ខេត្តកំពង់ចាម ៖ វីរកងទ័ពជួរមុខ ១រូប ដែលជាប់ភារកិច្ចការពារអធិបតេយ្យដែនដីជាតិខ្មែរ នៅសមរភូមិជួរមុខ (តំបន់មុំបី ទិសប្រាសាទព្រះវិហារ) បានសន្យាជាមួយកូនស្រីរបស់ខ្លួនថា ខែធ្នូ នេះ នឹងចុះមកលេងផ្ទះ ហើយនាំប្រពន្ធនិងកូន ទៅលេងសមុទ្រ។ លុះដល់ថ្ងៃកំណត់ បែរជាឃើញឡានដឹកសពឪពុក មកផ្ទះវិញ ធ្វើឱ្យប្រពន្ធកូន ទួញយំសោក រន្ធត់ចិត្តគ្រប់ៗគ្នា។


វីរកងទ័ពពលី មានឈ្មោះហែន ភីណា ហៅគា អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកវរសេនីយ៍ត្រី ហែន ភីណា ជាវីរកងទ័ព បម្រើការនៅវរៈ៣៩៤ ចំណុះកងពលលេខ៩ លោកបានពលី កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសមរភូមិមុំបី ទិសប្រាសាទព្រះវិហារ ដោយសារការបាញ់ប្រហារពីទាហានសៀមឈ្លានពាន។

កូនស្រីរបស់វីរកងទ័ពពលីខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា “កូនមិនហ៊ានស្រក់ទឹកភ្នែក នៅមុខម៉ាក់ទេប៉ា ព្រោះកូន ដឹងថា ប៉ាមិនចង់ឃើញម៉ាក់ពិបាកចិត្ត ហើយស្រក់ទឹកភ្នែកទេ ដូច្នេះហើយ ទើបកូនមិនហ៊ានឱ្យម៉ាក់ឃើញកូនហូរទឹកភ្នែក។ ប៉ាប្រាប់កូនថា ចាំខែ១២ ប៉ាចុះមកលេងកូន ឥឡូវខែ១២មែន ប៉ាចុះមក តែប៉ាចុះមកលើកនេះ ហេតុអ្វីក៏ប៉ាធ្វើឱ្យកូនស្រីម្នាក់នេះហូរទឹកបែបនេះ? មិនមានឱកាសសូម្បីតែបាននិយាយលាប៉ាលើកចុងក្រោយ។ ប៉ាអើយ! តើប៉ាឈឺចាប់ខ្លាំងប៉ុនណាទៅ? រងាខ្លាំងប៉ុនណាទៅ? មានតែខោខ្លីមួយគត់ មកដល់ផ្ទះ។ ប៉ាស្រេកទឹក ប៉ាចេញទៅយកទឹកហូបតែបន្តិចសោះ ហេតុអ្វីបានជាបែបនេះ? សូម្បីតែទឹក ក៏ប៉ាមិនបានហូបជាលើកចុងក្រោយផង។ លោកឪពុកដ៏កម្សត់ ដ៏ក្លាហានរបស់កូនអើយ! បើទេវតា មានពិត សូមយកខ្ញុំទៅជំនួសប៉ាខ្ញុំ ក៏បានដែរ ឬក៏កាត់អាយុខ្ញុំ ឱ្យទៅប៉ាខ្ញុំ ជំនួស២០-៣០ឆ្នាំ ក៏បាន ខ្ញុំព្រមទាំងអស់ ឱ្យតែប៉ាខ្ញុំ ងើបមកនិ យាយជាមួយកូន។ ពាក្យដែលប៉ាតែងតែនិយាយជាមួយកូន គឺពាក្យថា កូនស្រីសម្លាញ់ចិត្តប៉ា…”។


កូនស្រីវីរកងទ័ព ហែន ភីណា បានបន្តថា “ប៉ាល្អណាស់ ហេតុអ្វីប៉ាដាច់ចិត្តទៅចោលកូនស្រីម្នាក់នេះទៅរួច? ប៉ាសន្យាថា ខែ១២ ប៉ាមកផ្ទះវិញហើយ ចាំនាំម៉ាក់ដើរលេងជុំគ្នា ហេតុអ្វីប៉ាភ្លេចសន្យាបែបនេះប៉ា…”។


កូនស្រីវីរកងទ័ពពលី បានបន្ថែមថា “លោកឪពុកដ៏កម្សត់របស់កូនអើយ! មិនដឹងថា ប៉ាឈឺចាប់យ៉ាងណាទេ បើអាចកាត់ជីវិតកូនបាន កូនសូមលះបង់ជីវិតកូន ១០ឆ្នាំ ឱ្យប៉ា ឱ្យតែប៉ាងើបមករកកូនវិញ…”៕


