Friday, December 12, 2025
Homeចរាចរណ៍បើកឡានបុករះ ខ្ទេច៣គ្រឿង

បើកឡានបុករះ ខ្ទេច៣គ្រឿង

ភ្នំពេញ ៖ រថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តបន្តកន្ទុយគ្នា ចំនួន២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាត តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបឫស្សីសាញ់ តាមផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាក Changan ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CS-6531 ជារបស់ក្រុមហ៊ុនតាក់ស៊ីមួយ បើកដោយបុរសម្នាក់ និង១គ្រឿងទៀតម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-1869 ជិះដោយប្តីប្រពន្ធ ២នាក់ បានបើកមកឈប់រង់ចាំភ្លើងស្តុបតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត ស្រប ពេលនោះ ស្រាប់តែបុរសម្នាក់បានបើករថយន្តទំនើប ១គ្រឿង ម៉ាក Lexus NX-200T ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2BX-5820 ក្នុងទិសដៅស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តនៅខាងមុខ រុញផ្ទុបបន្តកន្ទុយគ្នា បណ្តាលឱ្យរថយន្តតាក់ស៊ី ម៉ាក Changan ខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តម៉ាកសាំងយ៉ុង រងការខូចខាតផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ ដោយឡែក រថយន្តបង្កហេតុ ម៉ាក Lexus NX-200T រងការខូចខាតខ្ទេចផ្នែកខាងមុខ តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ធ្វើការបាញ់ថ្នាំសម្គាល់ទីតាំងកើតហេតុ និងឱ្យភាគីទាំងសងខាង យកមធ្យោបាយអែបកៀន ហើយធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មក ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយមានខាងក្រុមហ៊ុនធានារ៉ាប់រង ចូលរួមផងដែរ ខាងរថយន្តឡិចស៊ីស បានយករថយន្តទាំង២គ្រឿង ទៅជួសជុលឱ្យដើម្បីបញ្ចប់រឿង៕

RELATED ARTICLES