម៉ឺននាក់ទៅហើយ ។

  មហាជនសង្កេតឃើញថា សុខ ពិសី តែងតែសកម្មក្នុងការបរិច្ចាគថវិកា ជួយដល់សង្គមដែលលុយទាំងនោះ បានមកពីការច្រៀងសម្ដែងតាមឆាកនានា ដែលជាគំរូរល្អមួយសម្រាប់តារាខ្មែរ ។ សម្រាប់ការផ្អាកច្រៀងសម្ដែង លើកនេះ ពិសី មិនទាន់កំណត់វិលរកឆាកតន្រ្ដីវិញពេលណាទេ ប៉ុន្ដែតាមក្រុមការងារសាន់ដេ បង្ហើបថា ទាល់តែស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ធូរស្រាល ស្ងាត់ផ្ទុះអាវុធ ទើបនាងគិតគួរឡើងឆាកវិញ។

  ចំណែកមាស សុខសោភា តាំងពីក្លាយជាភរិយាតាសក់សភ្នំត្បែង ជាង៥ខែ មកនេះនាងតែតែប្រើការសមាធិ ពឹងលើព្រះធម៌ និងបាលី ច្រើនជាងធ្វើសកម្មភាពផ្សេងៗដូចតារាមួយចំនួនទៀត។ សុខសភា ដែលគេសង្ស័យថា កំពុងតែពពោះកូនទី១ តំណក់ឈាមតាសក់សភ្នំត្បែង នោះ នាងមានព្រលឹងជាងមុន ហើយមិនទាន់មានបទចម្រៀងណាចេញថ្មី ផ្ទុះទេ ព្រោះគេឃើញនាងមមាញឹកច្រើនទៅលើការជួយថតវីដេអូ ពេលប្ដីធ្វើការពន្យល់ពីប្រវត្តិរូបចម្លាក់ តាមប្រាសាទនានា ។

សម្រាប់សុខ ពិសី នាងមិនចេះសីលមន្ដអាគមបាលី ដូចមាស សុខសោភា និងប្ដីទេ ហេតុនេះហើយ ឲ្យតែឮថាកងទ័ព និងពលរដ្ឋខ្មែរ ត្រូវទាហានសៀម បាញ់ប្រហារ នាងយំលើឆាកតែម្ដង ។ អ៊ីចឹងហើយបានជាពេលប្រទេសជាតិ កំពុងរងទុក្ខ ព្រោះចោរសៀមឈ្លានពាន នាងថា ទោះជាច្រៀងបានលុយ រាប់លានដុល្លារ ក៏នាងមិនត្រូវការដែរ ៕

RELATED ARTICLES